យេរេមា 22:1-30
យេរេមា 22:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរចុះទៅដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្ដាជនរបស់ព្រះអង្គដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។ ដ្បិតប្រសិនបើអ្នករាល់គ្នាពិតជាធ្វើតាមពាក្យនេះ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងប្រជារាស្ត្ររបស់ព្រះអង្គផង។ ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។ យើងនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងអ្នក គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់អ្នក ហើយបោះទៅក្នុងភ្លើង សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះដល់ក្រុងធំនេះ? គេនឹងឆ្លើយតបថា៖ ពីព្រោះគេបានបោះបង់សេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះរបស់គេ ក៏ថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះដទៃ។ កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ គេនឹងមិនមកទីនេះវិញទេ នៅកន្លែងណាដែលត្រូវចាប់នាំទៅជាឈ្លើយ គេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀតឡើយ។ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ ដែលមានបន្ទប់ទូលាយសម្រាប់យើង ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់។ តើអ្នកត្រូវសោយរាជ្យ ដោយព្រោះតែអ្នកមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬ? ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ? ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ។ គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ? ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។ ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូល ស្ដីពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា៖ មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ។ គេនឹងបញ្ចុះសពយេហូយ៉ាគីម ដូចជាបញ្ចុះសពសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិម។ ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះសហាយរបស់អ្នកត្រូវបំផ្លាញហើយ។ កាលនៅគ្រាសម្បូណ៌ នោះយើងបាននិយាយនឹងអ្នកហើយ តែអ្នកឆ្លើយតបថា៖ យើងមិនស្តាប់ទេ គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្ត តាំងតែពីក្មេងមក គឺមិនព្រមស្តាប់តាមពាក្យយើងឡើយ។ ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។ ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសម្បុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើអ្នក ដូចជាស្ត្រីដែលឈឺចាប់សម្រាលកូន នោះអ្នកគួរឲ្យអាណិតយ៉ាងណាទៅ!។ ព្រះយេហូវ៉ាស្បថថា៖ ដូចជាយើងរស់នៅ ទោះបើព្រះបាទកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចសាសន៍យូដា ជាចិញ្ចៀនត្រានៅដៃស្តាំយើងក៏ដោយ គង់តែយើងនឹងកន្ត្រាក់ចេញទៅដែរ។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចង់បានជីវិតអ្នក ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលអ្នកបានខ្លាចនោះ គឺក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្ដាប់ដៃនៃសាសន៍ខាល់ដេផង។ យើងនឹងបោះអ្នកចោល ព្រមទាំងម្តាយដែលបង្កើតអ្នកផង ទៅក្នុងស្រុកមួយដែលមិនមែនជាស្រុកកំណើតរបស់អ្នក ហើយអ្នកនឹងស្លាប់នៅក្នុងស្រុកនោះ។ ប៉ុន្តែ ស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ។ ឯមនុស្សឈ្មោះកូនាស នេះ តើជាភាជនៈកំបែក ហើយសម្អប់ ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ? ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល ហើយគ្រវែងទៅនៅស្រុកមួយដែលគេមិនស្គាល់នោះ? ឱផែនដី ផែនដី ផែនដីអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ៖ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។
យេរេមា 22:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: បពិត្រព្រះមហាក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមព្រះករុណា និងអស់លោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដា ថាស្អាតដូចព្រៃនៅស្រុកកាឡាដ និងដូចកំពូលភ្នំលីបង់ក៏ដោយ យើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជា វាលរហោស្ថាន ជាកន្លែងដែលគ្មាននរណារស់នៅ។ យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។ ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង មុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់ ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?” គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះដទៃ”»។ កុំយំស្រណោះស្ដេចយ៉ូសៀស ដែលសោយទិវង្គតទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយ ហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅថា ទ្រង់នឹងមិនវិលត្រឡប់មកវិញទេ ទ្រង់នឹងសុគតនៅក្នុងស្រុកដែល ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។ «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។ អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។ តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។ បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ព្រះករុណាជាម្ចាស់អើយ ម្ដេចក៏វេទនាម៉្លេះ!” គេនឹងអូសសាកសពយេហូយ៉ាគីមចេញពី ក្រុងយេរូសាឡឹម យកទៅកប់ដូចខ្មោចលា»។ «យេរូសាឡឹមអើយ ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ! ចូរទៅយំសោកនៅខ្ពង់រាបបាសាន! ចូរទៅស្រែកពីលើភ្នំអាបារីម! ដ្បិតគូស្នេហ៍របស់អ្នក បានវិនាសហិនហោចអស់ហើយ។ ពេលស្រុកសុខសាន្ត យើងបាននិយាយជាមួយអ្នក តែអ្នកមិនព្រមស្ដាប់ទេ។ អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក គឺអ្នកមិនព្រមស្ដាប់យើងឡើយ។ ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។ អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសម្រាលកូន!»។ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។ យើងនឹងប្រគល់អ្នកទៅឲ្យពួកដែលចង់ប្រហារជីវិតអ្នក។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលធ្វើឲ្យអ្នកញ័ររន្ធត់ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ។ យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។ អ្នកប្រាថ្នាចង់វិលមកស្រុកកំណើតវិញណាស់ តែពុំអាចវិលត្រឡប់មកវិញបានឡើយ»។ តើព្រះបាទយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងព្រះរាជវង្ស ត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់? ឱមាតុភូមិ ឱមាតុភូមិអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសម្រេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេ នឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ដាវីឌ ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។
យេរេមា 22:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក នឹងបណ្តាជនរបស់ទ្រង់ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា នឹងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ នឹងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក នឹងរាស្ត្ររបស់ទ្រង់ផង តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែ ប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។ កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង ពីព្រោះឯសាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា គេនឹងមិនដែលមកឯទីនេះវិញទៀតឡើយ នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀត។ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ ហើយក៏ពោលថា អញនឹងសង់ផ្ទះ១ធំ ដែលមានបន្ទប់ទូលាយសំរាប់អញ ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់ តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត នឹងចំរើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ គាត់បានកាត់ក្តីឲ្យពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី តែឯភ្នែកឯង នឹងចិត្តឯង នោះរកតែបំពេញសេចក្ដីលោភរបស់ឯងវិញ ក៏កំចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ នឹងប្រព្រឹត្តសេចក្ដីច្រឡោតផងប៉ុណ្ណោះ ហេតុនោះ ព្រះយេហូវ៉ា ក៏មានបន្ទូលពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិមបង់។ ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះបណ្តាសហាយរបស់ឯងបានត្រូវបំផ្លាញហើយ កាលនៅគ្រាសំបូរ នោះអញបាននិយាយនឹងឯងហើយ តែឯងឆ្លើយតបថា យើងមិនព្រមស្តាប់ទេ គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្តតាំងតែពីក្មេងមក គឺមិនព្រមស្តាប់តាមពាក្យអញឡើយ ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់ឯង ហើយពួកសហាយរបស់ឯងនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ ឯងនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលឯងប្រព្រឹត្តជាមិនខាន ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសំរាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។ ព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចសាសន៍យូដាជាចិញ្ចៀនត្រានៅដៃស្តាំអញក៏ដោយ គង់តែអញនឹងកន្ត្រាក់ចេញទៅដែរ អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតឯង ហើយក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងបានខ្លាចនោះ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្តាប់ដៃនៃសាសន៍ខាល់ដេផង អញនឹងបោះឯងចោលចេញ ព្រមទាំងម្តាយដែលបង្កើតឯងផង ទៅក្នុងស្រុក១ដែលមិនមែនជាស្រុកកំណើតរបស់ឯង ហើយឯងនឹងស្លាប់ នៅក្នុងស្រុកនោះ តែឯស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ ឯមនុស្សឈ្មោះយេកូនាសនេះ តើជាភាជនៈកំបែក ហើយសំអប់ឬអី តើជាប្រដាប់ដែលឥតមានអ្នកណាពេញចិត្តដែរឬ ហេតុអ្វីបានជាគេត្រូវបោះចេញដូច្នេះ ព្រមទាំងពូជពង្សរបស់គេផង គឺបោះចោលទៅនៅស្រុក១ដែលគេមិនស្គាល់នោះ ឱផែនដី ផែនដី ផែនដីអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចំរើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្ក នៃដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។