យេរេមា 3:6-10

យេរេមា 3:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំងប៉ុន្មាន ហើយ​បាន​ប្រព្រឹត្តអំពើ​ផិត​ក្បត់​នៅ​ទី​នោះ។ លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ យើង​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​យើង​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ។ យូដា បាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។ ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 3

យេរេមា 3:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រា‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រា‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។ យើង​បាន​លែង‌លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោតខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ។ ដោយ‌សារ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។ ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 3

យេរេមា 3:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ នោះ​អញ​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​ឯ​អញ​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្ដី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយ​សព្ទ​រន្ទឺ​នៃ​ការ​កំផិត​របស់​គេ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​ដុំ​ថ្ម ហើយ​នឹង​ដុំ​ឈើ​ផង ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 3