យេរេមា 29:4-9
យេរេមា 29:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលព្រះអង្គបានឲ្យគេចាប់ជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ចូរអ្នករាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ។ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសអ្នក ហើយលើកកូនស្រីរបស់អ្នកឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចម្រើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនអ្នកឡើយ។ ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា កុំឲ្យពួកហោរា និងពួកគ្រូថ្លែងទំនាយរបស់អ្នក ដែលនៅក្នុងចំណោមអ្នករាល់គ្នាបញ្ឆោតអ្នកឡើយ ក៏កុំទុកចិត្តការយល់សប្តិ ដែលគេយល់សប្តិនោះឡើយ ដ្បិតគេថ្លែងទំនាយកុហកអ្នករាល់គ្នា ដោយនូវឈ្មោះយើងទេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងមិនបានចាត់គេឡើយ។
យេរេមា 29:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។ យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 29:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្ដីសុខដែរ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ កុំឲ្យពួកហោរា នឹងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ ក៏កុំឲ្យស្តាប់តាមសប្តិរបស់ឯង ដែលឯងរាល់គ្នាបានយល់សប្តិនោះដែរ ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេឡើយ