យេរេមា 40:1-16

យេរេមា 40:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ហោរា​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា‌មួយ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​នាំទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​នោះ។ មេ‌ទ័ព​ធំ​យក​ហោរា​យេរេមា​មក​និយាយ​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​នេះ​ទម្លាក់​លើ​ទី​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​អ្នក​រាល់​គ្នា។ ដូច្នេះ មើល៍! នៅ​ថ្ងៃ​នេះ ខ្ញុំ​ដោះ​ច្រវាក់​ចេញ​ពី​ដៃ​អ្នក ប្រសិន‌បើ​អ្នក​ចូល​ចិត្ត​ទៅ​ស្រុក​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បម្រុង​អ្នក​ដោយ​ល្អ តែ​បើ​មិនពេញ​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ អ្នក​ទៅ​ចុះ។ ប្រសិន​បើ​អ្នក​សម្រេច​ថា​ស្នាក់​នៅ ចូរ​វិល​ទៅរក​កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តែង​តាំង​ជា​ទេសាភិបាល​នៅ​ស្រុក​យូដាចុះ។ ចូរ​ស្នាក់​នៅ​ទី​នោះ​ជា‌មួយ​លោក ក្នុង​ចំណោម​ប្រជាជន​របស់​លោក ឬ​ទៅ​កន្លែង​ណា​ក៏​បាន តាមដែល​អ្នក​យល់​ឃើញ»។ ដូច្នេះ មេ‌ទ័ព​ធំ​ក៏​ចែក​ស្បៀង​អាហារ និង​រង្វាន់​ឲ្យហោរា​យេរេមា រួច​លែង​គាត់​ឲ្យ​ចេញ​ទៅ។ ដូច្នេះ ហោរា​យេរេមា​ក៏​ទៅ​ជួប​កេដាលា ជា​កូន​អ័ហ៊ី‌កាម​នៅ​ត្រង់​មីសប៉ា ហើយ​ស្នាក់​នៅ​ជា‌មួយ​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​សល់​នៅ​ក្នុង​ស្រុក។ ពេល​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចម្ការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅ‌ហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក។ គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា យ៉ូ‌ហា‌ណាន និង​យ៉ូណាថាន ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថានហ៊ូមែត និង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង។ កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ និង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា៖ កុំ​ខ្លាច​នឹង​បម្រើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ។ ចំណែក​ខ្ញុំ ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា​ដែល​មក​រក​យើង​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ទុក​ដាក់​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ។ មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​ម៉ូអាប់ និង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អាំម៉ូន និង​នៅ​ស្រុក​អេដុម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ស្រុក​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​នៅ​សល់ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ស្រុក​យូដា ជួប​កេដាលា​ត្រង់​មីសប៉ា ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ​ជា​ច្រើន។ យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចម្ការ គេ​ក៏​មកជួប​កេដាលា​នៅ​ត្រង់​មីសប៉ា។ គេ​ជម្រាប​លោក​ថា៖ តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឲ្យ​មក​សម្លាប់​លោក? តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ។ គ្រា​នោះ យ៉ូ‌ហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា ដោយ​សម្ងាត់​នៅ​ត្រង់​មីសប៉ា​ថា៖ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ ខ្ញុំ​នឹង​សម្លាប់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ តើ​ទុក​ឲ្យ​វា​មក​សម្លាប់​លោក​ធ្វើ​អ្វី? យ៉ាង​នោះ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស។ ប៉ុន្តែ កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូ‌ហា‌ណាន ជា​កូន​ការា​ថា៖ កុំ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​អំពី​អ៊ីស‌ម៉ា‌អែល​ទេ។

ចែក​រំលែក
អាន យេរេមា 40

យេរេមា 40:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ក្រោយ​ពេល​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ឲ្យ​លោក​ចាក​ចេញ​ពី​ភូមិ​រ៉ាម៉ា។ កាល​លោក​នេប៊ូ‌សារ៉ា‌ដាន​ឲ្យ​គេ​ទៅ​នាំ​លោក​យេរេមា​មក​នោះ លោក​ជាប់​ច្រវាក់​ជា​មួយ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា​ទាំង​អស់ ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​រាជ​ប្រតិភូ​បាន​ឲ្យ​គេ​ទៅ​នាំ​លោក​យេរេមា​មក ហើយ​គាត់​ពោល​ទៅ​លោក​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​សម្រេច​នាំ​មហន្ត‌រាយ​មក​លើ​ទឹក​ដី​នេះ។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ប្រកាស​មែន ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ទេ។ អ្វីៗ​ដែល​ព្រះអង្គ​បាន​ប្រកាស​ទុក សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ច្រវាក់ ដែល​ជាប់​នៅ​ដៃ​លោក។ ប្រសិន​បើ​លោក​ចង់​ទៅ​ស្រុក​បាប៊ី‌ឡូន​ជា​មួយ​ខ្ញុំ សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​ជួយ​ទំនុក​បម្រុង​លោក តែ​បើ​លោក​មិន​ចង់​ទៅ​ស្រុក​បាប៊ី‌ឡូន​ជា​មួយ​ខ្ញុំ​ទេ ក៏​មិន​អី​ដែរ។ មើល៍! ស្រុក​ទាំង​មូល​ស្ថិត​នៅ​ចំពោះ​មុខ​លោក​ហើយ សុំ​អញ្ជើញ​ទៅ​កន្លែង​ណា​ក៏​បាន តាម​តែ​លោក​ពេញ​ចិត្ត»។ ពេល​ឃើញ​លោក​យេរេមា​នៅ​ស្ងៀម​មិន​ទាន់​ឆ្លើយ លោក​នេប៊ូ‌សារ៉ា‌ដាន​ក៏​ពោល​ទៀត​ថា៖ «សុំ​លោក​វិល​ទៅ​ជួប​នឹង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដែល​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក​យូដា​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ទៅ ឬ​មួយ​លោក​ចង់​ទៅ​កន្លែង​ណា​ផ្សេង​ទៀត តាម​ចិត្ត​លោក​ប្រាថ្នា»។ លោក​រាជ​ប្រតិភូ​បាន​ប្រគល់​ស្បៀង និង​ជំនូន​ខ្លះ​ទៀត ជូន​លោក ហើយ​ប្រាប់​ឲ្យ​លោក​ចេញ​ទៅ។ លោក​យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ។ កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​ឲ្យ​គ្រប់‌គ្រង​ស្រុក ហើយ​ផ្ទុក‌ផ្ដាក់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន។ ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា​នៅ​មីសប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន និង​លោក​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា​ជា​កូន​របស់​លោក​ថានហ៊ូ‌មែត កូនៗ​របស់​លោក​អេផាយ អ្នក​ស្រុក​នថូ‌ផា និង​លោក​យេសា‌នា​ជា​កូន​របស់​ពួក​ម៉ាកា‌ទី ព្រម​ទាំង​ទាហាន​របស់​ពួក​គេ។ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ប្រកាស​យ៉ាង​ឱឡា‌រិក​ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​ក្រែង​នឹង​បម្រើ​ជន‌ជាតិ​ខាល់ដេ​ឡើយ ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន។ ចំណែក​ឯ​ខ្ញុំ ខ្ញុំ​នៅ​មីសប៉ា​នេះ ដើម្បី​ជា​តំណាង​របស់​អស់​លោក នៅ​ចំពោះ​មុខ​ពួក​ខាល់ដេ​ដែល​មក​ស្រុក​យើង។ អស់​លោក​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ ព្រម​ទាំង​ផលិត​ប្រេង​ទុក​ក្នុង​ដប ហើយ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​ក្រុង ដែល​អស់​លោក​កាន់​កាប់​ពី​មុន​នោះ​ទៅ»។ រីឯ​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន ស្រុក​អេដុម និង​ស្រុក​ឯ​ទៀតៗ ក៏​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទុក​ប្រជា‌ជន​មួយ​ចំនួន​ដែល​នៅ​សេស‌សល់ ឲ្យ​រស់​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​អ្នក​ទាំង​នោះ​ដែរ។ ដូច្នេះ ជន‌ជាតិ​យូដា​ទាំង​អស់​នាំ​គ្នា​វិល​ពី​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​ត្រឡប់​មក​រក​លោក​កេដា‌លា នៅ​មីសប៉ា ក្នុង​ស្រុក​យូដា​វិញ។ ពួក​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឈើ​ឯ​ទៀតៗ​បាន​យ៉ាង​ច្រើន។ លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​នៅ​តាម​ព្រៃ នាំ​គ្នា​មក​ជួប​លោក​កេដា‌លា​នៅ​មីសប៉ា ជម្រាប​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ បាលីស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន ចាត់​លោក​អ៊ីស្មា‌អែល​ជា​កូន​របស់​លោក​នេថា‌នា ឲ្យ​មក​សម្លាប់​លោក?»។ ប៉ុន្តែ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មិន​ជឿ​ពាក្យ​អ្នក​ទាំង​នោះ​ទេ។ លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ជម្រាប​លោក​កេដា‌លា​ជា​សម្ងាត់ នៅ​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សម្លាប់​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​ចុះ គ្មាន​នរណា​ដឹង​ទេ។ មិន​ត្រូវ​ទុក​ឲ្យ​គាត់​ប្រហារ​ជីវិត​លោក ហើយ​ឲ្យ​ជន‌ជាតិ​យូដា​ដែល​ប្រមូល​គ្នា​នៅ​ជុំ‌វិញ​លោក ត្រូវ​ខ្ចាត់‌ខ្ចាយ និង​ឲ្យ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ត្រូវ​វិនាស​អន្តរាយ​នោះ​ឡើយ»។ លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម តប​ទៅ​លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា​វិញ​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឲ្យ​សោះ ដ្បិត​សេចក្ដី​ដែល​លោក​ពោល​អំពី​លោក​អ៊ីស្មា‌អែល​នោះ មិន​ពិត​ទេ!»។

ចែក​រំលែក
អាន យេរេមា 40

យេរេមា 40:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា​ហើយ ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ដាក់​ច្រវាក់ ជា​មួយ​នឹង​ពួក​ក្រុង​យេរូ‌សាឡិម នឹង​ពួក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ដឹក‌នាំ​ជា​ឈ្លើយ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​នោះ មេ‌ទ័ព​ធំ​ក៏​យក​យេរេមា​មក​និយាយ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ប្រកាស​សេចក្ដី​អាក្រក់​នេះ​ទំលាក់​លើ​ទី​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ផង ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​ឯង​រាល់​គ្នា ដូច្នេះ​មើល នៅ​ថ្ងៃ​នេះខ្ញុំ​ដោះ​ច្រវាក់​ពី​ដៃ​អ្នក​ចេញ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បំរុង​អ្នក​ដោយ​ល្អ តែ​បើ​មិន​គាប់​ចិត្ត​នឹង​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ មើល ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ឃើញ​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ នោះ​ឲ្យ​អ្នក​ទៅ​ចុះ រីឯ​កាល​លោក​កំពុង​កន្ទះ​រា​នៅ​ឡើយ នោះ​មេ‌ទ័ព​ធំ​ប្រាប់​ថា ចូរ​អ្នក​វិល​ទៅ​ឯ​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង ឲ្យ​ត្រួត‌ត្រា​លើ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​លោក​កណ្តាល​បណ្តាជន​ចុះ ឬ​ឲ្យ​ទៅ​ឯ​កន្លែង​ណា តាម​ដែល​ចិត្ត​គិត​ឃើញ​ថា​គួរ​នោះ​មេ‌ទ័ព​ធំ ក៏​ចែក​ស្បៀង​អាហារ​ឲ្យ ព្រម​ទាំង​ឲ្យ​រង្វាន់​រួច​លែង​ឲ្យ​ទៅ ដូច្នេះ យេរេមា​ក៏​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​អាស្រ័យ​នៅ​ជា​មួយ នៅ​កណ្តាល​បណ្តាជន​ដែល​សល់​នៅ​ក្នុង​ស្រុក។ រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី នឹង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក នោះ​គេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ា គឺ​មាន​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា យ៉ូហា‌ណាន នឹង​យ៉ូណា‌ថាន​ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត នឹង​ពួក​កូន​របស់​អេផាយ ពី​ស្រុក​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង នោះ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ ហើយ​នឹង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច​នឹង​បំរើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ ឯ​ចំណែក​ខ្ញុំ មើល ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​នឹង​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា ដែល​នឹង​មក​ឯ​យើង​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ នឹង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេងដាក់​ទុក ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ម៉ូអាប់ នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ស្រុក​អេដំម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ស្រុក​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​សល់​នៅ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ដែល​ជា​កូន​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ នោះ​ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ស្រុក​យូដា ដល់​កេដាលា​ត្រង់​មីសប៉ា ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ នឹង​ផល​រដូវ​ក្តៅ​ជា​ច្រើន​ណាស់។ រីឯ​យ៉ូហា‌ណាន ជា​កូន​ការា នឹង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ គេ​ក៏​មក​ឯ​កេដាលា​នៅ​ត្រង់​មីសប៉ា គេ​ជំរាប​លោក​ថា តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា ឲ្យ​មក​សំឡាប់​លោក តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ គ្រា​នោះ យ៉ូហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា​ដោយ​សំងាត់ នៅ​ត្រង់​មីសប៉ា​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ នោះ​ខ្ញុំ​នឹង​សំឡាប់​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​បង់ ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ នឹង​ទុក​ឲ្យ​វា​មក​សំឡាប់​លោក​ធ្វើ​អ្វី យ៉ាង​នោះពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស​បង់ តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូហា‌ណាន ជា​កូន​ការា​ថា កុំ​ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​ពី​ដំណើរ​អ៊ីស‌ម៉ាអែល​ទេ។

ចែក​រំលែក
អាន យេរេមា 40