យេរេមា 18:1-12
យេរេមា 18:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់ហោរាយេរេមាថា៖ ចូរចុះទៅផ្ទះជាងស្មូន នៅទីនោះយើងនឹងឲ្យអ្នកឮពាក្យយើង។ ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះជាងស្មូន ហើយគាត់កំពុងតែធ្វើការនៅលើតុវិល។ កាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋខូចនៅដៃគាត់ នោះគាត់ធ្វើជាភាជនៈផ្សេងទៀត តាមដែលគាត់យល់ឃើញថាគួរ។ ពេលនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរដូច្នេះថា៖ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងគ្មានអំណាចនឹងធ្វើដល់អ្នករាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬ? មើល៍! ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា អ្នករាល់គ្នាក៏នៅក្នុងដៃយើងយ៉ាងនោះដែរ។ នៅវេលាណាដែលយើងនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញ ប្រសិនបើនគរដែលយើងបាននិយាយនោះ បែរចេញពីអំពើអាក្រក់របស់ខ្លួន នោះយើងនឹងប្រែគំនិតចេញពីការអាក្រក់ ដែលយើងបានគិតធ្វើដល់គេដែរ។ ប្រសិនបើពេលណាយើងនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង បើគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកយើង ហើយមិនស្តាប់តាមពាក្យយើង នោះយើងនឹងប្រែគំនិតចេញពីការល្អ ដែលយើងបានថានឹងធ្វើដល់គេនៅវេលានោះដែរ។ ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងកំពុងតែឡោមព័ទ្ធអ្នករាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងអ្នកដែរ ដូច្នេះ ចូរវិលពីផ្លូវអាក្រក់របស់អ្នករៀងខ្លួន ហើយកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់អ្នកឡើងវិញឥឡូវចុះ។ ប៉ុន្តែ គេឆ្លើយថា៖ ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្ដីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។
យេរេមា 18:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។ ជួនកាល យើងសម្រេចថា រម្លើង និងរំលំប្រជាជាតិណាមួយ ឬនគរណាមួយឲ្យវិនាស។ ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។ ជួនកាលយើងសម្រេចថា កសាង និងបណ្ដុះបណ្ដាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។ ប៉ុន្តែ ប្រសិនបើពួកគេមិនព្រមស្ដាប់ពាក្យប្រៀនប្រដៅរបស់យើង ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើង នោះយើងនឹងលែងប្រព្រឹត្តល្អចំពោះពួកគេ តាមការសម្រេចរបស់យើង។ ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។ ប៉ុន្តែ ពួកគេពោលថា: “មិនបាច់និយាយទៀតទេ! យើងនឹងធ្វើតាមគម្រោងការរបស់យើង ហើយយើងនឹងប្រព្រឹត្តតាមទំនើងចិត្តរបស់យើងតទៅមុខទៀត!”»។
យេរេមា 18:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ាដល់យេរេមាថា ចូរក្រោកឡើង ចុះទៅឯផ្ទះជាងស្មូន នៅទីនោះអញនឹងឲ្យឯងឮពាក្យអញ ដូច្នេះ ខ្ញុំក៏ចុះទៅដល់ផ្ទះរបស់ជាងស្មូន ហើយមើល គាត់កំពុងតែធ្វើការនៅលើតុវិល បើកាលណាភាជនៈ ដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ។ ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី មើល ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ នៅវេលាណាដែលអញនិយាយពីដំណើរសាសន៍ណា ឬនគរណាថា នឹងដករំលើងគេ ព្រមទាំងរំលំ ហើយបំផ្លាញផង បើសិនជានគរដែលអញបាននិយាយនោះ នឹងបែរចេញពីអំពើអាក្រក់របស់ខ្លួន នោះអញនឹងប្រែគំនិតចេញពីការអាក្រក់ ដែលអញបានគិតធ្វើដល់គេក្នុងវេលានោះឯង ហើយនៅវេលាណាដែលអញនិយាយពីសាសន៍ណា ឬនគរណា ថានឹងស្អាងគេ ហើយតាំងគេឡើង បើសិនជាគេប្រព្រឹត្តអំពើអាក្រក់នៅភ្នែកអញ ហើយមិនស្តាប់តាមពាក្យអញវិញ នោះអញនឹងប្រែគំនិតចេញពីការល្អ ដែលអញបានថានឹងធ្វើដល់គេនៅវេលានោះដែរ ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា ហើយពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះមើល អញកំពុងតែឡោមព័ទ្ធឯងរាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងឯងដែរ ដូច្នេះ ចូរវិលមកពីផ្លូវអាក្រក់របស់ឯងរៀងខ្លួន ហើយឲ្យកែប្រែផ្លូវប្រព្រឹត្ត នឹងកិរិយារបស់ឯងឡើងវិញឥឡូវចុះ តែគេឆ្លើយថា ឥតប្រយោជន៍ទេ ដ្បិតយើងរាល់គ្នានឹងដើរតាមតែគំនិតរបស់យើងប៉ុណ្ណោះ យើងរាល់គ្នានឹងធ្វើតាមតែសេចក្ដីរឹងចចេសនៃចិត្តអាក្រក់របស់យើងរៀងខ្លួន។