យេរេមា 15:1-4
យេរេមា 15:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរអ្នកថា តើឲ្យយើងចេញទៅឯណា? ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសម្រាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសម្រាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសម្រាប់អំណត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសម្រាប់ទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ។ យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។ យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
យេរេមា 15:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ! ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន! អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។ ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។
យេរេមា 15:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែលឈរ នៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ នឹងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងដំរូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ នឹងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។