យេរេមា 2:27-32
យេរេមា 2:27-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យយើង មិនហ៊ានបែរមុខឡើយ ប៉ុន្តែ ដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់យើងថា សូមព្រះអង្គក្រោកឡើង ជួយសង្គ្រោះយើងខ្ញុំផង។ ឯព្រះដែលអ្នកបានធ្វើសម្រាប់ខ្លួន តើនៅឯណា? ចូរឲ្យវាក្រោកឡើងជួយអ្នកចុះ បើវាអាចនឹងជួយសង្គ្រោះអ្នក ក្នុងគ្រាដែលអ្នកកើតមានសេចក្ដីវេទនានោះបាន។ ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នក នោះប្រមាណស្មើនឹងទីក្រុងរបស់អ្នកដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាចង់តនឹងយើងដូច្នេះ? អ្នករាល់គ្នាបានរំលងចំពោះយើងហើយ ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។ ឱតំណមនុស្សនេះអើយ ចូរមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើយើងដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬ? ហេតុអ្វីបានជាប្រជាប្រជារាស្ត្ររបស់យើងពោលថា "យើងបានផ្តាច់ចំណង ហើយយើងមិនព្រម មកឯព្រះអង្គទៀតឡើយ" ដូច្នេះ? តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬទេ? តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួន សម្រាប់រៀបការឬទេ? ប៉ុន្តែ ប្រជារាស្ត្ររបស់យើង បានភ្លេចយើងជាយូរថ្ងៃហើយ នឹងរាប់មិនបានឡើយ។
យេរេមា 2:27-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេពោលទៅកាន់រូបធ្វើពីឈើថា “ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!” ហើយពោលទៅកាន់រូបធ្វើពីថ្មថា “ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។ ពួកគេបានងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើងវិញ តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា “សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។ ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន សូនធ្វើនោះ ទៅណាបាត់អស់ហើយ? ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន នៅពេលអ្នកមានទុក្ខ ម្ដេចក៏មិនហៅព្រះទាំងនោះទៅ? ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ! ហេតុអ្វីបានជាអ្នករាល់គ្នារករឿង យើងដូច្នេះ? អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា តែគ្មានផលប្រយោជន៍អ្វីសោះ ដ្បិតពួកគេមិនព្រមរាងចាលទេ អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី* របស់អ្នករាល់គ្នា។ (សូមឲ្យអ្នកនៅជំនាន់នេះយក ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!) អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។ មិនដែលមានស្ត្រីក្រមុំណា ភ្លេចគ្រឿងអលង្ការរបស់ខ្លួន ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។ រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង តាំងពីយូរលង់ណាស់មកហើយ។
យេរេមា 2:27-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យអញ មិនហ៊ានបែរមុខឡើយ ប៉ុន្តែដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់អញថា សូមទ្រង់ក្រោកឡើងជួយសង្គ្រោះយើងខ្ញុំផង ឯព្រះដែលឯងបានធ្វើសំរាប់ខ្លួន តើនៅឯណា ចូរឲ្យវាក្រោកឡើងជួយឯងចុះ បើវាអាចនឹងជួយសង្គ្រោះឯង ក្នុងគ្រាដែលឯងកើតមានសេចក្ដីវេទនានោះបាន ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងរបស់ឯងដែរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ហេតុអ្វីបានជាឯងរាល់គ្នាចង់តនឹងអញដូច្នេះ ឯងរាល់គ្នាបានរំលងចំពោះអញហើយ ការដែលអញបានវាយផ្ចាលពួកកូនចៅឯង នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនឯងរាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់ឯង ដូចជាសិង្ហដែលហែកបំផ្លាញវិញ ឱដំណមនុស្សនេះអើយ ចូរក្រឡេកមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើអញបានដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬអី ហេតុអ្វីបានជារាស្ត្រអញពោលថា យើងបានផ្តាច់ចំណង ហើយយើងមិនព្រមមកឯទ្រង់ទៀតឡើយ ដូច្នេះ តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬ តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួនសំរាប់រៀបការបានឬអី ប៉ុន្តែរាស្ត្ររបស់អញបានភ្លេចអញជាយូរថ្ងៃវិញ នឹងរាប់មិនបានឡើយ