យេរេមា 20:1-6

យេរេមា 20:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​សង្ឃ​អ៊ីមមើរ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ឮ​ថា​ហោរា​យេរេមា​កំពុង​ថ្លែងទំនាយ​សេចក្ដី​ទាំង​នេះ លោកផាស​ហ៊ើរ​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន​ខាង​លើ កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។ លុះ​ថ្ងៃ​បន្ទាប់ លោក​ផាស‌ហ៊ើរ​ក៏​នាំ​ហោរា​យេរេមា​ចេញ​ពី​គុក​មក​វិញ ខណៈ​នោះ ហោរា​យេរេមា​ប្រាប់​លោក​ថា៖ «ព្រះ‌យេហូវ៉ា​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សាប៊ីបវិញ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្ត​សម្លាញ់​របស់​អ្នក​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​អ្នក​នឹង​ឃើញ​ដែរ យើង​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្ដេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សម្លាប់​គេ​ដោយ​ដាវ​ផង។ មួយ​ទៀត យើង​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់ យើង​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ​របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន"។ ឯ​អ្នក​ផាស‌ហ៊ើរ​អើយ អ្នក និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​អ្នក​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ គឺ​អ្នក​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​អ្នក​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​អ្នក​នៅ​ស្រុក​នោះ គឺ​ទាំង​អ្នក និង​ពួក​មិត្ត​សម្លាញ់​អ្នក​ដែល​អ្នក​បាន​ថ្លែងទំនាយ​កុហក​ដល់​គេ​នោះ​ផង»។

ចែក​រំលែក
អាន យេរេមា 20

យេរេមា 20:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​លោក​បូជា‌ចារ្យ​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​អ៊ីម‌មើរ និង​ជា​អនុ‌រក្ស​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ បាន​ឮ​លោក​យេរេមា​ថ្លែង​ព្រះ‌បន្ទូល​ទាំង​នេះ គាត់​ទះ​កំផ្លៀង​លោក​យេរេមា រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​បន្ទាប់​លោក​ផាស‌ហ៊ើរ​មក​ស្រាយ​លោក​យេរេមា លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌អម្ចាស់​មិន​ហៅ​លោក​ថា “ផាស‌ហ៊ើរ” ទៀត​ទេ គឺ​ព្រះអង្គ​នឹង​ហៅ​លោក​ថា “ម៉ាកោរ-‌មីស្សា‌ប៊ីប” វិញ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ការ​ព្រឺ​ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្ត‌ភក្ដិ​របស់​អ្នក។ មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ ស្ដេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។ យើង​នឹង​ប្រគល់​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​នេះ ព្រម​ទាំង​សម្បត្តិ​ទ្រព្យ​ដែល​ជា​ផល​នៃ​ការ‌ងារ​របស់​គេ និង​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ​ទៅ​ឲ្យ​ខ្មាំង។ យើង​នឹង​ប្រគល់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ពួក​គេ​នឹង​រឹប​អូស​យក​ជា​ជយ‌ភណ្ឌ ហើយ​ដឹក​ជញ្ជូន​ទៅ​ស្រុក​បាប៊ី‌ឡូន។ រីឯ​អ្នក​វិញ ផាស‌ហ៊ើរ​អើយ អ្នក​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ី‌ឡូន ហើយ​អ្នក​នឹង​ស្លាប់​នៅ​ទី​នោះ។ គេ​នឹង​បញ្ចុះ​សព​អ្នក ព្រម​ទាំង​សព​មិត្ត‌ភក្ដិ​ទាំង​អស់​ដែល​អ្នក​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្លែងក្លាយ​ប្រាប់​ពួក​គេ”»។

ចែក​រំលែក
អាន យេរេមា 20

យេរេមា 20:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ផាស‌ហ៊ើរ ជា​កូន​អ៊ីមមើរ​ដ៏​ជា​សង្ឃ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​បាន​ឮ​កំពុង​ដែល​យេរេមា​ទាយ​សេចក្ដី​ទាំង​នេះ ដូច្នេះ លោក​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន​ខាង​លើ នា​កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លុះ​ដល់​ស្អែក​ឡើង ផាស‌ហ៊ើរ​ក៏​នាំ​យេរេមា​ចេញ​ពី​គុក​មក ខណៈ​នោះ យេរេមា​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សា‌ប៊ីប វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្រ​សំឡាញ់​របស់​ឯង​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​ឯង​នឹង​ឃើញ​ដែរ អញ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ហើយស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សំឡាប់​គេ​ដោយ​ដាវ​ផង ១​ទៀត អញ​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់​ផង អើ អញ​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​ជា​របឹប នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន ឯ​ឯង​ផាស‌ហ៊ើរ​អើយ ឯង នឹង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ឯង នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ គឺ​ឯង​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះឯង​នឹង​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​ឯង​នៅ​ស្រុក​នោះ គឺ​ទាំង​ឯង នឹង​ពួក​មិត្រ​សំឡាញ់ ឯង​ដែល​ឯង​បាន​ទាយ​កុហក​ដល់​គេ​នោះ​ផង។

ចែក​រំលែក
អាន យេរេមា 20