យេរេមា 16:1-9
យេរេមា 16:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ អ្នកមិនត្រូវយកប្រពន្ធ ឬបង្កើតកូនប្រុស កូនស្រីនៅទីនេះទេ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ពីម្តាយដែលសម្រាលវាមក និងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំទៅយំសោក ឬទួញទំនួញដោយព្រោះគេឡើយ ដ្បិតយើងបានដកសេចក្ដីសុខរបស់យើង គឺជាសេចក្ដីសប្បុរស និងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។ គ្មានអ្នកណាកាច់នំបុ័ងជូនដល់អ្នកសោយសោក ដើម្បីកម្សាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏គ្មានអ្នកណាជូនពែងរំលែកទុក្ខដល់គេ ដោយព្រោះគេបាត់បង់ឪពុកម្តាយនោះដែរ។ ឯផ្ទះដែលគេកំពុងស៊ីលៀង អ្នកមិនត្រូវចូលទៅអង្គុយស៊ីផឹកជាមួយគេដែរ។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍ នៅគ្រាអាយុអ្នក ហើយនៅចំពោះភ្នែកអ្នក យើងនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយ ព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
យេរេមា 16:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «អ្នកមិនត្រូវយកភរិយា ហើយបង្កើតកូនប្រុសស្រីនៅក្នុងស្រុកនេះឡើយ ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្ដាយដែលបង្កើតពួកគេថា: គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញពីប្រជារាស្ត្រនេះហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូច ដោយគ្មាននរណាបញ្ចុះសព និងយំសោក ហើយគ្មាននរណាឆូតសាច់ ឬកោរសក់កាន់ទុក្ខទេ។ គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។ កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ ដ្បិតយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងធ្វើឲ្យលែងមានសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែកនៅទីនេះ។
យេរេមា 16:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំទៀតថា មិនត្រូវឲ្យឯងយកប្រពន្ធ ឬបង្កើតកូនប្រុសកូនស្រីនៅទីនេះទេ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ហើយពីម្តាយដែលសំរាលវាមក នឹងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ នឹងសេចក្ដីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារ ដល់សត្វហើរលើអាកាស នឹងដល់សត្វព្រៃនៅផែនដី។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំឲ្យចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំឲ្យទៅយំសោក ឬទួញទំនួញព្រោះគេឡើយ ដ្បិតអញបានដកសេចក្ដីសុខរបស់អញ គឺជាសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាកប់ខ្មោចគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេដែរ នឹងគ្មានអ្នកណាកាច់នំបុ័ងក្នុងការសោយសោកនោះ ដើម្បីនឹងកំសាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏នឹងគ្មានអ្នកណាជូនពែងរំដោះទុក្ខដល់គេ ដោយព្រោះឪពុក ឬម្តាយគេផង ឯផ្ទះដែលគេកំពុងស៊ីលៀង នោះមិនត្រូវឲ្យឯងចូលទៅអង្គុយស៊ីផឹកជាមួយនឹងគេដែរ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើល នៅគ្រាអាយុឯង ហើយនៅចំពោះភ្នែកឯង នោះអញនឹងធ្វើឲ្យសំឡេងរីករាយ នឹងសំឡេងអរសប្បាយព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។