យេរេមា 20:7-13

យេរេមា 20:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្ដោយ​តាម ព្រះ‌អង្គ​មាន​កម្លាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជា‌និច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ។ ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំណៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជា‌និច្ច​រាល់​ថ្ងៃ។ ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។ ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំ‌វិញ អស់​ទាំង​សម្លាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរបរិហារ​ចុះ នោះ​យើង​នឹង​បរិហារ​ដែរ ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ឥត​ភ្លេច​បាន​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ព្រះ‌អង្គ​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ នៃ​ទូល‌បង្គំ​ដល់​ព្រះ‌អង្គ​ហើយ។ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។

ចែក​រំលែក
អាន យេរេមា 20

យេរេមា 20:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​លួង‌លោម​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​យល់​ព្រម​តាម ព្រះអង្គ​បាន​បង្ខំ​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​បាន​ឈ្នះ​ទូលបង្គំ។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា សើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ទូលបង្គំ។ គ្រប់​ពេល​ដែល​ទូលបង្គំ​និយាយ ទូលបង្គំ​ស្រែក​ប្រកាស​តែ​អំពី​ការ​ឃោរ‌ឃៅ និង​មហន្ត‌រាយ។ ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ត្មះ‌តិះ‌ដៀល និង​សើច​ចំអក ឲ្យ​ទូលបង្គំ តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ថា ឈប់​នឹក​នា​ពី​ព្រះ‌បន្ទូល ហើយ​លែង​និយាយ​ក្នុង​នាម​ព្រះអង្គ​ទៀត​នោះ ទូលបង្គំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួន ដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង ទូលបង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំង តែ​វា​មិន​ព្រម​រលត់​ទេ។ ទូលបង្គំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ទូលបង្គំ ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។ សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ទូលបង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូលបង្គំ​ដែរ។ គេ​និយាយ​គ្នា​ថា “បើ​យើង​លួង‌លោម​បញ្ឆោត​គាត់ យើង​នឹង​ចាប់​គាត់​បាន ហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ទូលបង្គំ ព្រះអង្គ​ចាំ​ជួយ​ទូលបង្គំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ទូលបង្គំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ទូលបង្គំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ស្ទង់​មើល ចិត្ត​គំនិត​របស់​មនុស្ស​សុចរិត ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​គេ។ ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​សង‌សឹក​ពួក​គេ ជំនួស​ទូលបង្គំ ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះអង្គ។ សូម​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​រំដោះ​ជីវិត​មនុស្ស​ទុគ៌ត ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។

ចែក​រំលែក
អាន យេរេមា 20

យេរេមា 20:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូលបង្គំ​ហើយ ឯ​ទូលបង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ ដ្បិត​វេលា​ណា​ដែល​ទូលបង្គំ​និយាយ នោះ​ទូលបង្គំ​ស្រែក​ឡើង ទូលបង្គំ​បន្លឺ​ពី​ការ​ច្រឡោត នឹង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំនៀល​ដល់​ទូលបង្គំ ហើយ​ជា​សេចក្ដី​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំ​ជានិច្ច​រាល់​ថ្ងៃ តែ​បើ​កាល​ណា​ទូលបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​នឿយ‌ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំវិញ អស់​ទាំង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូលបង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូលបង្គំ​ដួល​ដែរ គេ​ថា ចូរ​ស​ប្រាប់​ចុះ នោះ​យើង​នឹង​ស​ប្រាប់​ដូច​គ្នា ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ពី​ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប‌ជានិច្ច ឥត​ភ្លេច​បាន​ឡើយ ប៉ុន្តែឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត នឹង​ថ្លើម​អើយ សូម​ឲ្យ​ទូលបង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​នៃ​ទូលបង្គំ​ដល់​ទ្រង់​ហើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។

ចែក​រំលែក
អាន យេរេមា 20