យេរេមា 20:1-18
យេរេមា 20:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកផាសហ៊ើរ ជាកូនរបស់សង្ឃអ៊ីមមើរ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា បានឮថាហោរាយេរេមាកំពុងថ្លែងទំនាយសេចក្ដីទាំងនេះ លោកផាសហ៊ើរក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ កំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា។ លុះថ្ងៃបន្ទាប់ លោកផាសហ៊ើរក៏នាំហោរាយេរេមាចេញពីគុកមកវិញ ខណៈនោះ ហោរាយេរេមាប្រាប់លោកថា៖ «ព្រះយេហូវ៉ាមិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីបវិញ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "យើងនឹងធ្វើឲ្យអ្នកជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្តសម្លាញ់របស់អ្នកផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់អ្នកនឹងឃើញដែរ យើងនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃនៃស្ដេចបាប៊ីឡូន ហើយស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសម្លាប់គេដោយដាវផង។ មួយទៀត យើងនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ យើងនឹងប្រគល់ព្រះរាជទ្រព្យរបស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកនាំទៅឯស្រុកបាប៊ីឡូន"។ ឯអ្នកផាសហ៊ើរអើយ អ្នក និងអស់អ្នកដែលអាស្រ័យនៅផ្ទះអ្នកនឹងត្រូវនាំទៅជាឈ្លើយ គឺអ្នកនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះអ្នកត្រូវស្លាប់ ហើយគេនឹងកប់អ្នកនៅស្រុកនោះ គឺទាំងអ្នក និងពួកមិត្តសម្លាញ់អ្នកដែលអ្នកបានថ្លែងទំនាយកុហកដល់គេនោះផង»។ ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្ដោយតាម ព្រះអង្គមានកម្លាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ។ ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត និងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្ដីដំណៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ។ ប្រសិនបើទូលបង្គំសម្រេចថា មិននិយាយដំណាលពីព្រះអង្គ ឬនិយាយដោយនូវព្រះនាមព្រះអង្គទៀត នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត។ ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា។ ប៉ុន្តែ ព្រះយេហូវ៉ាគង់ជាមួយទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ។ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ នៃទូលបង្គំដល់ព្រះអង្គហើយ។ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។ សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្ដាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសម្រាលខ្ញុំចេញមកនោះ បានពរឡើយ សូមឲ្យត្រូវបណ្ដាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំ មានអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសម្រែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់ ពីព្រោះគេមិនបានសម្លាប់ខ្ញុំ ពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំរហូតទៅ។ ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ និងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ?
យេរេមា 20:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលលោកបូជាចារ្យផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សព្រះដំណាក់របស់ព្រះជាម្ចាស់ បានឮលោកយេរេមាថ្លែងព្រះបន្ទូលទាំងនេះ គាត់ទះកំផ្លៀងលោកយេរេមា រួចបញ្ជាឲ្យគេដាក់ច្រវាក់លោក នៅទ្វារបេនយ៉ាមីនផ្នែកខាងលើ ជាប់នឹងព្រះដំណាក់របស់ព្រះអម្ចាស់។ នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយលោកយេរេមា លោកយេរេមាមានប្រសាសន៍ទៅគាត់ថា៖ «ព្រះអម្ចាស់មិនហៅលោកថា “ផាសហ៊ើរ” ទៀតទេ គឺព្រះអង្គនឹងហៅលោកថា “ម៉ាកោរ-មីស្សាប៊ីប” វិញ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។ យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅឲ្យខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជយភណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។ រីឯអ្នកវិញ ផាសហ៊ើរអើយ អ្នកព្រមទាំងក្រុមគ្រួសាររបស់អ្នកនឹងត្រូវគេកៀរទៅជាឈ្លើយសឹកនៅបាប៊ីឡូន ហើយអ្នកនឹងស្លាប់នៅទីនោះ។ គេនឹងបញ្ចុះសពអ្នក ព្រមទាំងសពមិត្តភក្ដិទាំងអស់ដែលអ្នកបានថ្លែងព្រះបន្ទូលក្លែងក្លាយប្រាប់ពួកគេ”»។ បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាម ព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។ គ្រប់ពេលដែលទូលបង្គំនិយាយ ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអក ឲ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។ ប្រសិនបើទូលបង្គំសម្រេចចិត្តថា ឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។ ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំ ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច ហេតុនេះ អស់អ្នកដែលបៀតបៀនទូលបង្គំ មុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីទូលបង្គំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។ ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេ ជំនួសទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ សូមច្រៀងថ្វាយព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអម្ចាស់! ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។ សូមឲ្យថ្ងៃកំណើតរបស់ទូលបង្គំ ត្រូវបណ្ដាសា! សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ ថាជាថ្ងៃប្រកបដោយព្រះពរឡើយ! រីឯអ្នកដែលបាននាំដំណឹងទៅជម្រាប ឪពុកទូលបង្គំថា “អ្នកមានកូនប្រុសមួយ” ហើយធ្វើឲ្យឪពុកទូលបង្គំ រីករាយយ៉ាងខ្លាំង សូមឲ្យអ្នកនោះត្រូវបណ្ដាសា! សូមឲ្យអ្នកនោះបានដូចក្រុងនានា ដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្ដាយ! ពេលព្រឹក សូមឲ្យអ្នកនោះឮសម្រែក ប្រកាសភាពអាសន្ន ហើយនៅថ្ងៃត្រង់ ឮសម្រែកខ្មាំងមកដល់! ប្រសិនបើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។ ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជា ផ្នូររបស់ទូលបង្គំ ហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ រហូតតទៅ។ ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
យេរេមា 20:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯផាសហ៊ើរ ជាកូនអ៊ីមមើរដ៏ជាសង្ឃ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកបានឮកំពុងដែលយេរេមាទាយសេចក្ដីទាំងនេះ ដូច្នេះ លោកក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ នាកំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា លុះដល់ស្អែកឡើង ផាសហ៊ើរក៏នាំយេរេមាចេញពីគុកមក ខណៈនោះ យេរេមាប្រាប់លោកថា ព្រះយេហូវ៉ាទ្រង់មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីប វិញ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យឯងជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្រសំឡាញ់របស់ឯងផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់ឯងនឹងឃើញដែរ អញនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសំឡាប់គេដោយដាវផង ១ទៀត អញនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ផង អើ អញនឹងប្រគល់ព្រះរាជទ្រព្យ របស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មាន ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកជារបឹប នាំទៅឯស្រុកបាប៊ីឡូន ឯឯងផាសហ៊ើរអើយ ឯង នឹងអស់អ្នកដែលអាស្រ័យនៅផ្ទះឯង នឹងត្រូវដឹកនាំទៅជាឈ្លើយ គឺឯងនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះឯងនឹងត្រូវស្លាប់ ហើយគេនឹងកប់ឯងនៅស្រុកនោះ គឺទាំងឯង នឹងពួកមិត្រសំឡាញ់ ឯងដែលឯងបានទាយកុហកដល់គេនោះផង។ ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកំឡាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត នឹងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្ដីដំនៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ តែបើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត នឹងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។ សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ សូមឲ្យត្រូវបណ្តាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្ដីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់ ពីព្រោះគេមិនបានសំឡាប់ខ្ញុំពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំជាដរាប ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ នឹងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ។