យេរេមា 41:1-18
យេរេមា 41:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅខែទីប្រាំពីរ អ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំងដប់នាក់ឯទៀត ក៏មករកកេដាលាជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ។ អ៊ីសម៉ាអែល ជាកូននេថានា និងដប់នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវ គឺគេសម្លាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ។ អ៊ីសម៉ាអែលក៏សម្លាប់ពួកយូដាទាំងអស់ ដែលនៅជាមួយកេដាលាត្រង់មីសប៉ាដែរ ព្រមទាំងពួកខាល់ ជាទាហានដែលនៅទីនោះផង។ កន្លងបានពីរថ្ងៃ ក្រោយដែលសម្លាប់កេដាលាហើយ ឥតមានអ្នកណាដឹងសោះ នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ និងសាម៉ារី ចំនួនប៉ែតសិបនាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់តង្វាយម្សៅ និងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា។ ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ ក៏និយាយថា៖ សូមទៅរកកេដាលា ជាកូនអ័ហ៊ីកាម។ ពេលគេចូលទៅក្នុងទីក្រុងហើយ អ៊ីសម៉ាអែល ជាកូននេថានា និងពួកអ្នកដែលនៅជាមួយ ក៏សម្លាប់គេបោះចោលទៅក្នុងអណ្ដូង។ ប៉ុន្តែ មានដប់នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា៖ សូមកុំសម្លាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង និងទឹកឃ្មុំកប់ទុកនៅចម្ការ។ ដូច្នេះ អ៊ីសម៉ាអែលក៏អាក់ខាន មិនបានសម្លាប់អ្នកទាំងនោះ ជាមួយបងប្អូនគេទេ។ រីឯអណ្ដូងដែលអ៊ីសម៉ាអែលបោះសាកសពនៃមនុស្ស ដែលគាត់បានសម្លាប់នោះ ជាអណ្ដូងមួយធំ ដែលស្តេចអេសាបានជីក នៅគ្រាធ្វើសឹកទាស់នឹងព្រះបាទប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ។ អ៊ីសម៉ាអែល ជាកូននេថានា បានបំពេញរណ្តៅនោះ ដោយសពរបស់មនុស្សដែលគាត់បានសម្លាប់។ អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្ដាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័កាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏នាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីឆ្លងទៅពួកកូនចៅអាំម៉ូន។ កាលយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ បានឮនិយាយពីអស់ទាំងការអាក្រក់ ដែលអ៊ីសម៉ាអែល ជាកូននេថានាបានធ្វើ គេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន រីឯពួកជនទាំងឡាយ ដែលនៅជាមួយអ៊ីសម៉ាអែល កាលបានឃើញយ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយហើយ នោះគេមានចិត្តអរណាស់។ ដូច្នេះ ពួកជនដែលអ៊ីសម៉ាអែលបានចាប់ពីមីសប៉ាដឹកនាំទៅជាឈ្លើយទាំងប៉ុន្មាន គេក៏វិលត្រឡប់មកខាងយ៉ូហាណាន ជាកូនការាវិញ។ ប៉ុន្តែ អ៊ីសម៉ាអែលជាកូននេថានា គេចរួចពីយ៉ូហាណាន ទៅដល់ពួកកូនចៅអាំម៉ូនទៅ ហើយមានប្រាំបីនាក់ទៅជាមួយ។ ពេលនោះ យ៉ូហាណាន ជាកូនការា និងពួកមេទ័ពដែលនៅជាមួយ បាននាំយកប្រជាជនឯទៀតៗទាំងប៉ុន្មាន ដែលអ៊ីសម៉ាអែល ជាកូនបេថានា បានចាប់យកទៅជាឈ្លើយ ចេញពីក្រុងមីសប៉ា ក្រោយពីវាបានសម្លាប់កេដាលា ជាកូនអ័ហ៊ីកាម គឺមានពួកទាហាន ពួកស្ត្រី កូនក្មេង និងពួកកម្រៀវ ជាអ្នកដែលយ៉ូហាណាបាននាំត្រឡប់មកពីគីបៀនវិញ។ គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីចូលទៅក្នុងស្រុកអេស៊ីព្ទ ពីព្រោះគេខ្លាចពួកខាល់ដេ ដោយព្រោះអ៊ីសម៉ាអែល ជាកូននេថានា បានសម្លាប់កេដាលា ជាកូនអ័ហ៊ីកាម ជាអ្នកដែលស្តេចបាប៊ីឡូនតាំងឡើង ជាចៅហ្វាយលើស្រុក។
យេរេមា 41:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច ហើយធ្លាប់កាន់មុខតំណែងនៅក្នុងវាំង បានមកជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដាលា នៅមីសប៉ាដែរ។ ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដាលាទេ។ នៅថ្ងៃបន្ទាប់ មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ និងពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និងស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់តង្វាយ និងគ្រឿងក្រអូប ដើម្បីយកទៅថ្វាយនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ចេញពីមីសប៉ា ដើរទៅរកពួកគេ ទាំងយំផង។ ពេលជួបពួកគេហើយ គាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមសិន»។ ពេលទៅដល់កណ្ដាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់ពួកគេ រួចបោះសាកសពទៅក្នុងអណ្ដូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។ ប៉ុន្តែ ក្នុងចំណោមពួកគេ មានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចម្ការ គឺមានស្រូវ មានអង្ករ ប្រេង និងទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតឲ្យអ្នកទាំងដប់នោះ។ រីឯអណ្ដូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្ដូងដែលព្រះបាទអេសា ជាស្ដេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្ដូងនោះ។ លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្ដេច និងអស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ផ្ទុកផ្ដាក់ទៅឲ្យលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មើលខុសត្រូវ នាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយនាំទៅស្រុកអាំម៉ូន។ កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយ ដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានប្រព្រឹត្ត ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ពួកគេតាមគាត់ទាន់នៅបឹងគីបៀន។ ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងមេទាហានទាំងអស់ដែលនៅជាមួយលោក គេត្រេកអរយ៉ាងខ្លាំង។ ពេលនោះ ប្រជាជនដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយ ចូលដៃជាមួយលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា។ រីឯលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា និងបក្សពួករបស់គាត់ប្រាំបីនាក់ បានគេចខ្លួនរួច ហើយរត់ទៅដល់ស្រុកអាំម៉ូន។ លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយ បាននាំប្រជាជនដែលលោករំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហាន ទាំងស្ត្រី ទាំងក្មេងៗ ទាំងមហាតលិកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម។ ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា បានសម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនតែងតាំងឲ្យគ្រប់គ្រងស្រុក។
យេរេមា 41:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ខែអស្សុជ នោះអ៊ីសម៉ាអែល ជាកូននេថានា ដែលជាកូនអេលីសាម៉ា ក្នុងវង្សាស្តេច ហើយជានាយកធំម្នាក់របស់ស្តេច ព្រមទាំង១០នាក់ឯទៀត ក៏មកឯកេដាលា ជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយគេបានបរិភោគអាហារជាមួយគ្នានៅទីនោះ រួចអ៊ីសម៉ាអែល ជាកូននេថានា នឹង១០នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវទៅ គឺគេសំឡាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ អ៊ីសម៉ាអែលក៏សំឡាប់ពួកយូដាទាំងអស់ ដែលនៅជាមួយនឹងកេដាលាត្រង់មីសប៉ាដែរ ព្រមទាំងពួកខាល់ដេ ជាទាហានដែលនៅទីនោះផង។ ដល់កន្លងបាន២ថ្ងៃក្រោយ ដែលសំឡាប់កេដាលាហើយ ឥតមានអ្នកណាដឹងសោះ នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ នឹងសាម៉ារី ចំនួន៨០នាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់ដង្វាយម្សៅ នឹងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ នោះក៏និយាយថា សូមទៅឯកេដាលា ជាកូនអ័ហ៊ីកាម រួចកាលគេបានចូលទៅក្នុងទីក្រុងហើយ នោះអ៊ីសម៉ាអែល ជាកូននេថានា នឹងពួកអ្នកដែលនៅជាមួយក៏សំឡាប់គេបោះចោលទៅក្នុងរណ្តៅ ប៉ុន្តែមាន១០នាក់ក្នុងពួកគេ ដែលអង្វរដល់អ៊ីសម៉ាអែលថា សូមកុំសំឡាប់យើងខ្ញុំឡើយ ពីព្រោះយើងខ្ញុំមានស្បៀងអាហារ ជាស្រូវសាលី ស្រូវឱក ប្រេង នឹងទឹកឃ្មុំកប់ទុកនៅចំការ ដូច្នេះអ៊ីសម៉ាអែលក៏អាក់ខាន មិនបានសំឡាប់អ្នកទាំងនោះ ជាមួយនឹងបងប្អូនគេទេ រីឯរណ្តៅដែលអ៊ីសម៉ាអែលបោះចោលអស់ទាំងសាកសពនៃមនុស្ស ដែលបានសំឡាប់ទៅជាមួយនឹងកេដាលា នោះគឺជារណ្តៅដែលស្តេចអេសាបានជីក ដោយខ្លាចប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏បំពេញរណ្តៅ ដោយសពរបស់មនុស្សដែលបានសំឡាប់នោះ អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្តាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន នឹងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័ហ៊ីកាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏ដឹកនាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីនឹងឆ្លងទៅឯពួកកូនចៅអាំម៉ូន។ កាលយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ បានឮនិយាយពីអស់ទាំងការអាក្រក់ ដែលអ៊ីសម៉ាអែល ជាកូននេថានាបានធ្វើ នោះគេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន រីឯពួកជនទាំងឡាយ ដែលនៅជាមួយនឹងអ៊ីសម៉ាអែល កាលបានឃើញយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពដែលនៅជាមួយហើយ នោះគេមានចិត្តអរណាស់ ដូច្នេះ ពួកជនដែលអ៊ីសម៉ាអែលបានចាប់ពីមីសប៉ាដឹកនាំទៅជាឈ្លើយទាំងប៉ុន្មាន គេក៏វិលត្រឡប់មកខាងយ៉ូហាណាន ជាកូនការាវិញ ប៉ុន្តែ អ៊ីសម៉ាអែលជាកូននេថានា គេចរួចពីយ៉ូហាណាន ទៅឯពួកកូនចៅអាំម៉ូនទៅ ហើយមាន៨នាក់ទៅជាមួយ លំដាប់នោះយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពដែលនៅជាមួយគេក៏នាំយកសំណល់ជនពីមីសប៉ាទៅ គឺជាពួកអ្នកដែលបានដោះឲ្យរួចពីអ៊ីសម៉ាអែល ជាកូននេថានាមក ក្រោយដែលវាបានសំឡាប់កេដាលា ជាកូនអ័ហ៊ីកាមហើយ គឺបាននាំទាំងពួកទាហាន ពួកស្រីៗ នឹងកូនក្មេង ហើយពួកមនុស្សគំរៀវដែលបាននាំត្រឡប់មកពីគីបៀនវិញ គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ ពីព្រោះគេខ្លាចពួកខាល់ដេ ដោយព្រោះអ៊ីសម៉ាអែល ជាកូននេថានា បានសំឡាប់កេដាលា ជាកូនអ័ហ៊ីកាម ជាអ្នកដែលស្តេចបាប៊ីឡូនតាំងឡើង ជាចៅហ្វាយលើស្រុក។