យេរេមា 42:1-22
យេរេមា 42:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ មេទ័ពទាំងប៉ុន្មាន និងយ៉ូហាណានជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្ដាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត ហើយគេនិយាយទៅកាន់ហោរាយេរេមាថា៖ «សូមលោកមេត្តាស្តាប់សេចក្ដីដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់លោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ»។ ហោរាយេរេមាក៏ឆ្លើយតបថា៖ «ខ្ញុំបានឮហើយ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្ដីអ្វីដែលព្រះយេហូវ៉ាឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីពីអ្នករាល់គ្នាឡើយ»។ ដូច្នេះ គេជម្រាបហោរាយេរេមាថា៖ «បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះរបស់លោក ចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ។ ទោះបើជាការល្អ ឬអាក្រក់ក្ដី យើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ព្រះអង្គនោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្ដីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់យើង»។ លុះដប់ថ្ងៃកន្លងផុតទៅ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា រួចលោកហៅយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ ហើយបណ្ដាជនទាំងឡាយ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត លោកក៏ប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅនាំពាក្យអង្វររបស់អ្នករាល់គ្នា ទៅថ្វាយដល់ព្រះអង្គនោះ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "បើអ្នករាល់គ្នានៅជាប់ក្នុងស្រុកនេះតទៅ យើងនឹងសង់អ្នកឡើងឥតរំលំចុះឡើយ ហើយដាំអ្នករាល់គ្នា ឥតរំលើងវិញដែរ ដ្បិតយើងប្រែគំនិតចេញពីការអាក្រក់ ដែលយើងបានធ្វើដល់អ្នករាល់គ្នាហើយ"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "កុំខ្លាចចំពោះស្តេចបាប៊ីឡូន ដែលអ្នករាល់គ្នាកំពុងតែខ្លាចនោះ កុំខ្លាចគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នករាល់គ្នា ហើយនឹងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់គេ។ យើងនឹងប្រោសមេត្តាដល់អ្នករាល់គ្នា ដើម្បីឲ្យគេបានអាណិតអ្នក ហើយឲ្យត្រឡប់ទៅឯស្រុករបស់អ្នករៀងខ្លួនវិញ"។ ប៉ុន្តែ បើអ្នករាល់គ្នាថា "យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ" គឺអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយនិយាយថា "ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំមិនឃើញចម្បាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅ"។ ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "បើអ្នករាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទពិត ហើយក៏ទៅអាស្រ័យនៅទីនោះ ដាវដែលអ្នករាល់គ្នាខ្លាចនឹងតាមអ្នកទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយគ្រោះទុរ្ភិក្សដែលអ្នករាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមអ្នករាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះ ហើយអ្នករាល់គ្នានឹងត្រូវស្លាប់នៅទីនោះ។ ឯអស់អ្នកដែលពេញចិត្តនឹងទៅអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់ និងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ ដែលយើងនឹងនាំមកលើគេនោះឡើយ"។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។ ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរអ្នករាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូលឲ្យដឹងជាក់ថា នៅថ្ងៃនេះ ខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ។ ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា "សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា ឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម"។ ដូច្នេះ នៅថ្ងៃនេះ ខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ក្នុងការអ្វីដែលព្រះអង្គបានចាត់ខ្ញុំមកប្រាប់អ្នករាល់គ្នានោះសោះ។ ដូច្នេះ ចូរអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ»។
យេរេមា 42:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបព្យាការីយេរេមា ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមព្រះអង្គប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចលោកឃើញស្រាប់ហើយ។ សូមព្រះអម្ចាស់ ជាព្រះរបស់លោក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។ ព្យាការីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។ ពួកគេពោលមកកាន់លោកយេរេមាថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់មកយើងខ្ញុំតាមរយៈលោកទេនោះ សូមព្រះអង្គដាក់ទោសយើងខ្ញុំចុះ! យើងខ្ញុំបានសូមឲ្យលោកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ»។ ដប់ថ្ងៃកន្លងមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ហើយលោកក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ: ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។ កុំខ្លាចស្ដេចស្រុកបាប៊ីឡូន ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី កុំខ្លាចឲ្យសោះ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។ យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូន អាណិតមេត្តាដល់អ្នករាល់គ្នា ហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា ព្រមទាំងឲ្យអ្នករាល់គ្នាវិលមក រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!” ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្ត ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ មុខដាវដែលអ្នករាល់គ្នាខ្លាច នឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីប ទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភ នឹងតាមអ្នករាល់គ្នាជាប់ រហូតដល់ស្រុកអេស៊ីប ហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។ អស់អ្នកដែលសម្រេចចិត្តភៀសខ្លួន ទៅរស់នៅស្រុកអេស៊ីប មុខជាត្រូវស្លាប់ ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ គឺគ្មាននរណាម្នាក់រួចជីវិត ឬគេចផុតពីគ្រោះកាចដែលយើងនឹង ធ្វើឲ្យកើតមានដល់ពួកគេឡើយ។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរ ប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ ជនជាតិយូដាដែលនៅសេសសល់អើយ ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ឲ្យយើងខ្ញុំផង អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។ ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។ ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។
យេរេមា 42:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ មេទ័ពទាំងប៉ុន្មាន នឹងយ៉ូហាណាន ជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្តាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត ហើយគេនិយាយនឹងហោរាយេរេមាថា សូមឲ្យលោកមេត្តាស្តាប់សេចក្ដី ដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃលោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់ ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃលោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ នឹងការដែលត្រូវធ្វើ ហោរាយេរេមាក៏ឆ្លើយតបថា ខ្ញុំបានឮហើយ មើល ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្ដីអ្វីដែលព្រះយេហូវ៉ាទ្រង់ឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីនឹងអ្នករាល់គ្នាឡើយ ដូច្នេះ គេជំរាបយេរេមាថា បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ា ជាព្រះនៃលោក នឹងចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាទ្រង់ជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ ទោះបើជាការល្អ ឬអាក្រក់ក្តី គង់តែយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ទ្រង់នោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្ដីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។ ក្រោយ១០ថ្ងៃមក នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមា រួចលោកហៅយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ ហើយបណ្តាជនទាំងឡាយ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត លោកក៏ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅនាំពាក្យអង្វររបស់អ្នករាល់គ្នា ទៅថ្វាយដល់ទ្រង់នោះ ទ្រង់មានបន្ទូលដូច្នេះថា បើឯងរាល់គ្នានឹងនៅជាប់ក្នុងស្រុកនេះតទៅ នោះអញនឹងសង់ឯងឡើងឥតរំលំចុះឡើយ ក៏នឹងដាំឯងរាល់គ្នាឥតរំលើងវិញដែរ ដ្បិតអញប្រែគំនិតចេញពីការអាក្រក់ ដែលអញបានធ្វើដល់ឯងរាល់គ្នាហើយ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់គេ អញនឹងប្រោសមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបានអាណិតឯង ហើយឲ្យត្រឡប់ទៅឯស្រុករបស់ឯងរៀងខ្លួនវិញ តែបើឯងរាល់គ្នាថា យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ គឺឯងរាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយថា ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំនឹងមិនឃើញចំបាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅវិញ ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើឯងរាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទជាពិត ហើយក៏ទៅអាស្រ័យនៅឯនោះ យ៉ាងនោះ ដាវដែលឯងរាល់គ្នាខ្លាចនោះនឹងតាមឯងទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយអំណត់អត់ដែលឯងរាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមឯងរាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះឯង ហើយឯងរាល់គ្នានឹងត្រូវស្លាប់នៅទីនោះ ឯអស់អ្នកដែលកាត់ចិត្តនឹងទៅអាស្រ័យ នៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់អត់ នឹងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ ដែលអញនឹងនាំមកលើគេនោះឡើយ។ ពីព្រោះ ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នកនៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់អញ នឹងត្រូវចាក់ចេញ លើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ ឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ពីដំណើរឯងរាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូរឲ្យដឹងជាក់ថា នៅថ្ងៃនេះខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ពីព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា សូមអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃយើង ទ្រង់នឹងមានបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម ដូច្នេះ នៅថ្ងៃនេះឯង ខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នា មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ក្នុងការអ្វីដែលទ្រង់បានចាត់ខ្ញុំមកប្រាប់អ្នករាល់គ្នានោះសោះ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ។