យេរេមា 47:1-7
យេរេមា 47:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្ដាដែល នៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្ដាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចម្បាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់ បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូន ព្រោះព្រះយេហូវ៉ានឹងបំផ្លាញសាសន៍ភីលីស្ទីន ជាសំណល់មនុស្សមកពីកោះកាប់ថោរ។ អ្នកក្រុងកាសានឹងកោសក់កាន់ទុក្ខ អ្នកក្រុងអាសកាឡូនក៏នឹងត្រូវវិនាស។ ឱសំណល់មនុស្សដែលនៅជ្រលងភ្នំអើយ តើអ្នកនៅអារសាច់ខ្លួនដល់កាលណាទៀត ? ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានអ្នកឈប់ទ្រឹង? ចូរស៊កខ្លួនទៅក្នុងស្រោមវិញ ចូរផ្អាក ហើយស្ងៀមនៅចុះ។ តើវានៅស្ងៀមម្ដេចបាន ដ្បិតព្រះយេហូវ៉ាបានបង្គាប់ហើយ គឺព្រះអង្គតម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន និងឆ្នេរសមុទ្រដែរ។
យេរេមា 47:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មានទឹកជន់ឡើងនៅទិសខាងជើង ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។ មនុស្សម្នានាំគ្នាស្រែក អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់ ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។ ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច បានមកដល់ហើយ! ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន លែងមាននរណាអាចជួយទៀតឡើយ ដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីន គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។ ក្រុងកាសាគ្មាននៅសល់អ្វីសោះ ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។ អ្នកស្រុកវាលទំនាបដែលនៅសេសសល់អើយ តើអ្នកនៅតែឆូតសាច់របស់ខ្លួន ដល់កាលណាទៀត? អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ ដល់ពេលណាទើបសម្រាក? ចូរចូលទៅក្នុងស្រោមវិញ ហើយសម្រាកឲ្យស្ងៀមទៅ!” បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។
យេរេមា 47:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក នឹងបណ្តាដែលនៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង នឹងមនុស្សដែលអាស្រ័យនៅផង នោះបណ្តាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចំបាំងគេ នឹងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ ចេញពីក្រុងទីរ៉ុស នឹងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ ក្រុងកាសាបានទៅជាទំពែកហើយ ក្រុងអាសកាឡូនបានត្រូវសាបសូន្យទៅ ព្រមទាំងសំណល់មនុស្សនៅវាលច្រកភ្នំនោះផង តើឯងនឹងអារសាច់ខ្លួន ដល់កាលណាទៀត ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានឯងឈប់ទ្រឹងវិញ ចូរស៊កខ្លួនទៅក្នុងស្រោមចុះ ចូរផ្អាក ហើយស្ងៀមនៅ ឯងនឹងនៅស្ងៀមឯណាបាន ដ្បិតឃើញថា ព្រះយេហូវ៉ាបានបង្គាប់ការហើយ គឺទ្រង់ដំរូវឲ្យទាស់នឹងក្រុងអាសកាឡូន ហើយនឹងឆ្នេរសមុទ្រផង។