យេរេមា 27:1-22
យេរេមា 27:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅដើមរជ្ជកាលព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់ហោារាយេរេមា ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅលើករបស់អ្នក រួចផ្ញើពាក្យ ទៅថ្វាយស្តេចសាសន៍អេដុម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស និងស្តេចក្រុងស៊ីដូន តាមពួកទូតដែលមកក្រុងយេរូសាឡិមគាល់ព្រះបាទសេដេគា ស្តេចយូដានោះ។ ព្រមទាំងផ្តាំគេឲ្យប្រាប់ចៅហ្វាយរបស់គេ ដោយពាក្យថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរអ្នករាល់គ្នាជម្រាបដល់ចៅហ្វាយរបស់អ្នកថា៖ យើងបានបង្កើតផែនដី មនុស្ស និងសត្វនៅលើផែនដីទាំងឡាយ ដោយសារឫទ្ធិអំណាចដ៏អស្ចារ្យរបស់យើង ហើយយើងចង់ប្រគល់ឲ្យអ្នកណា តាមតែយើងគិតថាត្រូវ។ ឥឡូវនេះ យើងបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សម្រាប់នឹងបម្រើគេដែរ។ សាសន៍ទាំងអស់នឹងបម្រើស្តេចនោះ និងកូន ហើយចៅរបស់គេដែរ ដរាបដល់កំណត់ស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ។ ប៉ុន្តែ ប្រសិនបើសាសន៍ណា ឬនគរណា ដែលមិនព្រមបម្រើនេប៊ូក្នេសា ស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន យើងនឹងធ្វើទោសដល់សាសន៍នោះដោយដាវ ដោយអំណត់ និងអាសន្នរោគ ទាល់តែយើងបានធ្វើឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះ។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ដូច្នេះ មិនត្រូវស្តាប់តាមពួកហោរារបស់អ្នក ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សនោះឡើយ ដែលនិយាយប្រាប់អ្នករាល់គ្នាថា កុំទៅបម្រើស្តេចបាប៊ីឡូន។ គេថ្លែងទំនាយកុហកអ្នករាល់គ្នាទេ ដើម្បីឲ្យអ្នកត្រូវព្រាត់ចាកឆ្ងាយពីស្រុករបស់អ្នក គឺឲ្យយើងបានបណ្ដេញអ្នករាល់គ្នាចេញ ហើយអ្នកនឹងត្រូវវិនាស។ ប៉ុន្តែ សាសន៍ណាដែលឱនកទទួលនឹម ហើយបម្រើដល់ស្តេចបាប៊ីឡូនវិញ នោះយើងនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ខ្ញុំក៏បានទូលដល់ព្រះបាទសេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា៖ ចូរអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងប្រជារាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងប្រជារាស្ត្ររបស់ព្រះអង្គផង ដោយដាវ អំណត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបម្រើដល់ស្តេចបាប៊ីឡូនដូច្នេះ។ កុំស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា៖ មិនត្រូវបម្រើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេថ្លែងទំនាយកុហកទេ។ ព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេឲ្យមកទេ គឺគេថ្លែងទំនាយកុហក ដោយនាមយើង ដើម្បីឲ្យយើងបានបណ្តេញអ្នករាល់គ្នាចេញ ហើយអ្នករាល់គ្នាត្រូវវិនាស គឺទាំងខ្លួនអ្នករាល់គ្នា និងពួកហោរាដែលថ្លែងទំនាយនោះផង។ ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ និងពួកជនទាំងឡាយថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ កុំស្តាប់តាមពាក្យរបស់ពួកហោរា ដែលថ្លែងទំនាយដល់អ្នករាល់គ្នាថា មើលបន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេថ្លែងទំនាយកុហកដល់អ្នករាល់គ្នាទេ។ កុំស្តាប់តាមគេឡើយ ត្រូវបម្រើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់? បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម ត្រូវគេដឹកយកទៅក្រុងបាប៊ីឡូនទៀត។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលពីដំណើរសសរ សមុទ្រ និងជើងថ្កល់ និងប្រដាប់ប្រដាដែលនៅសល់ក្នុងទីក្រុងនេះ ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡិមផង ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចយូដា ដែលនៅក្រុងយេរូសាឡិមថា៖ គេនឹងដឹកយកគ្រឿងទាំងនោះ ទៅក្រុងបាប៊ីឡូន ហើយត្រូវនៅទីនោះដរាបដល់ថ្ងៃដែលយើងប្រោស នោះយើងនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 27:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅដើមរជ្ជកាលព្រះបាទសេដេគា បុត្រព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។ បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ ចូរផ្ដាំអ្នកទាំងនោះឲ្យទៅប្រាប់ស្ដេចរបស់ខ្លួនថា: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ចូរទៅប្រាប់ស្ដេចរបស់អ្នករាល់គ្នាថា យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយមហិទ្ធិឫទ្ធិ និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។ ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់ឲ្យនៅក្រោមអំណាចនេប៊ូក្នេសាដែរ។ ប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើនេប៊ូក្នេសា ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូក្នេសាត្រូវប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។ ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ គ្រូកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។ ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្ដេចស្រុកបាប៊ីឡូន យើងនឹងឲ្យប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ខ្ញុំក៏បាននាំពាក្យទាំងនេះទៅទូលព្រះបាទសេដេគា ជាស្ដេចស្រុកយូដាដូចតទៅ: សូមព្រះករុណា និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូន សូមបម្រើស្ដេច និងប្រជារាស្ត្រនោះទៅ ទើបព្រះករុណា និងប្រជាជនយូដាបានរួចជីវិត។ មិនគួរឲ្យព្រះករុណា និងប្រជាជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកអំពីប្រជាជាតិ ដែលពុំព្រមបម្រើស្ដេចស្រុកបាប៊ីឡូននោះឡើយ។ សូមកុំស្ដាប់ពាក្យរបស់ពួកព្យាការីដែលពោលថា “អ្នករាល់គ្នានឹងមិនបម្រើស្ដេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះឲ្យមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើឲ្យយើងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកព្យាការី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នាមុខជាត្រូវវិនាសពុំខាន។ ខ្ញុំបានប្រាប់ក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ព្យាការីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។ កុំស្ដាប់ព្យាការីទាំងនោះឡើយ ចូរនាំគ្នាបម្រើស្ដេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្ដោយឲ្យក្រុងនេះវិនាសឡើយ។ ប្រសិនបើអ្នកទាំងនោះពិតជាព្យាការី ហើយប្រសិនបើព្រះអម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូលអង្វរព្រះអម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលអំពីសសរ អាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ គឺរបស់ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ពុំបានយកទៅជាមួយ នៅពេលស្ដេចចាប់ព្រះបាទយេកូនាស បុត្ររបស់ព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា យកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្ដីអំពីសម្ភារៈដែលនៅសល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរបស់នៅក្នុងដំណាក់ស្ដេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា: គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 27:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅដើមរាជ្យនៃសេដេគា ជាបុត្រយ៉ូសៀសស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់យេរេមាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះ ចូរធ្វើនឹម នឹងខ្សែ ហើយពាក់នៅកឯង លំដាប់នោះ ត្រូវផ្ញើទៅថ្វាយដល់ស្តេចសាសន៍អេដំម ស្តេចសាសន៍ម៉ូអាប់ ស្តេចពួកកូនចៅអាំម៉ូន ស្តេចក្រុងទីរ៉ុស នឹងស្តេចក្រុងស៊ីដូន ដោយដៃពួកទូតដែលមកដល់ក្រុងយេរូសាឡិម ដើម្បីគាល់សេដេគា ជាស្តេចយូដា ព្រមទាំងផ្តាំឲ្យគេប្រាប់ដល់ចៅហ្វាយគេ ដោយពាក្យថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ចូរឲ្យអ្នករាល់គ្នាជំរាបដល់ចៅហ្វាយខ្លួនយ៉ាងនេះថា អញបានបង្កើតផែនដី នឹងមនុស្ស ហើយសត្វដែលនៅលើផែនដីទាំងប៉ុន្មាន ដោយសារឫទ្ធិដ៏ធំ នឹងដៃលើកសំរេចរបស់អញ ក៏ប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ ឥឡូវនេះ អញបានប្រគល់ស្រុកទាំងនេះទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សំរាប់នឹងបំរើគេដែរ សាសន៍ទាំងអស់នឹងបំរើស្តេចនោះ នឹងកូន ហើយនឹងចៅរបស់គេផង ដរាបដល់កំណត់នៃស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ រីឯសាសន៍ណា ឬនគរណា ដែលមិនព្រមបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើទោសដល់សាសន៍នោះដោយដាវ អំណត់អត់ នឹងអាសន្នរោគ ទាល់តែអញបានឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះទៅ តែឯឯងរាល់គ្នា កុំឲ្យស្តាប់តាមពួកហោរារបស់ឯង ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សដែលនិយាយនឹងឯងរាល់គ្នាថា មិនត្រូវឲ្យបំរើស្តេចស្រុកបាប៊ីឡូននោះឡើយ ដ្បិតគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នាទេ ដើម្បីឲ្យឯងត្រូវព្រាត់ចាកឆ្ងាយពីស្រុករបស់ឯង គឺឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងត្រូវវិនាសបង់ តែសាសន៍ណាដែលឱនកទទួលនឹម ហើយបំរើដល់ស្តេចបាប៊ីឡូនវិញ នោះអញនឹងទុកគេ ឲ្យនៅក្នុងស្រុករបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ខ្ញុំក៏បានទូលដល់សេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹម ទៅបំរើដល់ស្តេចបាប៊ីឡូន នឹងរាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ នឹងរាស្ត្ររបស់ទ្រង់ផង ដោយដាវ អំណត់អត់ នឹងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបំរើដល់ស្តេចបាប៊ីឡូនដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា មិនត្រូវបំរើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេទាយជាសេចក្ដីកុហកទេ ព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេឲ្យមកសោះ គឺគេទាយជាសេចក្ដីកំភូតដោយនូវឈ្មោះអញវិញ ដើម្បីឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រូវវិនាសបង់ គឺទាំងខ្លួនឯងរាល់គ្នា នឹងពួកហោរាដែលទាយដល់ឯងផង។ ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ នឹងពួកជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ពួកហោរា ដែលទាយដល់ឯងរាល់គ្នាថា មើល បន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នាទេ កុំឲ្យស្តាប់តាមគេឡើយ ត្រូវឲ្យបំរើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់ បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយនឹងគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម បានត្រូវដឹកនាំយកទៅឯក្រុងបាប៊ីឡូនទៀត ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលពីដំណើរសសរ សមុទ្រ នឹងជើងថ្កល់ ហើយនឹងគ្រឿងប្រដាប់ដែលនៅសល់ក្នុងទីក្រុងនេះ ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា នឹងក្រុងយេរូសាឡិមផង អើ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចយូដា ដែលនៅក្រុងយេរូសាឡិមថា គេនឹងដឹកនាំគ្រឿងទាំងនោះ ទៅឯក្រុងបាប៊ីឡូន ហើយនឹងត្រូវនៅទីនោះ ដរាបដល់ថ្ងៃដែលអញប្រោស នោះអញនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។