យេរេមា 2:4-13
យេរេមា 2:4-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា? យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ហើយឲ្យមត៌ករបស់យើង បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។ ពួកសង្ឃក៏មិនបានសួរថា៖ តើព្រះយេហូវ៉ាគង់នៅឯណា? គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់យើងទេ ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ ដែលឥតមានប្រយោជន៍អ្វីសោះ។ ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងតវ៉ានឹងអ្នករាល់គ្នាទៀត ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មាន របស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើមានអ្វីដូច។ តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ? តែប្រជារាស្ត្ររបស់យើងបានដូរព្រះ ដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ ដែលឥតមានប្រយោជន៍វិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត អំពើអាក្រក់ពីរយ៉ាង គឺបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
យេរេមា 2:4-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះដែរ? ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា? គឺព្រះដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។ ក្រុមបូជាចារ្យពុំដែលសួរថា “ព្រះអម្ចាស់នៅឯណា?” គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។ ហេតុនេះហើយបានជាយើងឡើងក្ដី នឹងអ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល ហើយសង្កេតមើលចុះ ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច អ្នករាល់គ្នាឬទេ? តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ ពុំមែនជាព្រះពិតប្រាកដទេ)។ រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ ព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿង ហើយបែរជានាំគ្នាគោរពព្រះដែល ឥតបានការទៅវិញ។ ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ មិនអាចទុកទឹកបាននោះទៅវិញ។
យេរេមា 2:4-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកវង្សរបស់យ៉ាកុប នឹងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ទ្រង់មានបន្ទូលសួរថា ពួកព្ធយុកោរបស់ឯងរាល់គ្នាបានឃើញមានសេចក្ដីទុច្ចរិតយ៉ាងណានៅក្នុងអញ បានជាគេថយទៅឆ្ងាយពីអញដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង គេក៏មិនបានសួរថា ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ នឹងជង្ហុក គឺជាទីមានតែដីហួតហែង នឹងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា អញក៏បាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកដ៏សំបូរ ដើម្បីឲ្យបានបរិភោគផល នឹងរបស់ល្អនៃស្រុកនោះ ប៉ុន្តែកាលឯងរាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ហើយឲ្យមរដករបស់អញបានត្រឡប់ជាទីស្អប់ខ្ពើមវិញ ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។ ហេតុដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងតវ៉ានឹងឯងរាល់គ្នាទៀត ហើយនឹងកូនចៅរបស់ឯងតទៅដែរ ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។