យេរេមា 18:1-6
យេរេមា 18:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់ហោរាយេរេមាថា៖ ចូរចុះទៅផ្ទះជាងស្មូន នៅទីនោះយើងនឹងឲ្យអ្នកឮពាក្យយើង។ ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះជាងស្មូន ហើយគាត់កំពុងតែធ្វើការនៅលើតុវិល។ កាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋខូចនៅដៃគាត់ នោះគាត់ធ្វើជាភាជនៈផ្សេងទៀត តាមដែលគាត់យល់ឃើញថាគួរ។ ពេលនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរដូច្នេះថា៖ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងគ្មានអំណាចនឹងធ្វើដល់អ្នករាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬ? មើល៍! ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា អ្នករាល់គ្នាក៏នៅក្នុងដៃយើងយ៉ាងនោះដែរ។
យេរេមា 18:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។
យេរេមា 18:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមាថា ចូរក្រោកឡើង ចុះទៅឯផ្ទះជាងស្មូន នៅទីនោះអញនឹងឲ្យឯងឮពាក្យអញ ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះរបស់ជាងស្មូន ហើយមើល គាត់កំពុងតែធ្វើការនៅលើតុវិល បើកាលណាភាជនៈ ដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។ ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី មើល ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ