យេរេមា 2:1-37
យេរេមា 2:1-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ គ្រានោះ អ៊ីស្រាអែលជាពួកបរិសុទ្ធដល់ព្រះយេហូវ៉ា ជាផលដំបូងនៃសេចក្ដីចម្រើនរបស់ព្រះអង្គ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អស់អ្នកណាដែលស៊ីបង្ហិនគេ នោះនឹងត្រូវមានទោស សេចក្ដីអាក្រក់នឹងមកគ្របលើអ្នកនោះ»។ ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ បុព្វបុរសរបស់អ្នករាល់គ្នាបានឃើញមាន អំពើទុច្ចរិតយ៉ាងណានៅក្នុងយើង បានជាគេថយទៅឆ្ងាយពីយើងដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា? យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ហើយឲ្យមត៌ករបស់យើង បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។ ពួកសង្ឃក៏មិនបានសួរថា៖ តើព្រះយេហូវ៉ាគង់នៅឯណា? គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់យើងទេ ពួកគ្រប់គ្រង បានប្រព្រឹត្តរំលងនឹងយើង ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ ដែលឥតមានប្រយោជន៍អ្វីសោះ។ ហេតុដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងតវ៉ានឹងអ្នករាល់គ្នាទៀត ព្រមទាំងកូនចៅរបស់អ្នកតទៅដែរ ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មាន របស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើមានអ្វីដូច។ តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ? តែប្រជារាស្ត្ររបស់យើងបានដូរព្រះ ដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ ដែលឥតមានប្រយោជន៍វិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត អំពើអាក្រក់ពីរយ៉ាង គឺបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។ តើអ៊ីស្រាអែលជាខ្ញុំបម្រើលោះដោយប្រាក់ ឬជាខ្ញុំបម្រើដែលកើតនៅផ្ទះចៅហ្វាយ? ហេតុអ្វីបានជាត្រូវរឹបយកដូច្នេះ? កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ បានបំផ្លាញស្រុក ឯទីក្រុងរបស់គេទាំងប៉ុន្មានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត។ ពួកក្រុងណូព និងក្រុងតាហាពេនេស គេបានបំបែកកំពូលក្បាលរបស់អ្នកហើយ តើអ្នកមិនបាននាំការនេះមកលើខ្លួនអ្នកទេឬ? ដោយអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះរបស់អ្នក ក្នុងកាលដែលព្រះអង្គ កំពុងតែនាំអ្នកតាមផ្លូវនោះ ចុះឥឡូវនេះ តើអ្នកមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះ? ឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីផឹកទឹកទន្លេនោះ? អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។ តាំងពីយូរមកហើយ អ្នកបានបំបាក់នឹមរបស់ខ្លួន ហើយបានផ្តាច់ចំណងអ្នកចេញ ដោយពាក្យថា យើងមិនបម្រើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះអ្នកបានផិតក្បត់នឹងយើង។ យើងបានផ្សាំអ្នកទុកជាទំពាំងបាយជូរសម្រាំង ជាពូជយ៉ាងល្អបំផុត ម្តេចបានជាអ្នកក្លាយទៅជា ខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់យើងដូច្នេះ? ទោះបើអ្នកលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា៖ អំពើទុច្ចរិតរបស់អ្នក នៅមានកត់ជាប់ ចំពោះយើងនៅឡើយដែរ។ ធ្វើដូចម្តេចឲ្យអ្នកបានថា អ្នកមិនសៅហ្មង ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ។ ចូរមើលស្នាមផ្លូវដែលអ្នកដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលអ្នកបានធ្វើនោះចុះ អ្នកជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា។ ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសម្រើប លុះដល់រដូវកំណត់របស់វា តើអ្នកណានឹងបំបែរចេញបាន? អ្នកណាដែលរកចាប់វា មិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នឹងបានប្រទះហើយ។ កុំប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ តែអ្នកបានតបថា ឥតប្រយោជន៍ទេ ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ ហើយនឹងរត់ទៅតាមគេវិញ។ ឯចោរដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកហោរារបស់គេផង ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យយើង មិនហ៊ានបែរមុខឡើយ ប៉ុន្តែ ដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់យើងថា សូមព្រះអង្គក្រោកឡើង ជួយសង្គ្រោះយើងខ្ញុំផង។ ឯព្រះដែលអ្នកបានធ្វើសម្រាប់ខ្លួន តើនៅឯណា? ចូរឲ្យវាក្រោកឡើងជួយអ្នកចុះ បើវាអាចនឹងជួយសង្គ្រោះអ្នក ក្នុងគ្រាដែលអ្នកកើតមានសេចក្ដីវេទនានោះបាន។ ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នក នោះប្រមាណស្មើនឹងទីក្រុងរបស់អ្នកដែរ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាចង់តនឹងយើងដូច្នេះ? អ្នករាល់គ្នាបានរំលងចំពោះយើងហើយ ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។ ឱតំណមនុស្សនេះអើយ ចូរមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើយើងដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬ? ហេតុអ្វីបានជាប្រជាប្រជារាស្ត្ររបស់យើងពោលថា "យើងបានផ្តាច់ចំណង ហើយយើងមិនព្រម មកឯព្រះអង្គទៀតឡើយ" ដូច្នេះ? តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬទេ? តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួន សម្រាប់រៀបការឬទេ? ប៉ុន្តែ ប្រជារាស្ត្ររបស់យើង បានភ្លេចយើងជាយូរថ្ងៃហើយ នឹងរាប់មិនបានឡើយ។ អ្នកប្រសប់អីម៉្លេះ នឹងរៀបផ្លូវរក សេចក្ដីស្រឡាញ់ដូច្នេះ អ្នកបានទាំងបង្រៀនពួកស្រីៗអាក្រក់ តាមផ្លូវរបស់អ្នកដែរ។ មួយទៀត នៅជាយអាវអ្នក ឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង យើងមិនបានដឹងដោយស៊ើបសួររកបែបសម្ងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ។ ប៉ុន្តែ អ្នកថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីខ្ញុំហើយ យើងនឹងកាត់ទោសអ្នកដោយព្រោះអ្នកថា អ្នកគ្មានធ្វើបាបឡើយដូច្នេះ។ ហេតុអ្វីបានជាអ្នកអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់អ្នក អ្នកនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាអ្នកបានខ្មាសចំពោះស្រុកអាសស៊ើរដែរ ហើយអ្នកនឹងត្រូវចេញពីស្រុកនោះ ទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ា មិនព្រមទទួលពួកដែលអ្នកយកជាទីពឹងនោះទេ ហើយអ្នកនឹងមិនបានចម្រើននៅជាមួយគេដែរ។
យេរេមា 2:1-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។ នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិ អ៊ីស្រាអែលទុកសម្រាប់ព្រះអង្គ ជាផលផ្លែដំបូងរបស់ព្រះអង្គ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះដែរ? ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា? គឺព្រះដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក ដែលមានដំណាំដាំដុះ ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ ផ្លែឈើដែលមានរសជាតិ។ ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង ទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។ ក្រុមបូជាចារ្យពុំដែលសួរថា “ព្រះអម្ចាស់នៅឯណា?” គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ពួកព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ ដែលពុំអាចជួយពួកគេបានឡើយ។ ហេតុនេះហើយបានជាយើងឡើងក្ដី នឹងអ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល ហើយសង្កេតមើលចុះ ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច អ្នករាល់គ្នាឬទេ? តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ ពុំមែនជាព្រះពិតប្រាកដទេ)។ រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ ព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿង ហើយបែរជានាំគ្នាគោរពព្រះដែល ឥតបានការទៅវិញ។ ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ មិនអាចទុកទឹកបាននោះទៅវិញ។ តើអ៊ីស្រាអែលជាទាសករដែលគេទិញមក ឬជាទាសករដែលកើតក្នុងផ្ទះ បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម ពួកគេដូច្នេះ? ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹម ពួកគេស្រែកគំរាម និងបំផ្លាញស្រុក ឲ្យវិនាសហិនហោច ពួកគេដុតក្រុងទាំងឡាយ ហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។ សូម្បីតែជនជាតិណូប និងជនជាតិតាហាពេនេស ក៏នាំគ្នាកោរសក់អ៊ីស្រាអែល នាំយកទៅជាឈ្លើយដែរ។ អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នក ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។ ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅ ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ? តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរី ទៅរកផឹកទឹកទន្លេអឺប្រាតឬ? ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។ តាំងពីយូរយារណាស់មកហើយ អ្នកបានបះបោរប្រឆាំងនឹងយើង ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។ អ្នកបានពោលថា: “ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។ អ្នកបានផិតក្បត់យើង ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។ យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត គឺដើមទំពាំងបាយជូរសុទ្ធ ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា ដើមទំពាំងបាយជូរក្លាយ ដែលគ្មានផ្លែល្អទៅវិញដូច្នេះ? ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន មកលាងសម្អាត និងជម្រះខ្លួនក្ដី ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់ ចំពោះមុខយើងជានិច្ច - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ហេតុអ្វីបានជាអ្នកហ៊ានពោលថា: “ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេ ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។ មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។ អ្នកប្រៀបបាននឹងលាញីព្រៃ ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង គ្មាននរណាអាចទប់បានឡើយ។ លាឈ្មោលដែលចង់បានវា មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។ យើងបានប្រាប់អ្នកឲ្យប្រុងប្រយ័ត្នខ្លួន បើប្រឹងរត់ដូច្នេះ ក្រែងមុតជើង ហើយស្ងួតបំពង់ក! ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេ ខ្ញុំស្រឡាញ់ព្រះឯទៀតៗ ហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។ ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងបូជាចារ្យ ទាំងព្យាការី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។ គេពោលទៅកាន់រូបធ្វើពីឈើថា “ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!” ហើយពោលទៅកាន់រូបធ្វើពីថ្មថា “ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។ ពួកគេបានងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើងវិញ តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា “សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។ ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន សូនធ្វើនោះ ទៅណាបាត់អស់ហើយ? ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន នៅពេលអ្នកមានទុក្ខ ម្ដេចក៏មិនហៅព្រះទាំងនោះទៅ? ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ! ហេតុអ្វីបានជាអ្នករាល់គ្នារករឿង យើងដូច្នេះ? អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា តែគ្មានផលប្រយោជន៍អ្វីសោះ ដ្បិតពួកគេមិនព្រមរាងចាលទេ អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី* របស់អ្នករាល់គ្នា។ (សូមឲ្យអ្នកនៅជំនាន់នេះយក ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!) អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។ មិនដែលមានស្ត្រីក្រមុំណា ភ្លេចគ្រឿងអលង្ការរបស់ខ្លួន ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។ រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង តាំងពីយូរលង់ណាស់មកហើយ។ អ្នកប្រសប់ស្វែងរកសង្សារណាស់ ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេក អ្នកលែងយល់ថា អំពើនោះជាអំពើអាក្រក់ទៀតហើយ។ អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។ ទោះជាយ៉ាងនេះក្ដី អ្នកហ៊ានពោលថា “ខ្ញុំគ្មានកំហុសអ្វីសោះ ព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។ ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះ យើងនឹងនាំអ្នកទៅតុលាការ។ ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។ អ្នកនឹងចេញពីស្រុកនោះមកវិញ ទាំងដើរទូលដៃលើក្បាល ដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យ អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ ពួកគេពុំអាចជួយអ្នកបានឡើយ»។
យេរេមា 2:1-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា ចូរទៅចុះ ហើយស្រែកដាក់ត្រចៀកពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្ដីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ គ្រានោះ អ៊ីស្រាអែលជាពួកបរិសុទ្ធដល់ព្រះយេហូវ៉ា ជាផលដំបូងនៃសេចក្ដីចំរើនរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អស់អ្នកណាដែលស៊ីបង្ហិនគេ នោះនឹងត្រូវមានទោស សេចក្ដីអាក្រក់នឹងមកគ្របលើអ្នកនោះ។ ឱពួកវង្សរបស់យ៉ាកុប នឹងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ទ្រង់មានបន្ទូលសួរថា ពួកព្ធយុកោរបស់ឯងរាល់គ្នាបានឃើញមានសេចក្ដីទុច្ចរិតយ៉ាងណានៅក្នុងអញ បានជាគេថយទៅឆ្ងាយពីអញដូច្នេះ ព្រមទាំងប្រព្រឹត្តតាមសេចក្ដីឥតប្រយោជន៍ ហើយក៏ទៅជាឥតប្រយោជន៍គ្រប់គ្នាផង គេក៏មិនបានសួរថា ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ នឹងជង្ហុក គឺជាទីមានតែដីហួតហែង នឹងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើទ្រង់នៅឯណា អញក៏បាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកដ៏សំបូរ ដើម្បីឲ្យបានបរិភោគផល នឹងរបស់ល្អនៃស្រុកនោះ ប៉ុន្តែកាលឯងរាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ហើយឲ្យមរដករបស់អញបានត្រឡប់ជាទីស្អប់ខ្ពើមវិញ ពួកសង្ឃក៏មិនបានសួរថា តើព្រះយេហូវ៉ាទ្រង់គង់នៅឯណាដែរ គឺពួកអ្នកដែលកាន់ប្រើក្រឹត្យវិន័យ គេមិនបានស្គាល់អញទេ ពួកគ្រប់គ្រងបានប្រព្រឹត្តរំលងនឹងអញ ហើយពួកហោរាបានទាយ ដោយព្រះបាលផង គេបានដើរតាមតែរបស់ដែលឥតមានប្រយោជន៍អ្វីសោះ។ ហេតុដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងតវ៉ានឹងឯងរាល់គ្នាទៀត ហើយនឹងកូនចៅរបស់ឯងតទៅដែរ ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មានរបស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើដែលមានអ្វីឲ្យដូចឬទេ តើដែលមានសាសន៍ណាផ្លាស់ព្រះរបស់ខ្លួន ដែលមិនមែនជាព្រះផងឬទេ តែរាស្ត្ររបស់អញបានដូរព្រះដ៏ជាសិរីល្អរបស់ខ្លួន ឲ្យបានតែរបស់ដែលឥតមានប្រយោជន៍វិញ ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលថា ឱផ្ទៃមេឃអើយ ចូរឲ្យនឹកប្លែកពីដំណើរនេះ ហើយឲ្យភ័យស្បើមចុះ ត្រូវឲ្យមានចិត្តត្រមោចនៅ ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។ តើអ៊ីស្រាអែលជាខ្ញុំបំរើលោះដោយប្រាក់ ឬជាខ្ញុំបំរើដែលកើតនៅផ្ទះចៅហ្វាយ ហេតុអ្វីបានជាគេត្រូវរឹបជាន់ដូច្នេះ កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ ហើយបានបំផ្លាញស្រុក ឯទីក្រុងគេទាំងប៉ុន្មានបានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត ពួកក្រុងណូព នឹងក្រុងតាហាពេនេស គេបានបំបែកកំពូលក្បាលរបស់ឯងហើយ តើឯងមិនបាននាំការនេះមកលើខ្លួនឯងទេឬអី ដោយឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ក្នុងកាលដែលទ្រង់កំពុងតែនាំឯងតាមផ្លូវនោះ ចុះឥឡូវនេះ តើឯងមានការអ្វី បានជាទៅតាមផ្លូវទៅឯស្រុកអេស៊ីព្ទ ដោយប្រាថ្នាចង់ផឹកទឹកទន្លេស៊ីហោរដូច្នេះឬមានការអ្វីតាមផ្លូវទៅឯស្រុកអាសស៊ើរ ដើម្បីនឹងផឹកទឹកទន្លេនោះ អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។ តាំងពីយូរមកហើយ នោះឯងបានបំបាក់នឹមឯង ហើយបានផ្តាច់ចំណងឯងចេញ ដោយពាក្យថា យើងមិនបំរើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះឯងបានដេកចុះផិតអញ អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង ជាពូជយ៉ាងល្អបំផុត ចុះធ្វើដូចម្តេចឲ្យឯងបានក្លាយទៅជាខ្នែងរបស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ ដ្បិតទោះបើឯងលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា អំពើទុច្ចរិតរបស់ឯង នៅមានកត់ជាប់ចំពោះអញនៅឡើយដែរ ធ្វើដូចម្តេចឲ្យឯងបានថា ឯងមិនសៅហ្មងទេ ហើយមិនបានគោរពតាមអស់ទាំងព្រះបាលសោះ ដូច្នេះ ចូរមើលស្នាមផ្លូវដែលឯងដើរនៅវាលច្រកភ្នំ ហើយយល់ពីការដែលឯងបានធ្វើនោះចុះ ឯងជាសត្វអូដ្ឋក្រមុំយ៉ាងលឿន ហើយសាវា ជាលាព្រៃក្រមុំដែលធ្លាប់នៅទីរហោស្ថាន ក៏ស្រងក្លិនខ្យល់ដោយមានសំរើប លុះរដូវកំណត់របស់វា នោះតើអ្នកណានឹងបំបែរចេញបាន អ្នកណាដែលរកចាប់វា នោះមិនបាច់នឿយហត់នឹងទៅតាមទេ ដ្បិតដល់រដូវកំណត់ នោះនឹងបានប្រទះហើយ កុំឲ្យប្រថុយខ្លួនឲ្យនៅជើងទទេ ហើយខះកនោះឡើយ តែឯងបានតបថាឥតប្រយោជន៍ទេ ដ្បិតខ្ញុំបានស្រឡាញ់ពួកដទៃ ហើយនឹងរត់ទៅតាមគេវិញ។ ឯចោរ ដែលគេទាន់ឃើញ តែងមានសេចក្ដីខ្មាសយ៉ាងណា នោះពួកវង្សអ៊ីស្រាអែល ក៏មានសេចក្ដីខ្មាសយ៉ាងនោះដែរ គឺស្តេចគេ ព្រមទាំងពួកគេ ពួកចៅហ្វាយ ពួកសង្ឃ នឹងពួកហោរារបស់គេផង ជាពួកអ្នកដែលនិយាយដល់ដុំឈើថា លោកជាឪពុកខ្ញុំ ហើយដល់ដុំថ្មថា លោកបានបង្កើតខ្ញុំ ពីព្រោះគេបានបែរខ្នងឲ្យអញ មិនហ៊ានបែរមុខឡើយ ប៉ុន្តែដល់គ្រាដែលគេកើតមានសេចក្ដីវេទនា នោះគេនឹងអំពាវនាវដល់អញថា សូមទ្រង់ក្រោកឡើងជួយសង្គ្រោះយើងខ្ញុំផង ឯព្រះដែលឯងបានធ្វើសំរាប់ខ្លួន តើនៅឯណា ចូរឲ្យវាក្រោកឡើងជួយឯងចុះ បើវាអាចនឹងជួយសង្គ្រោះឯង ក្នុងគ្រាដែលឯងកើតមានសេចក្ដីវេទនានោះបាន ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងរបស់ឯងដែរ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ហេតុអ្វីបានជាឯងរាល់គ្នាចង់តនឹងអញដូច្នេះ ឯងរាល់គ្នាបានរំលងចំពោះអញហើយ ការដែលអញបានវាយផ្ចាលពួកកូនចៅឯង នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនឯងរាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់ឯង ដូចជាសិង្ហដែលហែកបំផ្លាញវិញ ឱដំណមនុស្សនេះអើយ ចូរក្រឡេកមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើអញបានដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬអី ហេតុអ្វីបានជារាស្ត្រអញពោលថា យើងបានផ្តាច់ចំណង ហើយយើងមិនព្រមមកឯទ្រង់ទៀតឡើយ ដូច្នេះ តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬ តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួនសំរាប់រៀបការបានឬអី ប៉ុន្តែរាស្ត្ររបស់អញបានភ្លេចអញជាយូរថ្ងៃវិញ នឹងរាប់មិនបានឡើយ ឯងប្រសប់អីម៉្លេះ នឹងរៀបផ្លូវរកសេចក្ដីស្រឡាញ់ដូច្នេះ ឯងបានទាំងបង្រៀនពួកស្រីៗអាក្រក់ តាមផ្លូវរបស់ឯងដែរ ១ទៀតនៅជាយអាវឯង នោះឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង អញមិនបានដឹងដោយស៊ើបសួររកបែបសំងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ ប៉ុន្តែឯងថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្ដីខ្ញាល់របស់ទ្រង់បានបែរចេញពីខ្ញុំហើយ មើល អញនឹងកាត់ទោសឯងដោយព្រោះឯងថា ឯងគ្មានធ្វើបាបឡើយដូច្នេះ ហេតុអ្វីបានជាឯងអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់ឯង ឯងនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាឯងបានខ្មាស ចំពោះស្រុកអាសស៊ើរដែរ ហើយឯងនឹងត្រូវចេញពីស្រុកនោះទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ាទ្រង់មិនព្រមទទួលពួកដែលឯងយកជាទីពឹងនោះទេ ហើយឯងនឹងមិនបានចំរើននៅជាមួយនឹងគេដែរ។