យេរេមា 32:1-15
យេរេមា 32:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងឆ្នាំទីដប់ នៃរជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទនេប៊ូក្នេសា។ គ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា។ ព្រះបាទសេដេគាជាស្តេចយូដា បានឃុំលោក ដោយមានរាជឱង្ការថា៖ ហេតុអ្វីបានជាអ្នកថ្លែងទំនាយថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្ដាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យក ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្ដាប់ដៃនៃពួកខាល់ដេឡើយ គឺត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចស្រុកបាប៊ីឡូន ហើយនិយាយនឹងគេផ្ទាល់មាត់ ទ្រង់ក៏នឹងឃើញគេផ្ទាល់នឹងភ្នែកដែរ។ គេនឹងនាំស្ដេចសេដេគាទៅក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែយើងប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើអ្នករាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ? ហោរាយេរេមាមានប្រសាសថា៖ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា ហាណាមាល ជាកូនសាលូម ឪពុកមារបស់អ្នក នឹងមកនិយាយជាមួយអ្នកថា សូមទទួលទិញចម្ការរបស់ខ្ញុំដែលនៅអាណាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ។ ដូច្នេះ ហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ក៏មករកខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយមកខ្ញុំថា៖ សូមទិញចម្ការរបស់ខ្ញុំ ដែលនៅអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមត៌ក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលទិញ ទុកសម្រាប់ខ្លួនអ្នកចុះយ៉ាងនោះ ទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត។ ខ្ញុំក៏ទទួលទិញចម្ការ ដែលនៅអាណាថោត ពីហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ហើយបានថ្លឹងប្រាក់ដប់ប្រាំពីរសេកែលឲ្យគាត់។ ក៏ធ្វើសំបុត្រ ហើយបិទត្រា ព្រមទាំងហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់។ ដូច្នេះ ខ្ញុំបានយកសំបុត្រទិញដី ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រមួយដែលនៅបើកដែរ ខ្ញុំក៏ប្រគល់សំបុត្រទិញដីដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកមាខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្រទិញដីនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក។ ខ្ញុំផ្តាំបារូកនៅមុខគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរយកសំបុត្រទិញដីនេះ គឺជាសំបុត្រទិញដីដែលបិទត្រា និងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ នឹងមានគេទិញទាំងផ្ទះ និងចម្ការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។
យេរេមា 32:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា។ ពេលនោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសាឡោមព័ទ្ធក្រុងយេរូសាឡឹម។ រីឯព្យាការីយេរេមាត្រូវគេឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចស្រុកយូដា។ ព្រះបាទសេដេគាជាស្ដេចស្រុកយូដា ឲ្យគេយកលោកទៅឃុំឃាំងទាំងមានរាជឱង្ការដូចតទៅ៖ «ហេតុអ្វីបានជាអ្នកប្រកាសពាក្យទាំងនេះថា: ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដណ្ដើមយកទីក្រុង។ សេដេគា ជាស្ដេចស្រុកយូដា ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ជនជាតិខាល់ដេបានទេ។ គេនឹងប្រគល់ស្ដេចនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនពិតប្រាកដមែន។ សេដេគានឹងឃើញស្ដេចស្រុកបាប៊ីឡូនផ្ទាល់ភ្នែក និយាយគ្នាផ្ទាល់មាត់ ហើយស្ដេចស្រុកបាប៊ីឡូននឹងនាំស្ដេចសេដេគាទៅស្រុកបាប៊ីឡូនទៀតផង។ ស្ដេចត្រូវនៅទីនោះរហូតដល់ពេលដែលយើងប្រោសប្រណី” - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បើអ្នករាល់គ្នានៅតែធ្វើសឹកជាមួយជនជាតិខាល់ដេ អ្នករាល់គ្នាពុំអាចឈ្នះបានឡើយ»។ លោកយេរេមាមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: ហាណាមាលកូនរបស់សាលូម ជាឪពុកមារបស់អ្នក នឹងមកជួបអ្នក ហើយពោលថា “សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោតទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ” »។ លោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ មកជួបខ្ញុំនៅទីឃុំឃាំង ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ គាត់ពោលមកខ្ញុំថា៖ «សូមបងទិញដីចម្ការរបស់ខ្ញុំនៅភូមិអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតបងមានសិទ្ធិទិញមុនគេ យកមកធ្វើជាកម្មសិទ្ធិ!»។ ពេលនោះ ខ្ញុំយល់ឃើញថា នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មែន។ ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។ ខ្ញុំធ្វើលិខិតបញ្ជាក់មួយ និងបិទត្រា ដោយមានសាក្សីដឹងឮ រួចថ្លឹងប្រាក់លើជញ្ជីង។ បន្ទាប់មក ខ្ញុំយកលិខិតបញ្ជាក់ទិញដីដែលមានបិទត្រា ស្របតាមច្បាប់តាមមាត្រា ហើយខ្ញុំក៏យកលិខិតបញ្ជាក់ចំហមកដែរ។ ខ្ញុំប្រគល់លិខិតបញ្ជាក់ទិញដីនោះទៅឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅចំពោះមុខលោកហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ដោយមានសាក្សីដែលបានចុះហត្ថលេខានៅលើលិខិតបញ្ជាក់ ព្រមទាំងជនជាតិយូដាដែលស្ថិតនៅក្នុងទីឃុំឃាំងនោះដឹងឮផង។ ខ្ញុំបង្គាប់លោកបារូកនៅចំពោះមុខពួកគេដូចតទៅ៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ចូរយកលិខិតបញ្ជាក់ទិញដីនេះ គឺទាំងលិខិតមានបិទត្រា និងលិខិតនៅចំហ ទៅដាក់ក្នុងឆ្នាំងដីមួយ ដើម្បីរក្សាទុកឲ្យបានយូរ។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។
យេរេមា 32:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា រីឯគ្រានោះ ពួកទ័ពរបស់ស្តេចបាប៊ីឡូន កំពុងឡោមព័ទ្ធ ច្បាំងនឹងក្រុងយេរូសាឡិម ហើយហោរាយេរេមាត្រូវឃុំទុកនៅក្នុងទីលានគុក ដែលនៅក្នុងវាំងនៃស្តេចយូដា ពីព្រោះសេដេគាជាស្តេចយូដា បានឃុំលោក ដោយពាក្យថា ហេតុអ្វីបានជាឯងទាយថា ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ មើលអញនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្តាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបាន ហើយសេដេគា ជាស្តេចយូដានឹងមិនរួចពីកណ្តាប់ដៃនៃពួកខាល់ដេឡើយ គឺនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចស្រុកបាប៊ីឡូនជាពិត ហើយនឹងនិយាយនឹងគេផ្ទាល់មាត់គ្នា ឯភ្នែកទ្រង់ក៏នឹងឃើញភ្នែកគេដែរ គេនឹងនាំយកសេដេគា ទៅឯក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែអញប្រោស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ទោះបើឯងរាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ។ យេរេមានិយាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ប្រាប់ដូច្នេះ មើល ហាណាមាល ជាកូនសាលូម ឪពុកធំឯង នឹងមកនិយាយនឹងឯងថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំដែលនៅឯអាន៉ាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ ដូច្នេះហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ក៏មកឯខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយនឹងខ្ញុំថា សូមទទួលបញ្ចាំចំការរបស់ខ្ញុំ ដែលនៅឯអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរដក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលបញ្ចាំ ទុកសំរាប់ខ្លួនអ្នកចុះយ៉ាងនោះទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត ខ្ញុំក៏ទទួលបញ្ចាំចំការ ដែលនៅឯអាន៉ាថោត ពីហាណាមាល ជាកូនរបស់ឪពុកធំខ្ញុំ ហើយបានថ្លឹងប្រាក់១៧រៀលឲ្យដល់គាត់ ក៏ធ្វើសំបុត្រ ហើយបិទត្រា រួចហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់ ដូច្នេះខ្ញុំបានយកសំបុត្របញ្ចាំ ទាំងសំបុត្រដែលបិទត្រាតាមច្បាប់ តាមទំនៀម នឹងសំបុត្រ១ដែលនៅបើកដែរ រួចប្រគល់សំបុត្របញ្ចាំដល់បារូក ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា នៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកធំខ្ញុំ នឹងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្របញ្ចាំនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក ខ្ញុំក៏ផ្តាំបារូកនៅមុខគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរយកសំបុត្របញ្ចាំនេះ គឺជាសំបុត្របញ្ចាំដែលបិទត្រា នឹងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា នឹងមានគេបញ្ចាំទាំងផ្ទះ នឹងចំការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងស្រុកនេះទៀត។