យេរេមា 23:16-32
យេរេមា 23:16-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ កុំស្តាប់តាមពាក្យរបស់ហោរា ដែលគេថ្លែងទំនាយប្រាប់អ្នករាល់គ្នាឲ្យសោះ គេនាំអ្នករាល់គ្នាឲ្យវង្វេងទេ គេសម្ដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឧស្ឋរបស់ព្រះយេហូវ៉ាឡើយ។ គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយយើងថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់អ្នករាល់គ្នាឡើយ។ ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ព្រះអង្គ? តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលរបស់ព្រះអង្គ? មើល៍! ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្ដីក្រោធរបស់ព្រះអង្គបានចេញទៅហើយ ជាព្យុះកួចដែលនឹងធ្លាយមកលើក្បាល របស់ពួកមនុស្សអាក្រក់។ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ានឹងមិនវិលទៅវិញឡើយ ទាល់តែព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យព្រះអង្គ នៅថ្ងៃខាងមុខ អ្នករាល់គ្នានឹងយល់ច្បាស់។ យើងមិនបានចាត់ប្រើពួកហោរាទាំងនេះទេ តែគេបានរត់ទៅ យើងមិនបាននិយាយនឹងគេសោះ តែគេបានទាយ។ ប្រសិនបើគេគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់យើង នោះគេនឹងប្រាប់ឲ្យប្រជារាស្ត្ររបស់យើង ស្តាប់ពាក្យរបស់យើងហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួន។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ តើយើងជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយឬអី? ព្រះយេហូវ៉ាសួរដូច្នេះទៀតថា៖ តើមានអ្នកណានឹងពួននៅទីស្ងាត់ណា ដែលយើងមើលមិនឃើញបានឬ? តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងបានឮសេចក្ដីដែលពួកហោរាប្រាប់ ជាពួកអ្នកដែលថ្លែងទំនាយកុហក ដោយនូវឈ្មោះយើងថា ខ្ញុំបានយល់សប្តិ ឃើញដូច្នេះមួយៗ។ សេចក្ដីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលថ្លែងទំនាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្ដីនៅក្នុងចិត្តគេ តើដល់កាលណាទៀត គេគិតតែបណ្ដាលឲ្យប្រជារាស្ត្ររបស់យើងភ្លេចឈ្មោះយើង ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាបុព្វបុរសគេបានភ្លេចឈ្មោះយើង ឲ្យយកឈ្មោះព្រះបាលវិញដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឯហោរាណាដែលយល់សប្តិឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យយើង ត្រូវឲ្យអ្នកនោះប្រាប់ពាក្យយើង ដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ? ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ពាក្យរបស់យើង តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬ? ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកហោរា ដែលលួចពាក្យយើងចេញពីគ្នាទៅវិញទៅមក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកហោរាដែលប្រើអណ្ដាតនិយាយថា ព្រះអង្គមានព្រះបន្ទូល។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកអ្នកដែលថ្លែងទំនាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យប្រជារាស្ត្ររបស់យើងវង្វេងចេញដោយសារពាក្យកុហករបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។
យេរេមា 23:16-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះ ថ្លែងប្រាប់អ្នករាល់គ្នាឡើយ! ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុស ពួកគេរៀបរាប់អំពីនិមិត្តហេតុ តាមតែចិត្តរបស់គេនឹកឃើញ គឺមិនមែនជាពាក្យរបស់យើងទេ។ ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែល ប្រមាថមាក់ងាយយើងថា “ព្រះអម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!” ហើយពោលទៅកាន់អស់អ្នកដែល មានចិត្តរឹងរូសថា “គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។ ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់? តើនរណាបានឃើញ និងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ? តើនរណាយកចិត្តទុកដាក់ស្ដាប់ ព្រះបន្ទូលរបស់ព្រះអង្គ? ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ ព្រះពិរោធនេះប្រៀបដូចជាខ្យល់កំបុតត្បូង បក់នៅលើក្បាលរបស់ពួកទុច្ចរិត។ ព្រះពិរោធរបស់ព្រះអម្ចាស់នឹងមិនងាករេ ចេញទៅណាឡើយ ដរាបណាទាល់តែបានសម្រេចតាមគម្រោងការ របស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។ នៅថ្ងៃចុងក្រោយ អ្នករាល់គ្នាមុខជាយល់ច្បាស់ពុំខាន។ «យើងពុំបានចាត់ព្យាការីទាំងនេះទេ តែពួកគេនាំគ្នារត់ទៅ យើងពុំបាននិយាយអ្វីជាមួយពួកគេទេ តែគេនាំគ្នានិយាយក្នុងនាមយើង។ ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើង នោះពួកគេមុខជានាំពាក្យរបស់យើងទៅ ប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់ និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។ យើងមិនមែនជាព្រះដែលមើលឃើញ តែជិតៗប៉ុណ្ណោះទេ យើងក៏ជាព្រះដែលមើលឃើញអ្វីៗ នៅឆ្ងាយដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «យើងឮពាក្យដែលព្យាការីទាំងនោះថ្លែងក្នុងនាមយើង ពួកគេនិយាយភូតភរ គឺពោលថា “ខ្ញុំសុបិនឃើញដូច្នេះ! ខ្ញុំសុបិនឃើញដូច្នោះ!”។ តើព្យាការីទាំងនោះមានគំនិតបែបណា បានជាគេនៅតែចូលចិត្តថ្លែងពាក្យភូតភរ ថ្លែងពាក្យបោកប្រាស់ តាមទំនើងចិត្តរបស់ខ្លួនដូច្នេះ? ពួកគេស្មានថាអាចធ្វើឲ្យប្រជារាស្ដ្ររបស់យើងបំភ្លេចនាមយើង ដោយចាប់អារម្មណ៍ទៅលើសុបិនដែលគេរៀបរាប់ប្រាប់គ្នា ដូចដូនតារបស់ពួកគេបានភ្លេចនាមយើង ទៅគោរពព្រះបាល។ ដូច្នេះ ព្យាការីណាយល់សុបិនឲ្យគេរៀបរាប់ពីសុបិននោះទៅ។ រីឯអ្នកដែលទទួលពាក្យយើង ត្រូវយកពាក្យនោះទៅថ្លែងប្រាប់ឲ្យបានត្រឹមត្រូវ។ កុំលាយអង្កាម និងអង្ករចូលគ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពាក្យរបស់យើងប្រៀបបីដូចជាភ្លើង និងដូចញញួរដំបំបែកថ្ម - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះហើយបានជាយើងប្រឆាំងនឹងពួកព្យាការី ដែលលួចយកពាក្យគ្នាទៅវិញទៅមក ហើយបន្លំថាជាពាក្យរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងប្រឆាំងនឹងពួកព្យាការីដែលយកពាក្យខ្លួនមកប្រកាស ហើយថាជាពាក្យមកពីយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 23:16-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលគេទាយប្រាប់ឯងរាល់គ្នាឲ្យសោះ គេនាំឯងរាល់គ្នាឲ្យវង្វេងទេ គេសំដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តខ្លួនគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឱស្ឋ នៃព្រះយេហូវ៉ាឡើយ គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយអញថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់ឯងរាល់គ្នាឡើយ ដ្បិតតើអ្នកណាបានឈរក្នុងពួកប្រឹក្សានៃព្រះយេហូវ៉ា ឲ្យបានឃើញ ហើយឮព្រះបន្ទូលរបស់ទ្រង់ តើអ្នកណាបានប្រុងស្តាប់ ហើយឮព្រះបន្ទូលនៃទ្រង់ មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្ដីក្រោធរបស់ទ្រង់ បានចេញទៅហើយ អើ ជាព្យុះកួចដែលនឹងធ្លាយមក លើក្បាលរបស់ពួកមនុស្សអាក្រក់ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងមិនវិលទៅវិញ ទាល់តែទ្រង់បានធ្វើសំរេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យទ្រង់ ឯជាន់ក្រោយ នោះឯងរាល់គ្នានឹងយល់ច្បាស់ អញមិនបានចាត់ប្រើពួកហោរាទាំងនេះទេ គង់តែគេបានរត់ទៅ អញមិនបាននិយាយនឹងគេសោះ គង់តែគេបានទាយ ប៉ុន្តែ បើគេបានគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់អញ នោះគេនឹងបានប្រាប់ឲ្យរាស្ត្រអញស្តាប់ពាក្យរបស់អញហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ នឹងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួនផង។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញបានឬ តើអញមិននៅពេញស្ថានសួគ៌ នឹងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញបានឮសេចក្ដីដែលពួកហោរាប្រាប់ ជាពួកអ្នកដែលទាយកុហកដោយនូវឈ្មោះអញថា ខ្ញុំបានយល់សប្តិ ឃើញដូច្នេះមួយៗ សេចក្ដីយ៉ាងនេះនឹងនៅក្នុងចិត្តនៃពួកហោរាដែលទាយកុហក ជាពួកអ្នកដែលបញ្ឆោតតាមសេចក្ដីនៅក្នុងចិត្តខ្លួនគេ តើដល់កាលណាទៀត គេគិតតែបណ្តាលឲ្យរាស្ត្រអញភ្លេចឈ្មោះអញ ដោយការយល់សប្តិរបស់គេ ដែលថ្លែងប្រាប់ដល់អ្នកជិតខាងគេរៀងខ្លួន ដូចជាពួកព្ធយុកោគេបានភ្លេចឈ្មោះអញ ឲ្យយកឈ្មោះព្រះបាលវិញដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯហោរាណាដែលយល់សប្តិ ឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យអញ ត្រូវឲ្យអ្នកនោះប្រាប់ពាក្យអញដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ឯពាក្យរបស់អញ តើមិនមែនដូចជាភ្លើង ហើយដូចជាញញួរ ដែលបំបែកថ្មខ្ទេចខ្ទីទេឬអី ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកហោរា ដែលលួចពាក្យអញចេញពីគ្នាទៅវិញទៅមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកហោរាដែលប្រើអណ្តាតនិយាយថា ព្រះអង្គមានបន្ទូល ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកអ្នកដែលទាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យរាស្ត្រអញវង្វេងចេញដោយសារសេចក្ដីកំភូតរបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។