យេរេមា 22:1-5

យេរេមា 22:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ចុះ​ទៅ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហាតលិក និង​បណ្ដា‌ជន​របស់​ព្រះ‌អង្គ​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ជិះ​ជាន់ ឬ​គំហក​កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ក៏​កុំ​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ។ ដ្បិត​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ពាក្យ​នេះ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហាតលិក និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​ស្បថ​នឹង​ខ្លួន​យើង​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង។

ចែក​រំលែក
អាន យេរេមា 22

យេរេមា 22:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖ «ចូរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​យូដា ហើយ​ប្រកាស​ពាក្យ​ទាំង​នេះ​ថា: បពិត្រ​ព្រះ‌មហា‌ក្សត្រ​ស្រុក​យូដា ដែល​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មន្ត្រី និង​ប្រជា‌ជន​ដែល​ចូល​តាម​ទ្វារ​នេះ សូម​ព្រះ‌ករុណា និង​អស់​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​នាំ​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ ចូរ​ដោះ​លែង​អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ មិន​ត្រូវ​ធ្វើ​បាប​ជន​អន្តោ‌ប្រវេសន៍ ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា និង​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​នេះ ស្ដេច​ទាំង‌ឡាយ​ដែល​គ្រង​រាជ្យ​ត​ពី​ស្ដេច​ដាវីឌ នឹង​ជិះ​រទេះ ជិះ​សេះ ចូល​តាម​ទ្វារ​វាំង​នេះ​ជា​មួយ​ពួក​មន្ត្រី និង​ប្រជា‌ជន​ត​ទៅ​មុខ​ទៀត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​នេះ​ទេ យើង​សូម​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា វាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន យេរេមា 22

យេរេមា 22:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​ទៅ​ឯ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហា‌តលិក នឹង​បណ្តាជន​របស់​ទ្រង់​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ឲ្យ​រឹប​ជាន់ ឬ​គំហក‌កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា នឹង​ស្រី​មេម៉ាយ​ឡើយ ក៏​កុំ​ឲ្យ​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ ដ្បិត​បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​ពាក្យ​នេះ​ជា​ប្រាកដ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ នឹង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហា‌តលិក នឹង​រាស្ត្រ​របស់​ទ្រង់​ផង តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ខ្លួន​អញ​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង

ចែក​រំលែក
អាន យេរេមា 22