យេរេមា 45:1-5
យេរេមា 45:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់ហោរាយេរេមា គឺនៅក្នុងឆ្នាំទីបួននៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា គឺព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដល់បារូកអ្នកដូច្នេះថា៖ «អ្នកបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ាបានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយដោយថ្ងូរ ឥតមានសេចក្ដីសម្រាកឡើយ។ អ្នកត្រូវនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ របស់អ្វីដែលយើងបានស្អាងឡើង នោះយើងនឹងរំលំចុះ ហើយរបស់អ្វីដែលយើងបានដាំ នោះយើងនឹងដករំលើងវិញ ក៏ធ្វើយ៉ាងនោះនៅពេញក្នុងស្រុក។ តើអ្នកស្វែងរកការយ៉ាងធំសម្រាប់ខ្លួនឬ? កុំឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯអ្នក យើងនឹងទុកឲ្យអ្នកមានជីវិតរស់នៅគ្រប់ទីកន្លែងណាដែលអ្នកនឹងទៅ»។
យេរេមា 45:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរីយ៉ា សរសេរព្រះបន្ទូលទាំងនេះតាមលោកយេរេមាថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះ លោកយេរេមាមានប្រសាសន៍មកកាន់លោកបារូកថា៖ «បារូកអើយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីអ្នកដូចតទៅ: អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតព្រះអម្ចាស់ធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។ ព្រះអង្គឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកម្ទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។ រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។
យេរេមា 45:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់យេរេមា គឺនៅក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា គឺថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដល់បារូកឯងដូច្នេះ ឯងបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបន្ថែមសេចក្ដីសោកសៅ ដល់សេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយទៅដោយថ្ងូរ ឥតមានសេចក្ដីសំរាកឡើយ ត្រូវឲ្យនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះមើល របស់អ្វីដែលអញបានស្អាងឡើង នោះអញនឹងរំលំចុះ ហើយរបស់អ្វីដែលអញបានដាំ នោះអញនឹងដករំលើងវិញ ក៏នឹងធ្វើយ៉ាងនោះនៅពេញក្នុងស្រុកផង ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង។