យេរេមា 29:1-13
យេរេមា 29:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាសេចក្ដីនៅក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅពួកចាស់ទុំ ក្នុងពួកដែលត្រូវចាប់ទៅជាឈ្លើយ ពួកសង្ឃ ពួកហោរា និងបណ្ដាជនទាំងអស់ ដែលនេប៊ូក្នេសាបានចាប់ជាឈ្លើយ ពីក្រុងយេរូសាឡិម ទៅរស់នៅស្រុកបាប៊ីឡូន។ គឺនៅក្រោយដែលស្តេចយេកូនាស និងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា និងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ និងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ។ លោកផ្ញើសំបុត្រនោះតាមអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលព្រះបាទសេដេគា ស្តេចយូដាបានចាត់ទៅស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលព្រះអង្គបានឲ្យគេចាប់ជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ចូរអ្នករាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ។ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសអ្នក ហើយលើកកូនស្រីរបស់អ្នកឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចម្រើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនអ្នកឡើយ។ ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា កុំឲ្យពួកហោរា និងពួកគ្រូថ្លែងទំនាយរបស់អ្នក ដែលនៅក្នុងចំណោមអ្នករាល់គ្នាបញ្ឆោតអ្នកឡើយ ក៏កុំទុកចិត្តការយល់សប្តិ ដែលគេយល់សប្តិនោះឡើយ ដ្បិតគេថ្លែងទំនាយកុហកអ្នករាល់គ្នា ដោយនូវឈ្មោះយើងទេ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងមិនបានចាត់គេឡើយ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា លុះកាលបានសម្រេចគ្រប់ចិតសិបឆ្នាំនៅស្រុកបាប៊ីឡូនហើយ យើងនឹងប្រោសអ្នករាល់គ្នា ហើយធ្វើសម្រេចដល់អ្នករាល់គ្នា តាមពាក្យល្អរបស់យើង ដោយធ្វើឲ្យអ្នករាល់គ្នាវិលមកទីនេះវិញ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។ អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។ អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
យេរេមា 29:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ ដែលព្រះចៅនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ក្រោយពេលដែលព្រះបាទយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។ ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ចាត់ឲ្យទៅគាល់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។ យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចម្រុងចម្រើនឡើង ចូរទូលអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគម្រប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។
យេរេមា 29:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះឯងជាសេចក្ដីចុះក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅឯសំណល់ពួកចាស់ទុំ ក្នុងពួកដែលត្រូវដឹកទៅជាឈ្លើយ ហើយនឹងពួកសង្ឃ ពួកហោរា នឹងបណ្តាជនទាំងអស់ ដែលនេប៊ូក្នេសាបានដឹកជាឈ្លើយ ពីក្រុងយេរូសាឡិមទៅឯស្រុកបាប៊ីឡូន គឺក្នុងគ្រាក្រោយដែលស្តេចយេកូនាស នឹងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា នឹងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ នឹងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន នឹងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្ដីសុខដែរ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ កុំឲ្យពួកហោរា នឹងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ ក៏កុំឲ្យស្តាប់តាមសប្តិរបស់ឯង ដែលឯងរាល់គ្នាបានយល់សប្តិនោះដែរ ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញស្គាល់សេចក្ដីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត