យេរេមា 4:5-9
យេរេមា 4:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយ។ ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវរត់ទៅ កុំបង្អង់ឡើយ ព្រោះយើងនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង។ មានសត្វសិង្ហមួយបានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកអ្នក ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នក ត្រូវបែកបាក់ ចោលឥតមានអ្នកណានៅ។ ហេតុនេះ ចូរអ្នករាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ ព្រះហឫទ័យនៃស្តេច និងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំង ហើយពួកហោរានឹកប្លែកដែរ។
យេរេមា 4:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដា ចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹម ចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុក ហើយស្រែកឲ្យអស់ទំហឹងថា: “ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុង ក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!” ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូន ចូរនាំគ្នារត់ទៅរកកន្លែងពួន កុំបង្អែបង្អង់ឲ្យសោះ! ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាច ចេញមកពីទិសខាងជើង បណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ សត្វតោលោតចេញពីរូងរបស់វាហើយ មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ ពីកន្លែងរបស់ខ្លួន ដើម្បីកម្ទេចស្រុករបស់អ្នក ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ លែងមានប្រជាជនរស់នៅទៀតហើយ។ ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូរគក់ទ្រូងយំសោកសង្រេង ដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធ ដ៏ខ្លាំងក្លាចេញពីយើងឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា នៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្ត ក្រុមបូជាចារ្យនឹងតក់ស្លុត ក្រុមព្យាការីនឹងស្រឡាំងកាំង។
យេរេមា 4:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយចុះ ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង មានសត្វសិង្ហ១បានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកឯង ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯង ត្រូវបែកបាក់ចោល ឥតមានអ្នកណានៅ ហេតុនេះ ចូរឲ្យឯងរាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះព្រះទ័យនៃស្តេច នឹងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំងនៅ ហើយពួកហោរានឹងនឹកប្លែកដែរ។