យេរេមា 48:1-47

យេរេមា 48:1-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​បន្ទូល​ស្ដី​ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ វេទនា​ដល់​ក្រុង​នេបូរ ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​បំផ្លាញចោល សាសន៍​ម៉ូអាប់​លែង​មានកេរ្ត៍​ឈ្មោះ​ទៀត​ហើយ។ នៅ​ក្នុង​ក្រុង​ហែសបូន គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា៖ មក៍ យើង​កាត់​គេ​ចេញ​ពីសាសន៍​ទៅ ឱ​ម៉ាតម៉ែន​អើយ អ្នក​ក៏​ដែរ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ ដាវ​នឹង​ដេញ​តាម​អ្នក។ មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច‌បង់ ហើយ​បំផ្លាញ​យ៉ាង​សម្បើម ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ។ ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម នោះ​មាន​ឮ​សម្រែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ។ ចូរ​រត់​ទៅ​ឲ្យ​រួច​ជីវិត​ចុះ ត្រូវ​រស់​នៅ​ដូច​ជា​ដើម​ឈើ​សោះ​កក្រោះ​នៅ​ទី​រហោ‌ស្ថាន ដ្បិតអ្នក​បាន​ទុក​ចិត្ត​នឹងកិច្ច​ការ​របស់​អ្នក និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក បាន​ជា​អ្នក​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ និង​ពួកមន្ត្រី​ទាំង​អស់​ដែរ។ មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង ឥត​មាន​ណា​មួយ​រួច​ឡើយ ឯ​ច្រក​ភ្នំ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។ ចូរ​ឲ្យ​ម៉ូអាប់​មាន​ស្លាប​ចុះ ដើម្បី​ឲ្យ​បាន​ហើរ​ទៅ​ឲ្យ​រួច ដ្បិត​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កម្ចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្ដាសា​ដែរ។ សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់តាំង​ពី​ក្មេង​មក គេ​បាន​រង​នៅ​លើក​ក​របស់​គេ ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​មួយ​ទៅ​ដល់​ដប​មួយ​ទៀត ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ ហេតុ​នោះ​បាន​ជា​គេ​មាន​រស​ជាតិ​នៅ​ដូច​ដដែល ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​ចាត់​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ។ ពេល​នោះ ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ។ ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​ថា៖ យើង​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង? ស្រុក​ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ ទី​ក្រុង​របស់​គេ​បាន​ហុយ​ឡើង​ជា​ផ្សែង ពួក​កំលោះៗ​ដ៏​ក្លាហាន​របស់​គេ​នឹង​ត្រូវ​គេ​សម្លាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រដែល​ព្រះ‌អង្គ​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ សេចក្ដី​អន្តរាយ​របស់​សាសន៍​ម៉ូអាប់​ជិត​មក​ដល់​ហើយ សេចក្ដី​វេទនា​របស់​គេ​ក៏​ប្រញាប់​រួស‌រាន់​ដែរ។ អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​គេ​អើយ ចូរ​យំ​ទួញ​នឹង​គេ​ចុះ ហើយ​អ្នក​រាល់​គ្នា ដែល​ស្គាល់​ឈ្មោះ​គេ​អើយ ចូរ​ពោល​ថា៖ ដំបង​ខែង​មាំ​នោះ​បាន​បាក់​យ៉ាង​ណា​ហ្ន៎ ជា​ដំបង​រុងរឿង​ផង។ ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​អ្នក​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​អ្នក​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​អ្នក។ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា៖ តើ​មាន​អ្វី​កើត​ឡើង? សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា៖ ម៉ូអាប់​ត្រូវ​ខូច‌បង់​ហើយ។ ការ​សម្រេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត លើ​ឌីបូន នេបូរ បេត-ឌីប្លាថែម លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន ហើយ​លើកេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ។ ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កម្អួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ដែរ។ តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​អ្នក​ឬ? តើ​បាន​ឃើញ​គេ​នៅ​កណ្ដាល​ពួក​ចោរ​ឬ? ដ្បិត​វេលា​ណា​ដែល​អ្នក​និយាយ​ពី​គេ នោះ​អ្នក​ចេះ​តែ​គ្រវី​ក្បាល។ ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សម្បុក​នៅ​មាត់​ចម្រេះ​រអាង។ យើង​បាន​ឮ​និយាយ​ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា៖ គេ​អួត‌អាង​ខ្លាំង​ណាស់ គេ​មាន​អំនួត គេ​វាយ‌ឫក និងមាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ដែរ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ស្តាប់​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ មិន​ជា​អ្វី​ទេ អស់​ទាំង​សេចក្ដី​អំនួត​របស់​គេ មិន​បាន​បង្កើត​អ្វី​សោះ។ ដូច្នេះ យើង​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ យើង​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ។ ឱ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​ស៊ីបម៉ា​អើយ យើង​យំ​នឹង​អ្នក លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​អ្នក​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​អ្នក។ សេចក្ដី​រីក‌រាយ និង​អំណរ បាន​ដក​ចេញ​ពី​ចម្ការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់ យើង​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សម្រែក​ខ្ញៀវ‌ខ្ញារ សូរ​សម្រែក​របស់​គេ​មិន​មែន​ជា​សម្រែក​ពិត​ទេ។ សម្រែក​របស់​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ ឮ​បាន​ឆ្ងាយ ដូច​ឮ​រហូត​ទៅ​ដល់​យ៉ាហាស ហើយ​ឮ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម និង​អេ​ក្លាត​-សេលីស៊ីយ៉ា ដ្បិត​ទឹក​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់​ហើយ។ មួយ​ទៀត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​តង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀតហើយ។ ដូច្នេះ ចិត្ត​យើង​ថ្ងូរស្រណោះស្រុក​ម៉ូអាប់​ដូចសូរ​ខ្លុយ ហើយ​ចិត្ត​យើង​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ​ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ។ ដ្បិត​មនុស្សគ្រប់​គ្នា​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក​ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​ស្លៀក​សំពត់​ធ្មៃ។ នៅ​លើ​ដំបូល​ផ្ទះ និង​នៅ​ក្នុង​ផ្លូវ​នៃ​ស្រុក​ម៉ូអាប់ មាន​ឮ​សុទ្ធ​តែ​សូរ​ទំនួញ​គ្រប់​កន្លែង ដ្បិត​យើង​បាន​បំបែក​សាសន៍​ម៉ូអាប់ ដូច​ជា​ភាជនៈ​ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ គេ​នឹង​ស្រែក​ទ្រហោ​ថា៖ ស្រុក​ត្រូវ​បែក​បាក់​ខូច​យ៉ាង​ណា​ហ្ន៎ សាសន៍​ម៉ូអាប់​បាន​បែរ​ខ្នង ដោយ​ខ្មាស​ហ្ន៎ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ម៉ូអាប់​នឹង​ត្រឡប់​ជា​ទី​មើល‌ងាយ និង​ជា​ទី​ស្ញែង​ខ្លាច ដល់​អស់​អ្នក​នៅ​ព័ទ្ធ​ជុំ‌វិញ​គេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី ហើយ​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់។ កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។ ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍ ពី​ព្រោះ​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្ដី​ស្ញែង​ខ្លាច រណ្តៅ និង​អន្ទាក់ មក​លើ​អ្នក​ហើយ។ អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​យើង​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កម្លាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្ដាត​ភ្លើង​ចេញ​ពី​កណ្ដាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ។ ឱ​ម៉ូអាប់​អើយ វរ​ដល់​អ្នក​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​ហើយ។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ។

ចែក​រំលែក
អាន យេរេមា 48

យេរេមា 48:1-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ដែល​រស់​នៅ​លើ​ភ្នំ​នេបូ ត្រូវ​វេទនា ដ្បិត​ភ្នំ​នេះ​វិនាស​ហិន‌ហោច​ហើយ! ក្រុង​គារយ៉ា‌ថែម​ត្រូវ​អាម៉ាស់ ព្រោះ​ត្រូវ​ខ្មាំង​វាយ​យក​បាន បន្ទាយ​របស់​គេ​ក៏​ត្រូវ​អាម៉ាស់ និង​រលំ​ដែរ។ ស្រុក​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះ នៅ​ក្រុង​ហេស‌បូន ខ្មាំង​សត្រូវ​គិត‌គូរ​គ្នា​ថា “ទៅ! យើង​នាំ​គ្នា​លុប​ក្រុង​នេះ​ឲ្យ​បាត់​ពី ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!” រីឯ​ក្រុង​ម៉ាដ‌ម៉េន​ក៏​ដូច្នោះ​ដែរ អ្នក​នឹង​ត្រូវ​កម្ទេច​ឲ្យ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។ មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​ហូរ៉ូ‌ណែម ដែល​ត្រូវ​គេ​កម្ទេច និង​បំផ្លាញ​ទាំង​ស្រុង។ ស្រុក​ម៉ូអាប់​បែក​ហើយ សម្រែក​ប្រជា‌ជន​ក៏​លាន់​ឮ​ឡើង​ដែរ។ ពួក​គេ​នាំ​គ្នា​ឡើង​ទៅ​ក្រុង​លូគិត ទាំង​យំ​សោក បច្ចា‌មិត្ត​របស់​ពួក​គេ​ចុះ​ទៅ​កាន់ ក្រុង​ហូរ៉ូ‌ណែម ទាំង​ស្រែក​ហ៊ោ។ ចូរ​នាំ​គ្នា​រត់​គេច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ហើយ​ទៅ​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដូច​គុម្ព​បន្លា!។ ម៉ូអាប់​អើយ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ មក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នា‌ដៃ និង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន អ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន រីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នក ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី​ដែរ។ មេ​បំផ្លាញ​នឹង​ចូល​ទៅ​ក្នុង​ក្រុង​នីមួយៗ គ្មាន​ក្រុង​ណា​មួយ​គេច​ផុត​ឡើយ អ្វីៗ​នៅ​តាម​ជ្រលង​ភ្នំ និង​នៅ​តាម​វាល​ទំនាប នឹង​ត្រូវ​វិនាស​អន្តរាយ​ទាំង​អស់។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​រៀបចំ​ផ្នូរ​ឲ្យ​ម៉ូអាប់​ទៅ ដ្បិត​ស្រុក​នេះ​ត្រូវ​អន្តរាយ​ហើយ! ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ កម្ទេច​ឲ្យ​វិនាស​ហិន‌ហោច គ្មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ឡើយ។ អ្នក​ណា​បំពេញ​កិច្ចការ​របស់​ព្រះ‌អម្ចាស់ ដោយ​ខ្ជីខ្ជា គឺ​ពុំ​បាន​ធ្វើ​ឲ្យ​ដាវ​របស់​ខ្លួន ប្រឡាក់​ជោក​ទៅ​ដោយ​ឈាម​ទេ អ្នក​នោះ​ត្រូវ​បណ្ដាសា​ជា​ពុំ‌ខាន! តាំង​ពី​ក្មេង​រៀង​មក ម៉ូអាប់​ពុំ​ដែល​មាន​កង្វល់ អ្វី​ទាល់​តែ​សោះ គេ​សម្រាក​យ៉ាង​ស្រួល ឥត​ដែល​មាន​នរណា ដឹក​យក​ទៅ​ជា​ឈ្លើយ​សឹក​ឡើយ។ គេ​ប្រៀប​ដូច​ជា​ស្រា​ដែល​គ្មាន​នរណា​ផ្ទេរ​ទៅ ដប​ផ្សេង​ទេ តែ​ស្ថិត​នៅ​ក្នុង​ដប​ដដែល ហើយ​រក្សា​រស‌ជាតិ​ដើម ឥត​ដូរ​សោះ។ ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​មក​ផ្ទេរ​ម៉ូអាប់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​នឹង​ចាក់​ម៉ូអាប់​ចេញ​ពី​ដប ហើយ​បំបែក​ពាង​របស់​ពួក​គេ​ចោល។ ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ខក​ចិត្ត​នឹង​បេត‌អែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។ អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា អ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា “យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ យើង​ខ្ញុំ​ជា​ពូជ​អ្នក​ចម្បាំង” ដូច្នេះ? មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​ឡើង​ទៅ វាយ​សម្រុក​ក្រុង​នានា​នៅ​ស្រុក​នោះ យុវជន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ នឹង​ត្រូវ​ខ្មាំង​យក​ទៅ​សម្លាប់​នៅ​ទី​សត្ត‌ឃាត។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ​ដែល មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ មហន្ត‌រាយ​របស់​ម៉ូអាប់​ជិត​មក​ដល់​ហើយ ទុក្ខ​វេទនា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។ ប្រជា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ជិត​ខាង ហើយ​ស្គាល់​ឈ្មោះ​ម៉ូអាប់​យ៉ាង​ច្បាស់​អើយ ចូរ​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​ម៉ូអាប់ ដោយ​ពោល​ថា “ហេតុ​អ្វី​បាន​ជា​មហា​អំណាច ត្រូវ​រលំ​បែប​នេះ?”។ ប្រជា‌ជន​ក្រុង​ឌីបូន​អើយ ចូរ​លះ‌បង់​ភាព​រុងរឿង​របស់​ខ្លួន ហើយ​អង្គុយ​នៅ​លើ​ដី​ហួត‌ហែង​ទៅ ដ្បិត​មេ​បំផ្លាញ​ស្រុក​ម៉ូអាប់​កំពុង​តែ ឡើង​មក​វាយ​អ្នក គេ​នឹង​បំផ្លាញ​កំពែង​ដ៏​រឹង‌មាំ​របស់​អ្នក។ ប្រជា‌ជន​ក្រុង​អារ៉ូ‌អ៊ើរ​អើយ ចូរ​ទៅ​ឈរ​នៅ​តាម​ផ្លូវ ហើយ​ចាំ​ឃ្លាំ​មើល​ទៅ ចូរ​សាក​សួរ​អ្នក​ដែល​រត់​រួច​ខ្លួន​ថា តើ​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង? ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើ‌ណូន​ថា ស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ! ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុង​មេផាត ក្រុង​ឌីបូន ក្រុង​នេបូ ក្រុង​បេត-‌ឌីប្លា‌ថែម ក្រុង​គារយ៉ា‌ថែម ក្រុង​បេត‌កាមូល ក្រុង​បេតមេ‌យ៉ូន ក្រុង​កេរី‌យ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។ អំណាច​របស់​ម៉ូអាប់​ត្រូវ​រលំ ហើយ​កម្លាំង​របស់​គេ​ក៏​ធ្លាក់​ទន់​ខ្សោយ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​បង្អក​ម៉ូអាប់​ឲ្យ​ស្រវឹង​ទៅ ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ម៉ូអាប់​កំពុង​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​ត្រូវ​មនុស្ស‌ម្នា​សើច​ចំអក​ឲ្យ។ ម៉ូអាប់​អើយ ពី​មុន​អ្នក​ធ្លាប់​សើច​ចំអក​ឲ្យ​អ៊ីស្រា‌អែល អ្នក​ងក់​ក្បាល​ឡក‌ឡឺយ ធ្វើ​ហាក់​ដូច​ជា​អ៊ីស្រា‌អែល​ស្ថិត​នៅ​ក្នុង​ចំណោម​ចោរ​ដែល​គេ​ចាប់​បាន។ ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយ ចូរ​នាំ​គ្នា​បោះ​បង់​ចោល​ទីក្រុង ហើយ​ទៅ​រស់​នៅ​តាម​ក្រហែង​ថ្ម ដូច​សត្វ​ព្រាប ធ្វើ​សំបុក​នៅ​កន្លៀត​ថ្ម​តាម​មាត់​រូង​ភ្នំ! យើង​បាន​ឮ​គេ​និយាយ​ថា ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់ គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួន និង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្គាល់​ឫក​របស់​ម៉ូអាប់ ហើយ​អ្វីៗ​ដែល​គេ​និយាយ​អួត‌អាង គ្មាន​បាន​ការ​ទេ អ្វីៗ​ដែល​គេ​ធ្វើ ក៏​គ្មាន​បាន​ការ​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ហើយ​សោក​សង្រេង​ស្រណោះ​ម៉ូអាប់​ទាំង​មូល ព្រម​ទាំង​ថ្ងូរ ព្រោះ​តែ​អ្នក​ស្រុក​គារ-‌ហារ៉ា‌សែត។ ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា​អើយ យើង​នឹង​យំ​ស្រណោះ​អ្នក ជាង​យំ​ស្រណោះ​អ្នក​ក្រុង​យ៉ា‌ស៊ើរ​ទៅ​ទៀត មែក​របស់​អ្នក​លូត​ហួស​សមុទ្រ ហើយ​ហួស​យ៉ា‌ស៊ើរ។ ប៉ុន្តែ មេ​បំផ្លាញ​បាន​កម្ទេច​ភោគ​ផល និង​ផ្លែ​ទំពាំង‌បាយជូរ​របស់​អ្នក។ អំណរ​សប្បាយ និង​ការ​រីក‌រាយ​ចេញ​បាត់ ពី​ចម្ការ​ទំពាំង‌បាយជូរ និង​ពី​ស្រុក​ម៉ូអាប់។ យើង​ក៏​ធ្វើ​ឲ្យ​លែង​មាន​ស្រា​នៅ​ក្នុង​ធុង ហើយ​ក៏​លែង​មាន​នរណា​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ទាំង​ស្រែក​យ៉ាង​សប្បាយ​ទៀត​ដែរ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​វេទនា​ប៉ុណ្ណោះ។ សម្រែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សម្រែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-‌សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។ «យើង​នឹង​លែង​ឲ្យ​មាន​ជន‌ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​បាន​ជា​យើង​ស្រណោះ‌ស្រណោក​ជន‌ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះ‌ស្រណោក​អ្នក​ក្រុង​គារ-‌ហារ៉ា‌សែត​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។ ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។ នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ព្រោះ​ម៉ូអាប់​រលំ​ហើយ! ម៉ូអាប់​ងាក​មុខ​ចេញ​ដោយ​អាម៉ាស់ ប្រជា‌ជាតិ​ទាំង​អស់​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឲ្យ​ម៉ូអាប់ ព្រម​ទាំង​ស្រឡាំង‌កាំង​ទៀត​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «សត្រូវ​មក​វាយ​ប្រហារ​ស្រុក​ម៉ូអាប់ ដូច​ខ្លែង​សំកាំង​ស្លាប រេ​ពី​លើ។ គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូត ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ ម៉ូអាប់​នឹង​ត្រូវ​វិនាស លែង​មាន​ឈ្មោះ​ជា​ប្រជា‌ជន​មួយ​ទៀត​ហើយ ព្រោះ​គេ​បាន​លើក​ខ្លួន​ឡើង ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ស្រុក​ម៉ូអាប់​អើយ អ្នក​រាល់​គ្នា​មុខ​តែ​ភ័យ​ខ្លាច ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​ជា​មិន​ខាន! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អ្នក​ដែល​រត់​គេច​ពី​ការ​ភ័យ​ខ្លាច​នឹង​ធ្លាក់​រណ្ដៅ អ្នក​ដែល​ឡើង​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់ ដ្បិត​យើង​ធ្វើ​ឲ្យ​ឆ្នាំ ដែល​ត្រូវ​ដាក់​ទោស​ម៉ូអាប់ មក​ដល់​ហើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក នៅ​ហេស‌បូន ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន ធ្លាប់​គ្រប់‌គ្រង​កាល​ពី​ដើម តែ​មាន​ភ្លើង​ឆាប‌ឆេះ​កណ្ដាល​ក្រុង ហើយ​ឆេះ​រាល‌ដាល​ទៅ​ដល់​ព្រំ‌ប្រទល់ និង​តាម​កំពូល​ភ្នំ​របស់​ស្រុក​ម៉ូអាប់ ដែល​ជា​ពូជ​អ្នក​ចម្បាំង​នេះ។ ជន‌ជាតិ​ម៉ូអាប់​អើយ អ្នក​វេទនា​ហើយ ប្រជា‌ជន​ដែល​គោរព​ព្រះ‌កេម៉ូស ត្រូវ​អន្តរាយ​ជា​មិន​ខាន ដ្បិត​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។ ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ការ​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។

ចែក​រំលែក
អាន យេរេមា 48

យេរេមា 48:1-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ស្រុក​ម៉ូអាប់។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ក្រុង​នេបូរ​ពី​ព្រោះ​ត្រូវ​បំផ្លាញ​ហើយ ក្រុង​គារ‌យ៉ា‌ថែម​ក៏​ត្រូវ​ខ្មាស គឺ​ត្រូវ​គេ​ចាប់​យក​បាន ក្រុង​មីសកាប​ត្រូវ​ខ្មាស​ដែរ ហើយ​ត្រូវ​ខូច​បង់ សាសន៍​ម៉ូអាប់​លែង​មាន​សេចក្ដី​អំនួត ពី​ក្រុង​ហែសបូន​ហើយ មាន​គេ​បាន​បង្កើត​ការ​អាក្រក់​ទាស់​នឹង​វា​ថា ចូរ​មក យើង​នឹង​កាត់​គេ​ចេញ ពី​ដំណែង​ជា​នគរ​ទៅ ហើយ​ឯង ឱ​ម៉ាតម៉ែន​អើយ ឯង​នឹង​ត្រូវ​ស្ងៀម​នៅ​ដែរ ដាវ​នឹង​ដេញ​តាម​ឯង មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​ហូរ៉ូណែម គឺ​ជា​ការ​ខូច​បង់ ហើយ​បំផ្លាញ​យ៉ាង​សំបើម ស្រុក​ម៉ូអាប់​បាន​ត្រូវ​បំផ្លាញ​ហើយ ពួក​តូចៗ​របស់​គេ​បាន​ស្រែក​ឲ្យ​ឮ ដ្បិត​គេ​នឹង​ឡើង​តាម​ផ្លូវ​ទៅ​ឯ​លូគីត​ទាំង​យំ​បណ្តើរ​ជានិច្ច ឯ​ត្រង់​ផ្លូវ​ចុះ​ទៅ​ឯ​ហូរ៉ូណែម នោះ​មាន​ឮ​សំរែក​ថប់​ព្រួយ​ពី​ការ​បំផ្លាញ ចូរ​រត់​ទៅ​ឲ្យ​រួច​ជីវិត​ឯង​ចុះ ត្រូវ​ឲ្យ​នៅ​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ នៅ​ទី​រហោ‌ស្ថាន ដ្បិត​ដោយ​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​ការ​របស់​ឯង ហើយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង បាន​ជា​ឯង​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​ចៅហ្វាយ​របស់​វា​ទាំង​អស់​ផង នឹង​មាន​មេ​បំផ្លាញ​មក​លើ​គ្រប់​ទាំង​ទី​ក្រុង ឥត​មាន​ណា​មួយ​រួច​ឡើយ ឯ​ច្រក​ភ្នំ នឹង​ត្រូវ​វិនាស​ទៅ ហើយ​ស្រុក​វាល​នឹង​ត្រូវ​បំផ្លាញ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ ចូរ​ឲ្យ​ម៉ូអាប់​មាន​ស្លាប​ចុះ ដើម្បី​ឲ្យ​បាន​ហើរ​ទៅ​ឲ្យ​រួច ដ្បិត​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កំចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្តាសា​ដែរ។ សាសន៍​ម៉ូអាប់​បាន​នៅ​ដោយ​ឥត​កង្វល់ តាំង​ពី​ក្មេង​មក គេ​បាន​រង​នៅ​លើក​ករ​របស់​គេ ឥត​ដែល​ចាក់​ផ្ទេរ​ពី​ដប​១​ទៅ​ដល់​ដប​១​ទៀត ក៏​មិន​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឡើយ ហេតុ​នោះ​បាន​ជា​គេ​មាន​រស‌ជាតិ​នៅ​ដូច​ដដែល ហើយ​ក្លិន​របស់​គេ​ក៏​មិន​បាន​ផ្លាស់​ប្រែ​ទៅ​ដែរ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​ចាត់​ប្រើ​មនុស្ស​ទៅ​ឯ​គេ ដែល​នឹង​ចាក់​ផ្ទេរ​ចេញ​ឲ្យ​ដប​នៅ​ទទេ ហើយ​នឹង​បំបែក​ដប​ឲ្យ​ខ្ទេច‌ខ្ទី​ដែរ នោះ​ម៉ូអាប់​នឹង​ខ្មាស​ចំពោះ​ព្រះ‌កេម៉ូស ដូច​ជា​ពួក​វង្ស​អ៊ីស្រាអែល​បាន​ខ្មាស​ចំពោះ​បេត-អែល ជា​ទី​ទុក​ចិត្ត​របស់​គេ​ដែរ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​ថា យើង​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ចំបាំង​បាន ស្រុក​ម៉ូអាប់​បាន​ត្រូវ​ខូច​បង់​ហើយ ទី​ក្រុង​របស់​គេ​បាន​ហុយ​ឡើង​ជា​ផ្សែង ពួក​កំឡោះ​ជ្រើស‌រើស​របស់​គេ​បាន​ចុះ​ទៅ​ឯ​ទី​សំឡេះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ទ្រង់​ព្រះ‌នាម​ជា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ សេចក្ដី​អន្តរាយ​របស់​សាសន៍​ម៉ូអាប់​ជិត​មក​ដល់​ហើយ សេចក្ដី​វេទនា​របស់​គេ​ក៏​ប្រញាប់​រួស‌រាន់​ដែរ ឯង​រាល់​គ្នា​ដែល​នៅ​ជុំវិញ​គេ​អើយ ចូរ​យំ​ទួញ​នឹង​គេ​ចុះ ហើយ​ឯង​រាល់​គ្នា​ដែល​ស្គាល់​ឈ្មោះ​គេ​អើយ ចូរ​ពោល​ថា ដំបង​ខែង​មាំ​នោះ​បាន​បាក់​យ៉ាង​ណា​ហ្ន៎ ជា​ដំបង​រុងរឿង​ផង ឱ​កូន​ស្រី​ដែល​អាស្រ័យ​នៅ​ក្រុង​ឌីបូន​អើយ ចូរ​ចុះ​ពី​សណ្ឋាន​រុងរឿង​ឧត្តម​របស់​ឯង​មក ហើយ​អង្គុយ​នៅ​ទី​ស្រេក​វិញ​ចុះ ដ្បិត​មេ​ដែល​បំផ្លាញ​ស្រុក​ម៉ូអាប់ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ គេ​បាន​បំផ្លាញ​ទី​មាំ‌មួន​របស់​ឯង​បង់ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា តើ​កើត​មាន​អ្វី សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា ម៉ូអាប់​ត្រូវ​ខូច​បង់​ហើយ ការ​សំរេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស នឹង​មេផ្អាត លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន ហើយ​លើ​កេរីយ៉ុត បុសរ៉ា នឹង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ​ផង ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ផង ដ្បិត​តើ​សាសន៍​អ៊ីស្រាអែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សំបុក​នៅ​មាត់​ចំរែះ​រអាង យើង​បាន​ឮ​និយាយ​ពី​សេចក្ដី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​អួត‌អាង​ខ្លាំង​ណាស់ នឹង​ពី​សេចក្ដី​លើក​ខ្លួន សេចក្ដី​អំនួត សេចក្ដី​វាយ‌ឫក នឹង​ពី​សេចក្ដី​ឆ្មើង‌ឆ្មៃ​ក្នុង​ចិត្ត​គេ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ថា មិន​ជា​អ្វី​ទេ អស់​ទាំង​សេចក្ដី​អំនួត​របស់​គេ មិន​បាន​បង្កើត​អ្វី​សោះ ដូច្នេះ អញ​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ អើ អញ​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល ក៏​នឹង​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ ឱ​ដើម​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​ស៊ីបម៉ា​អើយ អញ​នឹង​យំ​នឹង​ឯង លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​ឯង​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ​ផង មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ នឹង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​ឯង ឯ​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ នោះ​បាន​ដក​ចេញ​ពី​ចំការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់​ទៅ អញ​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សំរែក​ខ្ញៀវ‌ខ្ញារ​ឡើយ សូរ​សំរែក​របស់​គេ​នឹង​មិន​មែន​ជា​សំរែក​ពិត​ទេ មាន​ឮ​សំរែក​នៅ​ក្រុង​ហែសបូន រហូត​ដល់​អេលាលេ គេ​បាន​បព្ចោញ​សំឡេង​រហូត​ដល់​យ៉ាហាស ហើយ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម ដូច​ជា​គោ​ញី​អាយុ​៣​ខួប ដ្បិត​ទឹក​នៃ​នីមរីម​បាន​រីង​ស្ងួត​ទៅ​ហើយ មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​ដង្វាយ​នៅ​លើ​ទី​ខ្ពស់ នឹង​អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ខ្លួន នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀត។ ដូច្នេះ ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ ដ្បិត​គ្រប់​ទាំង​មនុស្ស​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក‌ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​បាន​ស្លៀក​សំពត់​ធ្មៃ នៅ​លើ​ដំបូល​ផ្ទះ ហើយ​នៅ​ក្នុង​ផ្លូវ​នៃ​ស្រុក​ម៉ូអាប់ នោះ​មាន​ឮ​សុទ្ធ​តែ​សូរ​ទំនួញ​គ្រប់​កន្លែង ដ្បិត​អញ​បាន​បំបែក​សាសន៍​ម៉ូអាប់ ដូច​ជា​ភាជនៈ​ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គេ​នឹង​ស្រែក​ទ្រហោ​ថា ស្រុក​ត្រូវ​បែក​បាក់​ខូច​យ៉ាង​ណា​ហ្ន៎ សាសន៍​ម៉ូអាប់​បាន​បែរ​ខ្នង ដោយ​ខ្មាស​ហ្ន៎ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ម៉ូអាប់​នឹង​ត្រឡប់​ជា​ទី​មើល‌ងាយ នឹង​ជា​ទី​ស្ញែង​ខ្លាច ដល់​អស់​អ្នក​នៅ​ព័ទ្ធ​ជុំវិញ​គេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី ហើយ​នឹង​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់ កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍​ទៅ ពី​ព្រោះ​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្ដី​ស្ញែង​ខ្លាច រណ្តៅ នឹង​អន្ទាក់ មក​លើ​ឯង​ហើយ អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​អញ​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កំឡាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែមាន​ភ្លើង​ចេញ​ពី​ហែសបូន នឹង​អណ្តាត​ភ្លើង​ចេញ​ពី​កណ្តាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ នឹង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ ឱ​ម៉ូអាប់​អើយ វរ​ដល់​ឯង​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ត្រូវ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដល់​ជាន់​ក្រោយ អញ​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់​ត្រូវ​ប៉ុណ្ណេះ​ហើយ។

ចែក​រំលែក
អាន យេរេមា 48