យេរេមា 38:1-28
យេរេមា 38:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សេផាធា ជាកូនម៉ាត់ថាន និងកេដាលា ជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលហោរាយេរេមាប្រាប់បណ្ដាជនទាំងឡាយថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញផុតពីពួកខាល់ដេ នោះនឹងបានរស់ ជីវិតអ្នកនោះដូចរួចពីសង្គ្រាម ហើយរស់នៅតទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យក"។ ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។ ព្រះបាទសេដេគាមានរាជឱង្ការតបថា៖ «មើល៍! វានៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ»។ គេក៏ចាប់យកហោរាយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសម្រូតហោរាយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់ ហើយហោរាយេរេមាក៏ផុងទៅក្នុងភក់នោះ។ លោកអេបេឌ-មេលេក សាសន៍អេធីយ៉ូពី ដែលជាមហាតហិកនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់ហោរាយេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះ ស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន) នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា៖ «ឱព្រះករុណា ជាអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអត់ឃ្លានជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ»។ ដូច្នេះ ស្ដេចបង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា៖ «ចូរនាំមនុស្សសាមសិបនាក់ពីទីនេះទៅជាមួយអ្នក ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់»។ ដូច្នេះ អេបេឌ-មេលេកក៏យកមនុស្សទាំងនោះទៅជាមួយ ចូលទៅក្នុងព្រះរាជដំណាក់ គឺទៅកាន់បន្ទប់សម្លៀកបំពាក់នៅក្នុងឃ្លាំង យកក្រណាត់ចាស់ៗ និងសម្លៀកបំពាក់រយ៉ីរយ៉ៃពីកន្លែងនោះ ហើយចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យយេរេមានៅក្នុងអណ្ដូងងងឹត។ អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់ហោរាយេរេមាថា៖ «សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅហោរាយេរេមាក៏ធ្វើដូច្នោះ។ រួចគេយោងទាញហោរាយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។ ព្រះបាទសេដេគាបានចាត់គេទៅនាំហោរាយេរេមា មកនៅត្រង់ទ្វារទីបីក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្ដេចមានរាជឱង្ការទៅកាន់ហោរាយេរេមាថា៖ «យើងចង់សួរបន្តិច កុំលាក់នឹងយើងឡើយ»។ ដូច្នេះ ហោរាយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលទ្រង់ឲ្យជ្រាប តើទ្រង់មិនសម្លាប់ទូលបង្គំមែនទេឬ? ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ»។ ព្រះបាទសេដេគាស្បថនឹងហោរាយេរេមាដោយសម្ងាត់ថា៖ «ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ ដែលព្រះអង្គបានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសម្លាប់ ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ»។ ហោរាយេរេមាទូលព្រះបាទសេដេគាថា៖ «ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងមានព្រះជន្មគង់នៅ ហើយទីក្រុងនេះក៏មិនត្រូវដុតបំផ្លាញដែរ គឺទ្រង់ និងពួកវង្សាក៏បានរួចជីវិតដែរ។ ប៉ុន្តែ បើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ»។ ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់ហោរាយេរេមាថា៖ «យើងខ្លាចពួកសាសន៍យូដា ដែលចូលដៃខាងពួកខាល់ដេ ហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ហើយគេត្មះតិះដៀលយើង»។ ប៉ុន្តែ ហោរាយេរេមាទូលតបថ៖ «គេមិនប្រគល់ទ្រង់ទៅទេ ទូលបង្គំអង្វរ សូមទ្រង់ស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា តាមសេចក្ដីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្ដីសុខ ហើយនឹងមានព្រះជន្មគង់នៅ។ ប៉ុន្តែ ប្រសិនបើទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ាបានសម្ដែងសេចក្ដីនេះមក ឲ្យទូលបង្គំឃើញថា ស្ត្រីទាំងប៉ុន្មាន ដែលនៅសល់ក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្ត្រីទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ព្រះបាទរបស់ព្រះករុណាផុងជាប់ ទៅក្នុងភក់ហើយ នោះគេងាកចេញពីទ្រង់ទៅ។ គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។ ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់ហោរាយេរេមាថា៖ «កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ អ្នកមិនត្រូវស្លាប់ទេ។ ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមករកអ្នក ដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេច កុំលាក់យើងឲ្យសោះ យើងមិនសម្លាប់អ្នកទេ ហើយប្រាប់យើងពីសេចក្ដីដែលស្តេចមានព្រះបន្ទូលនឹងអ្នកដែរ។ អ្នកត្រូវប្រាប់ដល់គេថា ខ្ញុំគ្រាន់តែទូលអង្វរស្ដេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ»។ បន្ទាប់មក ពួកចៅហ្វាយទាំងប៉ុន្មាន ក៏មកឯយេរេមាសួរយ៉ាងនោះមែន ហើយលោកប្រាប់គេតាមគ្រប់ទាំងពាក្យដែលស្តេចបានបង្គាប់។ ដូច្នេះ គេក៏លែងនិយាយនឹងលោកទៅ ពីព្រោះការនោះមិនបានបើកឲ្យគេឃើញទេ។ ឯហោរាយេរេមាក៏នៅជាប់ក្នុងទីលានគុក ដរាបដល់ថ្ងៃដែលគេចាប់យកក្រុងយេរូសាឡិមបាន ។ វេលាដែលគេចាប់យកទីក្រុងបាន នោះលោកនៅទីនោះនៅឡើយ។
យេរេមា 38:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គា បានឮពាក្យដែលលោកយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្ដេចស្រុកបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។ មន្ត្រីទាំងនោះទូលស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។ ព្រះបាទសេដេគាតបថា៖ «គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្ដេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។ គេចាប់លោកយេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងលោកយេរេមា សម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមាជាប់ផុងនៅក្នុងភក់នោះ។ លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់លោកយេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចគង់កាត់ក្ដីនៅមាត់ទ្វារបេនយ៉ាមីន លោកអេបេដ-មេលេកចេញពីវាំង ហើយទូលស្ដេចដូចតទៅ៖ «បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះព្យាការីយេរេមាពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។ ព្រះបាទសេដេគាបញ្ជាទៅលោកអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមាចេញពីអណ្ដូងមក កុំឲ្យគាត់ស្លាប់ទាន់»។ លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យលោកយេរេមា នៅក្នុងអណ្ដូង។ លោកអេបេដ-មេលេក ជាជនជាតិអេត្យូពី ស្រែកប្រាប់លោកយេរេមាថា៖ «សូមលោកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ លោកយេរេមាក៏ធ្វើតាម។ ពួកគេទាញខ្សែពួរ លើកលោកយេរេមាឡើងពីអណ្ដូងមក ហើយលោកយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។ ព្រះបាទសេដេគាបានចាត់គេឲ្យទៅអញ្ជើញព្យាការីយេរេមាមកគាល់ នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។ លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។ ព្រះបាទសេដេគាមានរាជឱង្ការស្បថជាសម្ងាត់មកលោកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។ លោកយេរេមាក៏ទូលស្ដេចថា៖ «ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកម្ទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។ ប៉ុន្តែ ប្រសិនបើព្រះករុណាមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុងព្រះករុណា និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយ»។ ព្រះបាទសេដេគាមានរាជឱង្ការមកកាន់លោកយេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដា ដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។ លោកយេរេមាទូលស្ដេចថា៖ «គេនឹងមិនប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមព្រះករុណាធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលទូលបង្គំទូលថ្វាយព្រះករុណា នោះព្រះករុណានឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើព្រះករុណាមិនព្រមចេញទៅចុះចូលទេ ព្រះអម្ចាស់សម្តែងឲ្យទូលបង្គំដឹងដូចតទៅ: ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្ដេចស្រុកយូដា នឹងត្រូវគេចាប់យកទៅឲ្យពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា ពួកជំនិតរបស់ព្រះករុណាបានបញ្ឆោត និងមានប្រៀបលើព្រះករុណា ពេលព្រះករុណាមានអាសន្ន ពួកគេនាំគ្នាបោះបង់ចោលព្រះករុណាអស់។ គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅឲ្យពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកម្ទេចក្រុងនេះផង»។ ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «កុំឲ្យនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។ ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើង បើលាក់លោកនឹងត្រូវស្លាប់”។ លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។ មន្ត្រីទាំងអស់នាំគ្នាមកជួបលោកយេរេមា ហើយសួរចម្លើយលោក។ លោកឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្ដេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរលោក ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។ លោកយេរេមាស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្ដេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹម។
យេរេមា 38:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេផាធា ជាកូនម៉ាត់ថាន នឹងកេដាលា ជាកូនផាសហ៊ើរ យេហ៊ូកាល ជាកូនសេលេមា ហើយផាសហ៊ើរ ជាកូនម៉ាលគា គេក៏ឮពាក្យដែលយេរេមាប្រាប់បណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញទៅឯពួកខាល់ដេ នោះនឹងបានរស់នៅវិញ ជីវិតអ្នកនោះនឹងរាប់ទុកដូចជារបឹបដល់ខ្លួន អ្នកនោះនឹងរស់នៅតទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ទីក្រុងនេះនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបានជាពិត ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មានក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង នឹងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ ស្តេចសេដេគាមានបន្ទូលតបថា មើល វានៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ នោះគេក៏ចាប់យកយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសំរូតយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់វិញ ហើយយេរេមាក៏ផុងទៅក្នុងភក់នោះ។ កាលអេបេឌ-មេលេក ជាមនុស្សគំរៀវ សាសន៍អេធីយ៉ូពី ដែលនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់យេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន) នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា ឱព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ហោរាយេរេមា គឺដែលគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត នោះជាការអាក្រក់ណាស់ ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយព្រោះអំណត់ជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទៀតទេ ដូច្នេះ ស្តេចទ្រង់បង្គាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពីថា ចូរនាំយកមនុស្ស៣០នាក់ពីទីនេះទៅជាមួយនឹងឯង ហើយស្រង់ហោរាយេរេមាចេញពីគុកងងឹតមក ក្រែងលោកស្លាប់ អេបេឌ-មេលេកក៏នាំយកមនុស្សទាំងនោះ ទៅជាមួយចូលទៅខាងក្រោមឃ្លាំងក្នុងព្រះរាជវាំង ក៏យកកំណាត់ចាស់ៗ នឹងអាវរយ៉ីរយ៉ៃទៅសំរូតចុះដល់យេរេមានៅក្នុងគុកងងឹត រួចអេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ក៏ប្រាប់យេរេមាថា សូមទ្រាប់កំណាត់ចាស់ នឹងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅ យេរេមាក៏ធ្វើដូច្នោះ រួចគេយោងទាញយេរេមាឡើងរួចពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកវិញ។ គ្រានោះ ស្តេចសេដេគាទ្រង់ចាត់គេទៅនាំហោរាយេរេមាមកឯទ្រង់ នៅត្រង់ទ្វារទី៣ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ស្តេចទ្រង់មានបន្ទូលដល់យេរេមាថា យើងចង់សួរបន្តិច កុំឲ្យលាក់អ្វីនឹងយើងឡើយ ដូច្នេះ យេរេមាលោកទូលដល់សេដេគាថា បើសិនជាទូលបង្គំទូលទ្រង់ឲ្យបានជ្រាប នោះតើទ្រង់មិនសំឡាប់ទូលបង្គំជាប្រាកដទេឬ ហើយបើទូលបង្គំទូន្មានទ្រង់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ នោះស្តេចសេដេគាទ្រង់ស្បថឲ្យយេរេមាដោយសំងាត់ថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ ដែលទ្រង់បានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសំឡាប់ ឬប្រគល់អ្នកទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ។ រួចយេរេមាទូលដល់សេដេគាថា ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងគង់ព្រះជន្មនៅ ហើយទីក្រុងនេះក៏មិនត្រូវដុតនឹងភ្លើងដែរ គឺទ្រង់ នឹងពួកវង្សាទ្រង់នឹងបានរួចជីវិត ប៉ុន្តែបើទ្រង់មិនព្រមចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទេ នោះទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ហើយគេនឹងដុតចោល ឯទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ ស្តេចសេដេគា ទ្រង់មានបន្ទូលនឹងយេរេមាថា យើងខ្លាចពួកសាសន៍យូដា ដែលរវាតចូលទៅខាងពួកខាល់ដេហើយក្រែងសាសន៍ខាល់ដេប្រគល់យើង ទៅក្នុងកណ្តាប់ដៃគេហើយគេត្មះតិះដៀលយើង តែយេរេមាទូលតបថា គេនឹងមិនប្រគល់ទ្រង់ទៅទេ ទូលបង្គំអង្វរទ្រង់ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្ដីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្ដីសុខ ហើយនឹងមានព្រះជន្មនៅ តែបើសិនជាទ្រង់មិនព្រមយាងចេញទៅទេ នោះព្រះយេហូវ៉ា ទ្រង់បានសំដែងសេចក្ដីនេះមក ឲ្យទូលបង្គំឃើញថា មើល ពួកស្រីៗទាំងប៉ុន្មាន ដែលសល់នៅក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយស្រីៗទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ដែលស្ដេចទ្រង់ផុងជាប់ទៅក្នុងភក់ហើយ នោះគេបានងាកចេញពីទ្រង់ទៅ គេនឹងនាំភរិយានឹងព្រះរាជបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវឆេះដោយភ្លើង។ នោះសេដេគា ទ្រង់មានបន្ទូលដល់យេរេមាថា កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ នោះអ្នកមិនត្រូវស្លាប់ទេ ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមកឯអ្នកដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេចមក កុំឲ្យលាក់អ្វីពីយើងឲ្យសោះ នោះយើងនឹងមិនឲ្យអ្នកត្រូវស្លាប់ទេ ហើយប្រាប់យើង ពីសេចក្ដីដែលស្តេចបានមានបន្ទូលដល់អ្នកដែរ យ៉ាងនោះត្រូវឲ្យអ្នកប្រាប់ដល់គេថា ខ្ញុំបានគ្រាន់តែទូលអង្វរស្តេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ រួចមក ពួកចៅហ្វាយទាំងប៉ុន្មាន ក៏មកឯយេរេមាសួរយ៉ាងនោះមែន ហើយលោកប្រាប់គេតាមគ្រប់ទាំងពាក្យ ដែលស្តេចបានបង្គាប់មក ដូច្នេះ គេក៏លែងនិយាយនឹងលោកទៅ ពីព្រោះការនោះមិនបានបើកឲ្យគេឃើញទេ ឯយេរេមាលោកក៏នៅជាប់ក្នុងទីលានគុក ដរាបដល់ថ្ងៃដែលគេចាប់យកក្រុងយេរូសាឡិមបាន ឯវេលាដែលគេចាប់យកទីក្រុងបាន នោះលោកនៅទីនោះនៅឡើយ។