យេរេមា 19:1-15
យេរេមា 19:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទៅទិញក្អមដីពីជាងស្មូនមក រួចនាំចាស់ទុំខ្លះក្នុងចំណោមប្រជាជន និងចាស់ទុំខ្លះក្នុងចំណោមពួកសង្ឃមកជាមួយអ្នក ហើយចេញទៅច្រកភ្នំនៃកូនចៅហ៊ីនណម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលយើងនឹងប្រាប់ដល់អ្នក។ ត្រូវប្រាប់ថា៖ ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក។ ដ្បិតគេបានបោះបង់យើង ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ បុព្វបុរសគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញដោយឈាមមនុស្ស ដែលឥតមានទោសដែរ។ គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលគេលែងហៅទីនេះថា តូផែត ឬច្រកភ្នំរបស់កូនចៅហ៊ីនណមទៀត គឺនឹងហៅថា ច្រកភ្នំសម្លេះវិញ។ គ្រានោះ យើងនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមបាត់ពីទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង យើងនឹងប្រគល់សាកសពរបស់គេដល់សត្វហើរលើអាកាស និងសត្វជើងបួននៅផែនដីធ្វើជាអាហារ។ យើងនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូស អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ។ យើងនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្តរបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ"។ បន្ទាប់មក អ្នកត្រូវបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយអ្នក ហើយត្រូវប្រាប់ដល់គេថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា គឺបែបយ៉ាងនេះ ដែលយើងនឹងបំបែកបំបាក់ជនជាតិនេះ និងទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងបញ្ចុះសពគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែត។ អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចតង្វាយថ្វាយដល់ព្រះដទៃនោះ។ ហោរាយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅថ្លែងទំនាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្ដាជនទាំងឡាយថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើក្រុងនេះ និងអស់ទាំងតំបន់នៅជុំវិញ ដូចជាយើងបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់យើងឡើយ។
យេរេមា 19:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលព្រឹទ្ធាចារ្យ*ខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមបូជាចារ្យ*ទៅជាមួយអ្នក ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។ អ្នកត្រូវប្រកាសដូចតទៅ: “ព្រះមហាក្សត្រស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: យើងនឹងធ្វើឲ្យមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។ ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។ ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជា សែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។ ហេតុនេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម”ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”វិញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ នៅទីនោះ យើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើឲ្យពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅឲ្យត្មាត និងចចកធ្វើជាចំណី។ យើងនឹងធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើឲ្យមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។ ខ្មាំងសត្រូវ និងអស់អ្នកដែលចង់ប្រហារជីវិតពួកគេមុខជាឡោមព័ទ្ធទីក្រុង បណ្ដាលឲ្យពួកគេរងទុក្ខវេទនា និងតប់ប្រមល់យ៉ាងខ្លាំង។ ពេលនោះ យើងនឹងធ្វើឲ្យពួកគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយម្នាក់ៗស៊ីសាច់គ្នាឯង”។ បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា: “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះ ដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញបានទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។ យើងនឹងធ្វើឲ្យក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្ដេចស្រុកយូដា ដែលសៅហ្មង ក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងថ្វាយគ្រឿងសក្ការបូជានៅរានហាល សម្រាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាថ្វាយព្រះដទៃ”»។ លោកយេរេមាវិលត្រឡប់មកពីតូផេត ជាកន្លែងដែលព្រះអម្ចាស់ចាត់លោកឲ្យទៅថ្លែងព្រះបន្ទូល។ បន្ទាប់មក លោកទៅឈរនៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចទាំងប៉ុន្មានដែលយើងបានប្រកាសទុក កើតមានដល់ក្រុងនេះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ព្រោះប្រជាជនបានតាំងចិត្តរឹងរូស ពុំព្រមស្ដាប់ពាក្យរបស់យើងទេ”»។
យេរេមា 19:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទៅទិញក្អមធ្វើដោយដី ពីជាងស្មូនមក រួចនាំពួកចាស់ទុំនៃបណ្តាជន នឹងពួកចាស់ទុំក្នុងពួកសង្ឃ ចេញទៅឯច្រកភ្នំនៃកូនចៅហ៊ីនណំម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលអញនឹងប្រាប់ដល់ឯង ត្រូវឲ្យប្រាប់ថា ឱពួកស្តេចស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសំរាប់នឹងដុតកូនប្រុសៗរបស់គេ ទុកជាដង្វាយដុតថ្វាយព្រះបាល ជាការដែលអញមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតអញដែរ ដូច្នេះព្រះយេហូវ៉ាមានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនេះថា តូផែត ឬថា ច្រកភ្នំរបស់កូនចៅហ៊ីនណំមទៀត គឺនឹងហៅថា ច្រកភ្នំសំឡេះវិញ គ្រានោះ អញនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា នឹងក្រុងយេរូសាឡិមសូន្យបាត់នៅទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង ឯសាកសពរបស់គេ អញនឹងប្រគល់ជាអាហារ ដល់សត្វហើរលើអាកាស នឹងសត្វជើង៤នៅផែនដី អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ អញនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្ររបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ។ លំដាប់នោះ ត្រូវឲ្យឯងបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយនឹងឯង ហើយត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះគឺបែបយ៉ាងនេះឯង ដែលអញនឹងបំបែកបំបាក់ជនជាតិនេះ ហើយទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងកប់ខ្មោចគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែតផង អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម នឹងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចដង្វាយថ្វាយដល់ព្រះដទៃនោះឯង។ រួចយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅទាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្តាជនទាំងឡាយថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ មើលអញនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើក្រុងនេះ ហើយនឹងអស់ទាំងតំបន់នៅជុំវិញ ដូចជាអញបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់អញឡើយ។