យេរេមា 29:7-14
យេរេមា 29:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា កុំឲ្យពួកហោរា និងពួកគ្រូថ្លែងទំនាយរបស់អ្នក ដែលនៅក្នុងចំណោមអ្នករាល់គ្នាបញ្ឆោតអ្នកឡើយ ក៏កុំទុកចិត្តការយល់សប្តិ ដែលគេយល់សប្តិនោះឡើយ ដ្បិតគេថ្លែងទំនាយកុហកអ្នករាល់គ្នា ដោយនូវឈ្មោះយើងទេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងមិនបានចាត់គេឡើយ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា លុះកាលបានសម្រេចគ្រប់ចិតសិបឆ្នាំនៅស្រុកបាប៊ីឡូនហើយ យើងនឹងប្រោសអ្នករាល់គ្នា ហើយធ្វើសម្រេចដល់អ្នករាល់គ្នា តាមពាក្យល្អរបស់យើង ដោយធ្វើឲ្យអ្នករាល់គ្នាវិលមកទីនេះវិញ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។ អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។ អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 29:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។ យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។
យេរេមា 29:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្ដីសុខដែរ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ កុំឲ្យពួកហោរា នឹងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ ក៏កុំឲ្យស្តាប់តាមសប្តិរបស់ឯង ដែលឯងរាល់គ្នាបានយល់សប្តិនោះដែរ ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញស្គាល់សេចក្ដីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ នឹងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។