យេរេមា 23:1-8
យេរេមា 23:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកម្ចាត់កម្ចាយហ្វូងចៀមនៃទីឃ្វាលរបស់យើង។ ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលទាស់នឹងពួកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំដូច្នេះថា៖ អ្នករាល់គ្នាបានកម្ចាត់កម្ចាយហ្វូងចៀមរបស់យើង ហើយបណ្តេញចេញ ឥតថែរក្សាមើលវាឡើយ ដូច្នេះ យើងនឹងទម្លាក់អំពើអាក្រក់របស់អ្នករាល់គ្នាទៅលើអ្នកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ បន្ទាប់មក យើងនឹងប្រមូលសំណល់នៃហ្វូងរបស់យើង ចេញពីគ្រប់ស្រុក ដែលយើងបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចម្រើនឡើង។ យើងនឹងតាំងគង្វាលលើគេ ដែលនឹងឃ្វាលគេ គ្រានោះ គេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិតមួយ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក។ នៅគ្រារបស់ស្ដេចនោះ ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខ ឯព្រះនាមដែលគេនឹងហៅទ្រង់ នោះគឺ "ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា"។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺហេតុនោះបានជាមានគ្រាមកដល់ ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមកទៀតហើយ គឺគេនឹងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពូជពង្សនៃអ៊ីស្រាអែល ហើយនាំគេចេញពីស្រុកខាងជើង និងពីគ្រប់ទាំងស្រុកដែលព្រះអង្គបានបណ្តេញគេនោះវិញ។ ពេលនោះ គេនឹងនៅក្នុងស្រុករបស់ខ្លួន។
យេរេមា 23:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់ខ្ចាយមុខជាត្រូវវេទនាពុំខាន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជាជនរបស់ព្រះអង្គថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!។ «យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេសសល់ពីគ្រប់ស្រុក ដែលយើងបានកម្ចាត់កម្ចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន យើងនឹងតែងតាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្ដេចមួយអង្គដ៏សុចរិតកើតចេញពី ពូជពង្សរបស់ដាវីឌ។ ស្ដេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុក ដោយសុចរិត និងយុត្តិធម៌។ នៅរជ្ជកាលរបស់ស្ដេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។ គេថ្វាយព្រះនាមស្ដេចនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះអង្គកម្ចាត់កម្ចាយពួកគេឲ្យទៅ!”។ យើងនឹងនាំពួកគេឲ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។
យេរេមា 23:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកំចាត់កំចាយហ្វូងចៀមនៃទីឃ្វាលរបស់អញ ហេតុនោះ ព្រះយេហូវ៉ាជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលទាស់នឹងពួកអ្នកគង្វាលដែលឃ្វាលជនជាតិរបស់ខ្ញុំ ដូច្នេះថា ឯងរាល់គ្នាបានកំចាត់កំចាយហ្វូងចៀមរបស់អញ ហើយបណ្តេញចេញបង់ ឥតមើលរក្សាវាឡើយ ដូច្នេះ អញនឹងទំលាក់អំពើអាក្រក់របស់ឯងរាល់គ្នាទៅលើឯងវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា រួចអញនឹងប្រមូលសំណល់នៃហ្វូងរបស់អញ ចេញពីគ្រប់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ហើយនាំវិលត្រឡប់មកឯក្រោលគេវិញ នោះគេនឹងបង្កើតផល ហើយចំរើនឡើង អញនឹងតាំងអ្នកគង្វាលលើគេដែលនឹងឃ្វាលគេ គ្រានោះគេនឹងមិនភ័យ ឬស្រយុតចិត្តទៀតឡើយ ក៏មិនដែលបាត់បង់ណាមួយដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិត១ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតនៅក្នុងស្រុកផង នៅគ្រារបស់ទ្រង់ ពួកយូដានឹងបានសង្គ្រោះ ហើយពួកអ៊ីស្រាអែលនឹងនៅដោយសន្តិសុខ ឯព្រះនាមដែលគេនឹងហៅទ្រង់ នោះគឺ«ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា» ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺហេតុនោះបានជាមានគ្រាមកដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក គឺគេនឹងថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ដែលទ្រង់បាននាំពូជពង្សនៃអ៊ីស្រាអែលឡើងរួច ហើយដឹកនាំគេចេញពីស្រុកខាងជើង នឹងពីគ្រប់ទាំងស្រុកដែលអញបានបណ្តេញគេនោះវិញ នោះគេនឹងនៅក្នុងស្រុករបស់ខ្លួនគេតទៅ។