យេរេមា 49:7-39
យេរេមា 49:7-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីសាសន៍អេដុម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ? ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតយើងនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលយើងនឹងធ្វើទោសដល់គេ។ បើមានពួកសម្រាប់បេះផ្លែទំពាំងបាយជូរមកឯអ្នក តើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ? បើចោរមកនៅពេលយប់ តើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬ? ប៉ុន្តែ យើងបានធ្វើឲ្យអេសាវអាក្រាតនៅទទេ យើងបានបើកកេរខ្មាសគេឲ្យឃើញ គេមិនអាចបិទបាំងខ្លួនបានទេ ពូជពង្សរបស់គេត្រូវបំផ្លាញហើយ ព្រមទាំងបងប្អូន និងអ្នកជិតខាងគេ ឯខ្លួនគេក៏មិននៅទៀតដែរ។ ចូរលះចោលកូនកំព្រារបស់អ្នកចុះ យើងនឹងចិញ្ចឹមគេឲ្យរស់ ហើយត្រូវឲ្យពួកមេម៉ាយរបស់អ្នកទុកចិត្តនឹងយើងទៅ»។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកអ្នកដែលមិនមានទោសដែលត្រូវផឹកពីពែង នោះនឹងត្រូវផឹកជាមិនខាន ចុះអ្នកវិញ តើអាចរួចពីទោសទាំងអស់ឬទេ? អ្នកមិនអាចរួចខ្លួនទេ គឺអ្នកនឹងត្រូវផឹកពីពែងនេះជាមិនខាន។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្បថនឹងខ្លួនយើងថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្ដាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ»។ ខ្ញុំបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គក៏បានចាត់ទូតមួយឲ្យទៅឯ សាសន៍ទាំងប៉ុន្មានប្រាប់ថា៖ «ចូរមូលគ្នាមកទាស់នឹងគេ ហើយលើកគ្នាទៅច្បាំងចុះ។ ដ្បិត មើល៍! យើងបានធ្វើឲ្យអ្នកតូច នៅកណ្ដាលពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យមនុស្សទាំងឡាយមើលងាយអ្នកផង។ ឯសេចក្ដីគួរស្ញែងខ្លាចរបស់អ្នកនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តអ្នក បានបញ្ឆោតខ្លួនទេ ឱអ្នកដែលអាស្រ័យនៅក្រហែងថ្ម ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើអ្នកធ្វើសម្បុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែយើងនឹងទម្លាក់អ្នកចុះពីនោះមកដែរ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ស្រុកអេដុមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយធ្វើស៊ីសស៊ូស ដោយព្រោះអស់ទាំងសេចក្ដីវេទនារបស់ស្រុកនោះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «គ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ។ មើល៍ នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះយើងនឹងតម្រូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលនឹងអាចឈរនៅមុខយើងបាន?»។ ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សានៃព្រះយេហូវ៉ា ដែលព្រះអង្គបានសម្រេចទាស់នឹងស្រុកអេដុម និងតម្រិះដែលព្រះអង្គបានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។ ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសម្រែកដែលឮរហូតដល់សមុទ្រក្រហម ។ គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តរបស់មនុស្សខ្លាំងពូកែនៅស្រុកអេដុមនឹងឈឺចាប់ដូចជាស្រីដែលហៀបនឹងសម្រាលកូន។ ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេ ដូចជាសមុទ្រដែលកម្រើកឡើង និងឲ្យស្ងប់វិញមិនបាន។ ក្រុងដាម៉ាសបានក្លាយទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្ដីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្ដីថប់ព្រួយ និងសេចក្ដីទុក្ខវេទនា ដូចជាស្រីដែលឈឺហៀបនឹងសម្រាលកូន។ ទីក្រុងគួរសរសើរ ជាទីរីករាយដល់យើង ដូចម្តេចបានជាគេមិនសំចៃទុកអ្នកដូច្នេះហ្ន៎។ ហេតុនោះ ពួកកំលោះៗរបស់ក្រុង នោះនឹងដួលនៅតាមផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ យើងនឹងបង្កាត់ភ្លើងនៅក្នុងកំផែងក្រុងដាម៉ាស ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌ។ ពីពួកកេដារ និងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរក្រោកឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ។ ពួកខ្មាំងសត្រូវនឹងចាប់យកត្រសាល និងហ្វូងចៀមរបស់គេ ក៏យកវាំងនន អស់ទាំងភាជនៈ និងសត្វអូដ្ឋរបស់គេ ទៅធ្វើជារបស់ខ្លួន ហើយមនុស្សនឹងស្រែកប្រាប់គេថា មានសេចក្ដីស្ញែងខ្លាច នៅគ្រប់ទិសហើយ។ ឱអ្នករាល់គ្នាជាពួកអ្នកស្រុកហាសោរអើយ ចូររត់ទៅ ចូរដើរសាត់ព្រាត់ទៅឲ្យឆ្ងាយ ត្រូវជ្រកនៅរអាងយ៉ាងជ្រៅចុះ ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានប្រឹក្សាការ ហើយកើតមានគំនិតទាស់នឹងអ្នក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូរក្រោកទៅឯសាសន៍មួយដែលអាចរស់នៅបានសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ។ ហ្វូងអូដ្ឋ និងហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងត្រូវគេប្លន់យក យើងនឹងកម្ចាត់កម្ចាយពួកអ្នក ដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនាំសេចក្ដីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរស្រុកអេឡាំ នៅដើមរជ្ជកាលព្រះបាទសេដេគា ស្តេចយូដាថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ យើងនឹងបំបាក់ធ្នូរបស់ពួកអេឡាំ គឺជាដើមកម្លាំងរបស់គេ។ យើងនឹងនាំខ្យល់មកពីទិសទាំងបួន ធ្លាក់លើស្រុកអេឡាំ ហើយកម្ចាត់កម្ចាយគេទៅគ្រប់ទិសទាំងបួននោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ។ យើងនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាសេចក្ដីក្រោធដ៏សហ័សរបស់យើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីង។ យើងនឹងតាំងបល្ល័ង្កយើង នៅស្រុកអេឡាំ ហើយបំផ្លាញទាំងស្តេច និងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ប៉ុន្តែ ដល់គ្រាក្រោយ យើងនឹងនាំពួកអេឡាំ ដែលនៅជាឈ្លើយឲ្យមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 49:7-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ? អ្នកក្រុងដេដាន់អើយ ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ! ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន ដល់ពូជពង្សរបស់អេសាវ គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។ ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ស្រុកអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់ គេនឹងយកអ្វីៗដែលគេអាចយកបាន។ យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវ យើងនឹងបើកកកាយកន្លែងដែលគេពួន គឺគេពុំអាចពួនតទៅទៀតបានឡើយ។ ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេ នឹងត្រូវអន្តរាយ។ គ្មាននៅសល់នរណាម្នាក់ពោលថា: “កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ ខ្ញុំនឹងចិញ្ចឹមពួកវា ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ ក៏អាចទុកចិត្តលើខ្ញុំដែរ”»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក! យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ប្រទានដំណឹងមកខ្ញុំ ព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសហៅប្រជាជាតិនានាថា ចូរប្រមូលគ្នាមកប្រហារស្រុកអេដុម ចូរក្រោកឡើង វាយលុកស្រុកនេះទៅ! «អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅ ជាប្រជាជាតិមួយតូចជាងគេ ជាប្រជាជាតិដែលមនុស្សលោកមើលងាយ។ ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ស្រុកអេដុមនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះនឹងព្រឺសម្បុរ ហើយស្រឡាំងកាំង ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្រុកអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗនៅជុំវិញ ដែលត្រូវវិនាសអន្តរាយ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យនៅដែរ។ សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី ស្រុកអេដុមរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»។ ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល ព្រះអម្ចាស់សម្រេចធ្វើចំពោះស្រុកអេដុម និងគម្រោងការដែលព្រះអង្គគ្រោងទុក ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន! សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។ ពេលស្រុកអេដុមរលំ ផែនដីក៏កក្រើក សម្រែករបស់គេលាន់ឮរហូតដល់សមុទ្រកក់។ សត្រូវមកវាយប្រហារ ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិអេដុម នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន»។ នេះជាព្រះបន្ទូលស្ដីអំពីក្រុងដាម៉ាស។ «អ្នកក្រុងហាម៉ាត់ និងអ្នកក្រុងអើផាត ត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អ ពួកគេញ័ររន្ធត់យ៉ាងខ្លាំង ពួកគេអន្ទះអន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោល គ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ។ អ្នកក្រុងដាម៉ាសធ្លាក់ទឹកចិត្ត ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន ពួកគេភ័យតក់ស្លុតឈឺចុកចាប់ អន្ទះអន្ទែងដូចស្ត្រីហៀបនឹងសម្រាលកូន។ តើក្រុងដ៏ល្បីល្បាញ ក្រុងដ៏សប្បាយនេះ ត្រូវគេបោះបង់ចោលមែនឬ? នៅថ្ងៃនោះ ពួកយុវជនដួលស្លាប់នៅតាមផ្លូវ ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ យើងនឹងដុតកំពែងក្រុងដាម៉ាស ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់ ស្ដេចបេនហាដាដ»។ នេះជាព្រះបន្ទូលស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបាន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារ ចូរកម្ទេចពួកអ្នកស្រុកខាងកើតនោះ ឲ្យអន្តរាយទៅ! ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ អីវ៉ាន់ និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ ចូរស្រែកដាក់ពួកគេថា ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង! អ្នកស្រុកហាសោរអើយ ចូរនាំគ្នារត់គេចខ្លួនយ៉ាងលឿន ហើយពួនក្នុងរូងភ្នំទៅ! ដ្បិតនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានសម្រេចរៀបចំគម្រោងការវាយប្រហារ អ្នករាល់គ្នាហើយ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ គេរស់នៅដាច់តែឯង។ ខ្មាំងសត្រូវនឹងដណ្ដើមយកហ្វូងអូដ្ឋរបស់ពួកគេ ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន របស់ពួកគេ ទុកជាជយភណ្ឌទៀតផង។ យើងនឹងកម្ចាត់ប្រជាជនដែលកោរជើងសក់ ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់ យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទី កើតមានដល់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ស្រុកហាសោរនឹងក្លាយទៅជាជម្រករបស់ឆ្កែព្រៃ ជាទីស្មសានរហូតតទៅ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានមនុស្សណាមកជ្រកអាស្រ័យ នៅទៀតដែរ»។ នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីស្រុកអេឡាំដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងកាច់បំបាក់ធ្នូ ជាអាវុធដ៏ល្បីល្បាញ របស់ជនជាតិអេឡាំ។ យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស បក់មកលើស្រុកអេឡាំ យើងឲ្យខ្យល់ទាំងនោះកម្ចាត់ពួកគេ ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ជនជាតិអេឡាំទៅនៅក្នុងចំណោម ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។ យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់ នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងនាំទុក្ខវេទនាមកលើពួកគេ ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ រហូតទាល់តែប្រល័យជីវិតពួកគេ អស់គ្មានសល់។ យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- ប៉ុន្តែ នៅគ្រាក្រោយ យើងនឹងស្ដារស្រុកអេឡាំឡើងវិញ»។
យេរេមា 49:7-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវឲ្យទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតអញនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលអញនឹងធ្វើទោសដល់គេ បើមានពួកសំរាប់បេះផ្លែទំពាំងបាយជូរមកឯឯង នោះតើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ បើចោរមកនៅពេលយប់ នោះតើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬអី ប៉ុន្តែឯអញៗបានធ្វើឲ្យអេសាវអាក្រាតនៅទទេ អញបានបើកកេរខ្មាសគេឲ្យឃើញផង គេនឹងមិនអាចបិទបាំងខ្លួនបានទេ ពូជពង្សគេត្រូវបំផ្លាញហើយ ព្រមទាំងបងប្អូន នឹងអ្នកជិតខាងគេផង ឯខ្លួនគេក៏មិននៅទៀតដែរ ចូរលះចោលកូនកំព្រារបស់ឯងចុះ អញនឹងចិញ្ចឹមវាឲ្យរស់នៅ ហើយត្រូវឲ្យពួកមេម៉ាយរបស់ឯងទុកចិត្តនឹងអញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល ពួកអ្នកដែលមិនមានទោសជាត្រូវផឹកពីពែង នោះនឹងត្រូវផឹកវិញជាមិនខាន ឯឯងតើជាអ្នកដែលនឹងអាចរួចពីទោសទាំងអស់ឬ ឯងមិនត្រូវនៅជាឥតទោសទេ គឺឯងនឹងត្រូវផឹកពីពែងនេះជាពិតវិញ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានស្បថនឹងខ្លួនអញថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្តាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ។ ខ្ញុំបានឮដំណឹងមកពីព្រះយេហូវ៉ា ទ្រង់ក៏បានចាត់ទូត១ឲ្យទៅឯសាសន៍ទាំងប៉ុន្មានប្រាប់ថា ចូរមូលគ្នាមកទាស់នឹងគេ ហើយលើកគ្នាទៅច្បាំងចុះ ដ្បិតមើលអញបានធ្វើឲ្យឯងជាយ៉ាងតូច នៅកណ្តាលពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យមនុស្សទាំងឡាយមើលងាយឯងផង ត្រង់ឯសេចក្ដីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ស្រុកអេដំមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះអស់ទាំងសេចក្ដីវេទនារបស់ស្រុកនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សានៃព្រះយេហូវ៉ា ដែលទ្រង់បានសំរេចទាស់នឹងស្រុកអេដំម នឹងដំរិះដែលទ្រង់បានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំម នឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។ ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត នឹងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង នឹងឲ្យស្ងប់វិញមិនបាន ក្រុងដាម៉ាសបានទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្ដីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្ដីថប់ព្រួយ នឹងសេចក្ដីទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសំរាលកូន ទីក្រុងគួរសរសើរ ជាទីរីករាយដល់អញ ដូចម្តេចបានជាគេមិនសំចៃទុកឯងដូច្នេះហ្ន៎ ហេតុនោះ ពួកកំឡោះៗរបស់ក្រុងនោះនឹងដួលនៅក្នុងផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយអញនឹងបង្កាត់ភ្លើងឡើងនៅក្នុងកំផែងក្រុងដាម៉ាស ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ។ ពីពួកកេដារ នឹងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ ពួកខ្មាំងសត្រូវនឹងចាប់យកត្រសាល នឹងហ្វូងចៀមរបស់គេ ក៏នឹងដឹករនាំង អស់ទាំងភាជនៈ នឹងសត្វអូដ្ឋរបស់គេ ទៅទុកសំរាប់ខ្លួន ហើយមនុស្សនឹងស្រែកប្រាប់គេថា មានសេចក្ដីស្ញែងខ្លាចនៅគ្រប់ទិសហើយ ឱឯងរាល់គ្នាជាពួកអ្នកស្រុកហាសោរអើយ ចូររត់ទៅ ចូរដើរសាត់ព្រាត់ទៅឲ្យឆ្ងាយ ត្រូវឲ្យជ្រកនៅរអាងយ៉ាងជ្រៅចុះ ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានប្រឹក្សាការ ហើយកើតមានគំនិតទាស់នឹងឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរក្រោកឡើងៗទៅឯសាសន៍១ដែលនៅជាសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ ហ្វូងអូដ្ឋរបស់គេនឹងបានជារបឹប ហើយហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងបានជារបស់សំរាប់ប្លន់ អញនឹងកំចាត់កំចាយពួកអ្នកដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនឹងនាំសេចក្ដីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា នោះក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរស្រុកអេឡាំ នៅដើមរាជ្យនៃសេដេគា ស្តេចយូដា ថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះមើល អញនឹងបំបាក់ធ្នូរបស់ពួកអេឡាំ គឺជាដើមកំឡាំងរបស់គេ អញនឹងនាំខ្យល់ទាំង៤ឲ្យមកពីទាំង៤ទិស ធ្លាក់លើស្រុកអេឡាំ ហើយនឹងកំចាត់កំចាយគេទៅគ្រប់ទិសទាំង៤នោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ អញនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាសេចក្ដីកំហឹងដ៏សហ័សរបស់អញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីងទៅ អញនឹងតាំងបល្ល័ង្កអញ នៅស្រុកអេឡាំ ហើយនឹងបំផ្លាញទាំងស្តេច នឹងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែដល់ជាន់ក្រោយ នោះអញនឹងនាំពួកអេឡាំ ដែលនៅជាឈ្លើយឲ្យមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។