យេរេមា 32:16-44

យេរេមា 32:16-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ាអើយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​សម្រាប់​ព្រះ‌អង្គ​ទេ។ គឺ​ព្រះ‌អង្គ​សម្ដែង​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ព្រះ‌អង្គ​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ធ្វើ​ការ​ផ្សេងៗ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​ឃើញ​យើង ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន។ ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រា‌អែល ហើយ​កណ្ដាល​ពួក​មនុស្ស​ដទៃ​ផង ព្រះ‌អង្គ​ក៏​បាន​តាំង​កិត្តិនាម​របស់​ព្រះ‌អង្គ​ឡើង​ដូច​ជា​មាន​សព្វ​ថ្ងៃ។ ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដោយ​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ។ ព្រះ‌អង្គ​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ​ហៀរ។ គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អង្គ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​គេ​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​បណ្ដាល​ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ។ មើល៍! ប្រដាប់​ចម្បាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​តយុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ។ ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា៖ ចូរ​អ្នក​ទទួល​ទិញ​ចម្ការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​សម្រាប់​យើង​ឬ? ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​យើង​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន ។ ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់​នៅ​ចំពោះ​យើង តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ បាន​ជា​គួរ​ឲ្យ​យើង​បំបាត់​ចេញ​ពី​មុខ​យើង​ទៅ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា។ គេ​បាន​បែរ​ខ្នង​ដាក់​យើង មិន​បែរ​មុខ​ឡើយ ហើយ​ទោះ​បើ​យើង​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ក៏​ដោយ តែ​គេ​មិន​បាន​ស្តាប់​តាម និង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​សោះ។ គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ។ គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណម សម្រាប់​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ​ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​យើង​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​យើង ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ដែរ។ ដោយ​ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​អ្នក​ថា ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់ និង​អាសន្ន‌រោគ​នេះ​ថា មើល៍! យើង​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​កំហឹង សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង​របស់​យើង ក៏​នឹង​នាំ​គេ​មក​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត។ គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ យើង​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​មួយ និង​ផ្លូវ​ប្រព្រឹត្ត​តែ​មួយ ប្រយោជន៍​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​យើង​ជា​ដរាប សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​តរៀង​ទៅ។ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។ យើង​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​យើង​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​យើង។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជន​ជាតិ​នេះ​យ៉ាង​ណា យើង​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​យើង​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ។ គ្រា​នោះ មនុស្ស​នឹង​ទទួល​ទិញ​ចម្ការ នៅ​ក្នុង​ស្រុក​នេះ​ទៀត ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ។ មនុស្ស​នឹង​ទទួល​ទិញ​ស្រែ​ចម្ការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេនយ៉ាមីន​នេះ​នឹង​នៅ​ក្រវល់​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​តំបន់​ណេកិប​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 32

យេរេមា 32:16-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​បាន​ប្រគល់​លិខិត​បញ្ជាក់​ទិញ​ដី​ទៅ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​រួច​ហើយ ខ្ញុំ​ក៏​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​មហិទ្ធិ‌ឫទ្ធិ និង​ព្រះ‌បារមី​របស់​ព្រះអង្គ។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ព្រះអង្គ​ធ្វើ​មិន​កើត? ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ព្រះអង្គ​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ប្រកប​ដោយ​ព្រះ‌ចេស្ដា។ ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ គម្រោង‌ការ​របស់​ព្រះអង្គ​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ព្រះអង្គ​អាច​នឹង​សម្រេច​គម្រោង‌ការ​ទាំង​នោះ​បាន។ ព្រះអង្គ​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ព្រះអង្គ​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ កាល​ពី​ដើម ព្រះអង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ដោយ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​នេះ ព្រះអង្គ​ក៏​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ ព្រះ‌នាម​របស់​ព្រះអង្គ​បាន​ល្បី‌ល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។ ព្រះអង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ប្រកប​ដោយ​ព្រះ‌ចេស្ដា​បារមី​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​បំផុត ដើម្បី​នាំ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ព្រះអង្គ​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​បុព្វបុរស គឺ​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។ ជន‌ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​ឲ្យ​ប្រជា‌ជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រកាស​ពិត​ជា​សម្រេច​ជា​រូប​រាង ដូច​ព្រះអង្គ​ទត​ឃើញ​ស្រាប់។ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ក្រុង​នេះ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ប្រាប់​ឲ្យ​ទូលបង្គំ​យក​ប្រាក់​ទិញ​ដី​ចម្ការ ដោយ​មាន​សាក្សី​ដឹង​ឮ​ទៅ​វិញ? ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​អ្នក​ថា: យើង​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ និង​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ នេប៊ូ‌ក្នេសា​នឹង​ដណ្ដើម​យក​ក្រុង​នេះ។ ជន‌ជាតិ​ខាល់ដេ​ដែល​កំពុង​តែ​វាយ​លុក​ក្រុង​នេះ នឹង​នាំ​គ្នា​ចូល​មក​ដុត​កម្ទេច​ទីក្រុង ហើយ​ដុត​កម្ទេច​ផ្ទះ​ដែល​មាន​កន្លែង​ដុត​គ្រឿង​សក្ការៈ​នៅ​តាម​ដំបូល សម្រាប់​សែន​ព្រះ​បាល និង​ច្រួច‌ស្រា​សែន​ព្រះ​ដទៃ ជា​ហេតុ​នាំ​ឲ្យ​យើង​ខឹង។ ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា ចេះ​តែ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ទាស់​ចិត្ត​យើង​តាំង​ពី​ដើម​រៀង​មក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង ព្រោះ​តែ​ស្នាដៃ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​ធ្វើ​ឲ្យ​យើង​ខឹង តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​សង់​ក្រុង​នេះ រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​ហេតុ​នាំ​ឲ្យ​យើង​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​យើង។ ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា គឺ​ទាំង​ប្រជា‌ជន ទាំង​ស្ដេច ទាំង​មន្ត្រី ទាំង​បូជា‌ចារ្យ ទាំង​ព្យាការី ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​បញ្ឆេះ​កំហឹង​យើង។ ពួក​គេ​ងាក​មុខ​ចេញ​ពី​យើង ហើយ​បែរ​ខ្នង​ដាក់​យើង។ ទោះ​បី​យើង​បាន​ទូន្មាន​ប្រៀន‌ប្រដៅ​ពួក​គេ​ជា​រៀង​រហូត​មក​ក្ដី ក៏​ពួក​គេ​ពុំ​ព្រម​ស្ដាប់ ពុំ​ព្រម​រៀន​ដែរ។ ពួក​គេ​យក​រូប​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម មក​ដាក់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅ‌ហ្មង។ ពួក​គេ​បាន​សង់​កន្លែង​សក្ការៈ​នៅ​ទួល​ខ្ពស់​សម្រាប់​ព្រះ​បាល ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ទៅ​សែន​ព្រះ​ម៉ូឡុក ដោយ​ដុត​ទាំង​រស់។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ គឺ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​មាន​ទោស ព្រោះ​តែ​អំពើ​ព្រៃ‌ផ្សៃ»។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​សុំ​ប្រាប់​អ្នក​ឲ្យ​បាន​ដឹង​អំពី​ក្រុង​ដែល​អ្នក​ពោល​ថា នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ នៅ​គ្រា​ដែល​យើង​ខឹង‌សម្បារ យើង​បាន​កម្ចាត់‌កម្ចាយ​ប្រជា‌ជន​នេះ​ឲ្យ​ទៅ​នៅ​គ្រប់​ប្រទេស តែ​យើង​នឹង​ប្រមូល​ពួក​គេ ហើយ​នាំ​ពួក​គេ​វិល​មក​កន្លែង​នេះ​វិញ ឲ្យ​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។ យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោតខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភមង្គល។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ​រហូត យើង​នឹង​ឲ្យ​ពួក​គេ​កោតខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​យើង។ យើង​សប្បាយ​ចិត្ត​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធ‌ភាព ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​ណា យើង​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​គ្រប់​ប្រការ តាម​ពាក្យ​សន្យា​របស់​យើង​យ៉ាង​នោះ​ដែរ។ គេ​នឹង​នៅ​តែ​ទិញ​ដី‌ធ្លី​ក្នុង​ស្រុក​ដែល​អ្នក​ពោល​ថា ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ ជា​ស្រុក​ដែល​វិនាស​ហិន‌ហោច លែង​មាន​មនុស្ស សត្វ​រស់​នៅ​ត​ទៅ​ទៀត។ គេ​នឹង​ថ្លឹង​ប្រាក់​ទិញ​ដី‌ធ្លី គេ​នឹង​ធ្វើ​លិខិត​បញ្ជាក់​ទិញ ហើយ​បិទ​ត្រា ព្រម​ទាំង​រក​សាក្សី​ឲ្យ​ដឹង​ឮ​ផង គឺ​នៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម ក្រុង​នានា​ក្នុង​ស្រុក​យូដា ក្រុង​នានា​នៅ​តំបន់​ភ្នំ ក្រុង​នានា​នៅ​តំបន់​វាល​ទំនាប និង​ក្រុង​នានា​នៅ​តំបន់​ណេកិប ដ្បិត​យើង​នឹង​ស្ដារ​ស្រុក​ទេស​នេះ​ឡើង​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 32

យេរេមា 32:16-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ នឹង​ព្រះ‌ពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ គឺ​ទ្រង់​សំដែង​សេចក្ដី​សប្បុរស ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ទ្រង់​ជា​ព្រះ​ដ៏​ធំ​ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ក្នុង​ការ​ធ្វើ ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន ទ្រង់​ក៏​បាន​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រាអែល ហើយ​កណ្តាល​ពួក​មនុស្ស​ដទៃ​ផង ទ្រង់​ក៏​បាន​តាំង​កិត្តិ‌នាម​របស់​ទ្រង់​ឡើង ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ហើយ​បាន​នាំ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ នឹង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង ក៏​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ មើល ប្រដាប់​ចំបាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​ត‌យុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ ហើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​មក​ទូលបង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចំការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។ លំដាប់​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា មើល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ ហេតុ​នេះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន ពួក​ខាល់ដេ ដែល​ត‌យុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​ដង្វាយ​ច្រួច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់ នៅ​ភ្នែក​អញ តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​អញ​មាន​សេចក្ដី​កំហឹង នឹង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្តាល​ឲ្យ​អញ​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅហ្វាយ ពួក​សង្ឃ នឹង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​មែន​ជា​មុខ​ឡើយ ហើយ​ទោះ​បើ​អញ​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ផង​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ស្តាប់​តាម ដើម្បី​នឹង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម សំរាប់​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នឹង​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ផង​ដែរ។ ដោយ​ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​ឯង​ថា បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់‌អត់ ហើយ​នឹង​អាសន្ន‌រោគ​នេះ​ថា មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្ដី​កំហឹង សេចក្ដី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្ដី​គ្នាន់‌ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១ នឹង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ​ជា​ដរាប សំរាប់​ជា​សេចក្ដី​ល្អ​ដល់​គេ នឹង​កូន​ចៅ​គេ​ត​រៀង​ទៅ អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ថា អញ​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ អញ​នឹង​ដាក់​សេចក្ដី​កោត‌ខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ អើ អញ​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ​នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជន‌ជាតិ​នេះ​យ៉ាង​ណា អញ​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ គ្រា​នោះមនុស្ស​នឹង​ទទួល​បញ្ចាំ​ចំការ នៅ​ក្នុង​ស្រុក​នេះ​ទៀត ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ មនុស្ស​នឹង​ទទួល​បញ្ចាំ​ស្រែ​ចំការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ នឹង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេន‌យ៉ាមីន​នេះ​ឯង នឹង​នៅ​ក្រវិល​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប នឹង​ក្នុង​ទី​ក្រុង​នៃ​ស្រុក​ត្បូង​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 32