យេរេមា 3:6-8
យេរេមា 3:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើខៀវខ្ចីទាំងប៉ុន្មាន ហើយបានប្រព្រឹត្តអំពើផិតក្បត់នៅទីនោះ។ លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ យើងបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកយើងវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ។ យូដា បានឃើញថា ទោះបើយើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រមទាំងចេញសំបុត្រលែងលះដល់នាងហើយ ដោយព្រោះតែនាងផិតក្បត់ក៏ដោយ តែយូដា ជាប្អូន ដែលមានចិត្តក្បត់មិនបានកោតខ្លាចដែរ គឺបានទៅប្រព្រឹត្តអំពើផិតក្បត់ដូចគ្នា
យេរេមា 3:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។ យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។ យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
យេរេមា 3:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ នឹងនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយបានប្រព្រឹត្តសេចក្ដីកំផិតនៅទីនោះ លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ នោះអញបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកឯអញវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ ហើយអញបានឃើញថា ទោះបើអញបានលាកលែងអ៊ីស្រាអែលជាពួករាថយនោះ ព្រមទាំងឲ្យសំបុត្រលះលែងដល់គេហើយ ដោយព្រោះគេតែងប្រព្រឹត្តសេចក្ដីកំផិតនោះ គង់តែយូដា ជាប្អូនគេ ដែលមានចិត្តក្បត់មិនបានខ្លាចដែរ គឺបានទៅប្រព្រឹត្តការកំផិតដូចគ្នា