យេរេមា 29:1-32

យេរេមា 29:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សេចក្ដី​នៅ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ពួក​ចាស់​ទុំ ក្នុង​ពួក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ដែល​នេប៊ូក្នេសា​បានចាប់​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម ទៅ​រស់​នៅ​ស្រុក​បាប៊ីឡូន។ គឺ​នៅ​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គម‌ហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ។ លោក​ផ្ញើ​សំបុត្រ​នោះតាម​អេលា‌សារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​ព្រះបាទ​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ឲ្យ​គេ​ចាប់​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ថា ចូរ​អ្នក​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ។ ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​អ្នក ហើយ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​អ្នក​ឡើយ។ ប៉ុន្តែ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​យើង​បាន​ឲ្យ​គេ​ដឹក‌នាំ​អ្នក​ទៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ថ្លែងទំនាយ​របស់​អ្នក ដែល​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​បញ្ឆោត​អ្នក​ឡើយ ក៏​កុំ​ទុក​ចិត្ត​ការ​យល់​សប្តិ ដែល​គេ​យល់‌សប្តិ​នោះ​ឡើយ ដ្បិត​គេ​ថ្លែងទំនាយ​កុហក​អ្នក​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​យើង​ទេ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​បាន​ចាត់​គេ​ឡើយ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា លុះ​កាល​បាន​សម្រេច​គ្រប់​ចិត​សិប​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ យើង​នឹង​ប្រោស​អ្នក​រាល់​គ្នា ហើយ​ធ្វើ​សម្រេច​ដល់​អ្នក​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​យើង ដោយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ទី​នេះ​វិញ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​យើង ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​យើង រួច​យើង​នឹង​យល់​ព្រម​តាម។ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ គឺ​កាល​ណា​អ្នក​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា យើង​នឹង​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​សាសន៍ និង​ពី​គ្រប់​កន្លែង​ដែល​យើង​បាន​បណ្តេញ​អ្នក នាំ​វិល​ត្រឡប់​មក​កន្លែង​ដែល​យើង​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ​ជា‌មួយ​អ្នក​រាល់​គ្នា​ទេ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា មើល៍! យើង​នឹង​ចាត់​ដាវ ជា​អំណត់ និង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន។ យើង​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្ដាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះ‌ដៀល​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​យើង​នឹង​បណ្តេញ​គេ​នោះ ដោយ​ព្រោះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​របស់​យើង នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​មកឯ​អ្នក​រាល់គ្នា ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ដូច្នេះ អ្នក​រាល់​គ្នា​ជា​ពួក​ឈ្លើយ ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ថ្លែងទំនាយ​ជា​សេចក្ដី​កុហក​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា។ ឯ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្ដាសា​ដល់​អ្នក​ដទៃ​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​លើ​ភ្លើង​នោះ​ចុះ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​យើង ជា​សេចក្ដី​ដែល​យើង​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ គឺ​យើង​ហើយ​ដែល​ដឹង យើង​ជា​ទី​បន្ទាល់​ពិត នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា។ អ្នក​ត្រូវ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម​ថា៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​អ្នក ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។ ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ? ដ្បិត​គាត់​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ។ ឯ​សង្ឃ​សេផានា ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ហោរា​យេរេមា​ស្តាប់។ ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​ថា ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក​ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ថ្លែងទំនាយ​ដល់​អ្នក​រាល់​គ្នា ហើយ​បាន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ទុក​ចិត្ត​លើ​ពាក្យ​កុហក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​ធ្វើ​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជន​នេះ​ឡើយ ក៏​មិន​ឃើញ​ការ​ល្អ​ដែល​យើង​នឹង​ប្រោស​ដល់​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ ព្រោះ​គេ​បាន​ប្រកាស​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 29

យេរេមា 29:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្យាការី​យេរេមា​ផ្ញើ​លិខិត​មួយ​ច្បាប់ ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជូន​ក្រុម​ព្រឹទ្ធា‌ចារ្យ ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​ព្យាការី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​បាន​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ក្រោយ​ពេល​ដែល​ព្រះ‌បាទ​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។ ព្យាការី​យេរេមា​ផ្ញើ​លិខិត​នេះ​ទៅ​ក្រុង​បាប៊ី‌ឡូន តាម​លោក​អេឡាសារ ជា​កូន​របស់​លោក​សាផាន និង​លោក​កេម៉ា‌រា ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ចាត់​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ សេចក្ដី​ក្នុង​សំបុត្រ​នោះ​មាន​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​មក​កាន់​អស់​អ្នក​ដែល​ព្រះអង្គ​ឲ្យ​គេ​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា: “ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ។ ចូរ​រៀបការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។ យើង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា ចូរ​ខិត‌ខំ​ធ្វើ​ឲ្យ​ក្រុង​នោះ​ចម្រុង‌ចម្រើន​ឡើង ចូរ​ទូល‌អង្វរ​ឲ្យ​ក្រុង​នោះ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុខ លុះ​ត្រា​តែ​ក្រុង​នោះ​បាន​សុខ​ដែរ”។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: “មិន​ត្រូវ​ចាញ់​បោក​ពួក​ព្យាការី ឬ​ពួក​គ្រូ​ទាយ ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​សប្ដិ​របស់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​ទាំង​នោះ​ប្រើ​ឈ្មោះ​យើង​ប្រកាស​ពាក្យ​ក្លែងក្លាយ។ យើង​មិន​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: “កាល​ស្រុក​បាប៊ី‌ឡូន​ត្រួត‌ត្រា​លើ​ស្រុក​ទាំង‌ឡាយ​បាន​គម្រប់​ចិត‌សិប​ឆ្នាំ​ហើយ យើង​នឹង​មក​រក​អ្នក​រាល់​គ្នា យើង​នឹង​សម្រេច​តាម​ពាក្យ​សន្យា​របស់​យើង គឺ​នាំ​អ្នក​រាល់​គ្នា​វិល​ទៅ​ស្រុក​កំណើត​វិញ។ យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ទូល‌អង្វរ​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​វិញ។ អ្នក​រាល់​គ្នា​ស្វែង​រក​យើង ហើយ​នឹង​ជួប​យើង​មិន​ខាន ព្រោះ​អ្នក​រាល់​គ្នា​ស្វែង​រក​យើង ដោយ​ចិត្ត​ស្មោះ។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។ ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ និង​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​សត្រូវ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​ប្រើ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ​ទៅ​ប្រហារ​ពួក​គេ គឺ​យើង​ធ្វើ​ឲ្យ​ពួក​គេ​បាន​ដូច​ផ្លែ​ឧទុម្ពរ​ស្អុយ ដែល​បរិភោគ​មិន​កើត។ យើង​នឹង​តាម​ប្រហារ​ពួក​គេ ដោយ​មុខ​ដាវ ទុរ្ភិក្ស និង​ជំងឺ​អាសន្ន‌រោគ។ យើង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ញ័រ‌រន្ធត់ ដោយ​ឃើញ​មហន្ត‌រាយ​កើត​មាន​ដល់​ពួក​គេ។ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ពួក​គេ​សម្រាប់​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ផង។ ការ​ទាំង​នេះ​កើត​មាន ព្រោះ​ពួក​គេ​មិន​ស្ដាប់​ពាក្យ​យើង -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- យើង​បាន​ចាត់​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រហូត​មក តែ​ពួក​គេ​ពុំ​ព្រម​ស្ដាប់​ទេ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ព្រះ‌អម្ចាស់​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​អហាប់ ជា​កូន​របស់​កូឡា‌យ៉ា និង​សេដេ‌គា ជា​កូន​របស់​ម៉ាសេ‌យ៉ា​ថា: “អ្នក​ទាំង​ពីរ​បាន​ប្រកាស​ពាក្យ​ក្លែងក្លាយ ក្នុង​នាម​យើង ប្រាប់​អ្នក​រាល់​គ្នា។ ហេតុ​នេះ យើង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​ស្ដេច​នេប៊ូ‌ក្នេសា​នឹង​ប្រហារ​ជីវិត​អ្នក​ទាំង​ពីរ នៅ​មុខ​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន គេ​នឹង​យក​ឈ្មោះ​អ្នក​ទាំង​ពីរ​ទៅ​ដាក់​បណ្ដាសា​គ្នា​ថា: សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង ដូច​សេដេ‌គា និង​អហាប់ ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង! អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ ហើយ​ពោល​ពាក្យ​ក្លែងក្លាយ​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​បង្គាប់​ឲ្យ​គេ​ប្រកាស​សោះ។ យើង​ជា​សាក្សី​ដឹង​ឮ​អំពី​រឿង​នេះ​មែន! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់”»។ «ចូរ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ផ្ញើ​សំបុត្រ​ក្នុង​នាម​អ្នក​ផ្ទាល់ ទៅ​ឲ្យ​ប្រជា‌ជន​ទាំង​មូល​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​បូជា‌ចារ្យ​សេផា‌នា ជា​កូន​របស់​ម៉ាសេ‌យ៉ា និង​បូជា‌ចារ្យ​ទាំង​អស់ មាន​សេចក្ដី​ដូច​ត​ទៅ: “លោក​សេផា‌នា​អើយ ព្រះ‌អម្ចាស់​តែង‌តាំង​លោក​ជា​បូជា‌ចារ្យ ជំនួស​បូជា‌ចារ្យ​យេហូ‌យ៉ាដា ដើម្បី​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ពិនិត្យ​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់​កើត​គំនិត​លេលា​តាំង​ខ្លួន​ជា​ព្យាការី។ លោក​ត្រូវ​តែ​យក​ជន​ប្រភេទ​នោះ​ដាក់​ច្រវាក់ និង​យក​ឃ្នាង​មក​ដាក់​ក​ដែរ។ ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​មិន​ដាក់​ទោស​យេរេមា ជា​អ្នក​ស្រុក​អាណា‌ថោត ដែល​តាំង​ខ្លួន​ជា​ព្យាការី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ? គាត់​សរសេរ​សំបុត្រ​មក​ពួក​យើង​នៅ​ស្រុក​បាប៊ី‌ឡូន​នេះ​ថា: អ្នក​រាល់​គ្នា​ត្រូវ​តែ​រស់​នៅ​ទី​នេះ​យ៉ាង​យូរ ចូរ​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​ផ្ទះ​នោះ ចូរ​ដាំ​ដំណាំ ហើយ​បរិភោគ​ផល​ពី​ដំណាំ​នោះ!”»។ បូជា‌ចារ្យ​សេផា‌នា​អាន​សំបុត្រ​នោះ​ឲ្យ​ព្យាការី​យេរេមា​ស្ដាប់។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «ចូរ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​ឲ្យ​មក​ទេ។ ហេតុ​នេះ យើង​នឹង​ដាក់​ទោស​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ និង​កូន​ចៅ​របស់​គាត់។ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ អាច​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​នេះ ហើយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​យើង​ទទួល​សុភមង្គល ដែល​យើង​នឹង​ផ្ដល់​ឲ្យ​នោះ​ឡើយ ដ្បិត​សេម៉ាយ៉ា​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 29

យេរេមា 29:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ឯង​ជា​សេចក្ដី​ចុះ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​សំណល់​ពួក​ចាស់‌ទុំ ក្នុង​ពួក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​នឹង​ពួក​សង្ឃ ពួក​ហោរា នឹង​បណ្តាជន​ទាំង​អស់ ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ឯ​ស្រុក​បាប៊ីឡូន គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស នឹង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ នឹង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន នឹង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹក‌នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ កុំ​ឲ្យ​ពួក​ហោរា នឹង​ពួក​គ្រូ​ទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ ក៏​កុំ​ឲ្យ​ស្តាប់​តាម​សប្តិ​របស់​ឯង ដែល​ឯង​រាល់​គ្នា​បាន​យល់‌សប្តិ​នោះ​ដែរ ដ្បិត​គេ​ទាយ​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​អញ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្គាល់​សេចក្ដី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម នោះ​ឯង​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ នឹង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចាត់​ដាវ សេចក្ដី​អំណត់‌អត់ នឹង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិភោគ​មិន​បាន ហើយ​អញ​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់‌អត់ នឹង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្តាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ នឹង​ជា​ទី​ត្មះ‌តិះដៀល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​អញ​នឹង​បណ្តេញ​គេ​នោះ គឺ​ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ​ទៅ​ឯ​គេ ព្រម​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ឯង​រាល់​គ្នា ជា​ពួក​ឈ្លើយ ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា នឹង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ទាយ​ជា​សេចក្ដី​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ទ្រង់ គឺ​ទ្រង់​មាន​បន្ទូល​ថា មើល​អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សំឡាប់​អ្នក​ទាំង​២​នោះ នៅ​មុខ​ឯង​រាល់​គ្នា ហើយ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្តាសា​ដល់​អ្នក​ដទៃ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​សេដេគា នឹង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​នឹង​ភ្លើង​នោះ​ចុះ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចំកួត​ក្នុង​ពួក​អ៊ីស្រាអែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​អញ​ហើយ​ដែល​ដឹង អញ​ជា​ទី​បន្ទាល់​ពិត។ រីឯ​ដំណើរ​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​ឯង ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ដល់​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា ព្រះ‌យេហូវ៉ា ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ ពី​ព្រោះ​វា​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ ឯ​សេផានា​ដ៏​ជា​សង្ឃ ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ហោរា​យេរេមា​ស្តាប់ ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ដូច្នេះ ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​អញ​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ទាយ​ដល់​ឯង​រាល់​គ្នា ហើយ​បាន​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ចំពោះ​សេចក្ដី​កំភូត បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​គេ​ផង គេ​នឹង​គ្មាន​ពូជ​ណា​អាស្រ័យ​នៅ​កណ្តាល​ជន‌ជាតិ​នេះ​ឡើយ ក៏​នឹង​មិន​ឃើញ​ការ​ល្អ​ដែល​អញ​នឹង​ប្រោស​ដល់​រាស្ត្រ​អញ​ដែរ ពី​ព្រោះ​គេ​បាន​ពោល​ជា​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន យេរេមា 29