យេរេមា 3:1-5

យេរេមា 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ? តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ? ឯ​អ្នក​វិញ អ្នក​បាន​ផិត​យើង ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។ ចូរ​មើល​ទៅ​ទី​ខ្ពស់​ត្រងិល​ទាំង​ប៉ុន្មាន ហើយ​មើលចុះ! តើ​មិន​មែន​ជា​កន្លែង ដែល​អ្នក​បាន​ដេក​ជា‌មួយ​ទេ​ឬ? អ្នក​បាន​អង្គុយ​ចាំ​គូកំណាន់​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន ដោយអំពើ​ផិត​ក្បត់ និង​អំពើ​ទុច្ចរិត​របស់​អ្នក។ ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​មួយ​មេ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ អ្នក​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​ពេស្យា​ទៀត អ្នក​មិន​ព្រម​អៀន​ខ្មាស​សោះ។ ឥឡូវ​នេះ តើ​អ្នក​មិន​ចង់​អំពាវ‌នាវ​រក​យើង​វិញ​ទេ​ឬ ដោយ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង តើ​ព្រះ‌អង្គ​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ? តើ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ? តែ​មើល៍ អ្នក​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កម្លាំង​ចិត្ត»។

ចែក​រំលែក
អាន យេរេមា 3

យេរេមា 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​បុរស​ម្នាក់​លែង‌លះ​ភរិយា ហើយ​ភរិយា​ចាក​ចេញ​ទៅ​មាន​ប្ដី​មួយ​ទៀត បុរស​នោះ​អាច​វិល​ទៅ​រក​នាង​វិញ​បាន​ឬ? ទេ បើ​ធ្វើ​ដូច្នេះ ស្រុក​ទេស​មុខ​ជា​ត្រូវ​សៅហ្មង​មិន​ខាន។ អ៊ីស្រា‌អែល​អើយ ចំណែក​ឯ​អ្នក​វិញ អ្នក​បាន​ទៅ​ផិត​ក្បត់​ជា​មួយ​ព្រះ​ជា​ច្រើន តើ​អ្នក​ចង់​ឲ្យ​យើង​ទទួល​អ្នក​វិញ​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ក្រឡេក​មើល​ទៅ​កំពូល​ភ្នំ​មើល៍ តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​បាន ផិត​ក្បត់​យើង? អ្នក​អង្គុយ​តាម​ផ្លូវ ទន្ទឹង​រង់‌ចាំ​គូ​កំណាន់​ចិត្ត របស់​អ្នក ដូច​អារ៉ាប់​អង្គុយ​នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ព្រោះ​តែ​អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាក សីលធម៌​ដែល​អ្នក​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​ឲ្យ មាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ ប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀត អ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។ ឥឡូវ​នេះ អ្នក​បែរ​ជា​ហ៊ាន​អង្វរ​យើង​ថា “ឱ​ព្រះ‌បិតា​អើយ ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​ម្ចាស់ តាំង​ពី​ខ្ញុំ​ម្ចាស់​នៅ​ក្មេង​ម៉្លេះ! តើ​ព្រះអង្គ​នៅ​តែ​ព្រះ‌ពិរោធ​នឹង​ខ្ញុំ​ម្ចាស់ ដល់​កាល​ណា? ព្រះអង្គ​ចង​គំនុំ​រហូត​ឬ?”។ អ្នក​ពោល​ដូច្នេះ តែ​អ្នក​ពូកែ​ប្រព្រឹត្ត​អាក្រក់​ណាស់»។

ចែក​រំលែក
អាន យេរេមា 3

យេរេមា 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​មនុស្ស​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក​នោះ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា នោះ​តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​នាង​នោះ​ទៀត​ដែរ​ឬ តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ​អី ឯ​ឯង​វិញ ឯង​បាន​ផិត​អញ​ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​ឯ​អញ​វិញ​ចុះ ចូរ​ងើប​ភ្នែក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​មើល​កន្លែង​ណា ដែល​គេ​មិន​បាន​ដេក​នឹង​ឯង​នោះ គឺ​ឯង​បាន​អង្គុយ​ចាំ​គេ​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​ឯង​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន​ទៅ ដោយ​ការ​កំផិត នឹង​អំពើ​ទុច្ចរិត​របស់​ឯង ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​១​មេៗ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ គង់​តែ​ឯង​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​សំផឹង​ទៀត ឯង​មិន​ព្រម​អៀន‌ខ្មាស​សោះ ឥឡូវ​នេះ តើ​ឯង​មិន​ចង់​អំពាវ‌នាវ​រក​អញ​វិញ​ទេ​ឬ​អី ដោយ​ថា ឱ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង តើ​ទ្រង់​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ តើ​ទ្រង់​នឹង​មាន​ព្រះ‌ហឫទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ​អី តែ​មើល ឯង​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កំឡាំង​ចិត្ត​ទេ។

ចែក​រំលែក
អាន យេរេមា 3