យេរេមា 15:1-21
យេរេមា 15:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរអ្នកថា តើឲ្យយើងចេញទៅឯណា? ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសម្រាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសម្រាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសម្រាប់អំណត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសម្រាប់ទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ។ យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។ យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់អ្នក? ឬអ្នកណានឹងសោកស្តាយអ្នក? តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់អ្នក? អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នក យើងលែងស្ដាយស្រណោះទៀតហើយ។ យើងបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក យើងបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺយើងបានបំផ្លាញប្រជារាស្ត្ររបស់យើងហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ។ យើងធ្វើឲ្យមានស្ត្រីមេម៉ាយ កាន់តែច្រើនឡើងនៅមុខយើង លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ របស់ពួកកំលោះៗទាំងថ្ងៃត្រង់ យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។ ស្ត្រីណាដែលបានបង្កើតកូនប្រាំពីរនាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខ ឯពួកដែលនៅសល់ យើងនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពិតប្រាកដជាយើងបានចម្រើនកម្លាំងក្នុងជីវិតអ្នក ឲ្យបានសេចក្ដីល្អ ពិតប្រាកដជាយើងបានបណ្ដាលឲ្យខ្មាំងសត្រូវមកអង្វរអ្នកក្នុងគ្រាមានអាសន្ន និងក្នុងគ្រាវេទនា។ តើអ្នកណាអាចបំបាក់បំបែកដែកពីស្រុកខាងជើង និងលង្ហិនបាន? ឯធនធាន និងទ្រព្យសម្បត្តិរបស់អ្នក យើងនឹងឲ្យគេយកទុកជារបស់គេ គឺដោយព្រោះអំពើបាបរបស់អ្នក នៅតាមព្រំដែនរបស់អ្នក។ យើងនឹងឲ្យអ្នកឆ្លងទៅជាមួយពួកខ្មាំងសត្រូវអ្នក ដល់ស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់យើង ភ្លើងនោះនឹងឆេះដល់អ្នករាល់គ្នា។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជ្រាបហើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយព្រះអង្គត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំណៀល ដោយយល់ដល់ព្រះអង្គ ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។ ទូលបង្គំមិនបានអង្គុយក្នុងចំណោម នៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែម្នាក់ឯង ដោយព្រោះព្រះហស្តរបស់ព្រះអង្គ ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានពេញដោយសេចក្ដីគ្នាន់ក្នាញ់។ ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយជានិច្ច ហើយរបួសទូលបង្គំមើលមិនព្រមសះសោះដូច្នេះ? កាពិតព្រះអង្គដូចជាបព្ឆោតដល់ទូលបង្គំ គឺដូចជាទឹកដែលហូរមិនទៀងទាត់។ ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ បើអ្នកវិលមកវិញ នោះយើងនឹងនាំអ្នកទៀត ដើម្បីឲ្យអ្នកបានឈរនៅមុខយើង ហើយបើអ្នកញែករបស់ថ្លៃវិសេស ចេញពីរបស់ស្មោកគ្រោក នោះអ្នកនឹងបានដូចជាមាត់យើង គេនឹងវិលមកអ្នកវិញ តែអ្នកមិនត្រូវត្រឡប់ទៅឯគេទេ។ យើងនឹងធ្វើឲ្យអ្នកជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេច្បាំងនឹងអ្នក តែមិនអាចឈ្នះបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសអ្នកឲ្យរួច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងជួយឲ្យអ្នករួចពីកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ហើយលោះអ្នកចេញពីកណ្ដាប់ដៃ នៃមនុស្សដែលគួរស្ញែងខ្លាច។
យេរេមា 15:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ! ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន! អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។ ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។ យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក គ្មាននរណាស្រណោះអ្នក គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ ដ្បិតអ្នកបានបោះបង់ចោលយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នកបានបែរខ្នងដាក់យើង ហេតុនេះហើយបានជាយើងដាក់ទោសអ្នក យើងបំផ្លាញអ្នកឲ្យវិនាស យើងលែងស្ដាយស្រណោះទៀតហើយ។ យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកម្ចាត់កម្ចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។ យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាង គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ យើងនឹងនាំមហន្តរាយមកលើពួកគេ ទាំងកណ្ដាលថ្ងៃត្រង់ គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង យើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។ ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់ បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់ នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។ រីឯអ្នកដែលនៅសេសសល់ យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានលោះអ្នក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ នៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្ន យើងនឹងធ្វើឲ្យខ្មាំងសត្រូវមកអង្វរអ្នក។ គ្មាននរណាអាចកាច់បំបាក់ ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។ យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ ទាំងប៉ុន្មានរបស់អ្នក។ យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើង ទាស់នឹងអ្នករាល់គ្នា»។ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ សូមនឹកដល់ទូលបង្គំផង សូមយាងមកជួយទូលបង្គំ និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ! សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ចំពោះខ្មាំងសត្រូវនោះឡើយ។ សូមជ្រាបថា ព្រោះតែព្រះអង្គ ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។ ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ ទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំ ពោរពេញដោយអំណរ និងសុភមង្គល ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។ ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយ ពួកលេងសើចឡើយ គឺព្រះអង្គបង្ខំទូលបង្គំឲ្យនៅដាច់ឡែកពីគេ ដ្បិតទូលបង្គំពោរពេញដោយកំហឹង រួមជាមួយព្រះអង្គដែរ។ ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំ មិនព្រមជាសះដូច្នេះ? ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ! ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងឲ្យអ្នកវិលត្រឡប់ មកបំពេញមុខងារបម្រើយើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ ជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។ យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ ពួកគេនឹងនាំគ្នាវាយប្រហារអ្នក តែពុំអាចឈ្នះអ្នកឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីសង្គ្រោះ និងរំដោះអ្នក» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងរំដោះអ្នកឲ្យរួចផុតពី កណ្ដាប់ដៃរបស់មនុស្សអាក្រក់ យើងនឹងដោះលែងអ្នកពីអំណាចរបស់ មនុស្សឃោរឃៅ។
យេរេមា 15:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែលឈរ នៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ នឹងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងដំរូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ នឹងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់ឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងបានបោះបង់ចោលអញហើយ ឯងបានរាថយចេញ ហេតុនោះបានជាអញលូកដៃទៅទាស់នឹងឯង ហើយបំផ្លាញឯងបង់ អញណាយចិត្តហើយ ដោយការផ្លាស់ប្រែគំនិត អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា ពិតប្រាកដជាអញនឹងចំរើនកំឡាំងឯង ឲ្យបានសេចក្ដីល្អទៅមុខ ពិតប្រាកដជាអញនឹងបណ្តាលឲ្យពួកខ្មាំងសត្រូវមកអង្វរដល់ឯងក្នុងគ្រាអាក្រក់ ហើយក្នុងគ្រាវេទនា។ តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើង ហើយនឹងលង្ហិនបានឬទេ ឯធនធាននឹងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង អញនឹងឲ្យឯងឆ្លងទៅជាមួយនឹងពួកខ្មាំងសត្រូវឯង ដល់ស្រុក១ដែលឯងមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់អញ ភ្លើងនោះនឹងឆេះដល់ឯងរាល់គ្នា។ ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំនៀល ដោយយល់ដល់ទ្រង់ ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់ ទូលបង្គំមិនបានអង្គុយក្នុងចំណោមនៃពួកអ្នកដែលលេងសប្បាយ ហើយលោតកញ្ឆេងនោះឡើយ គឺទូលបង្គំបានអង្គុយតែឯង ដោយព្រោះព្រះហស្តទ្រង់ ដ្បិតទ្រង់បានឲ្យទូលបង្គំមានពេញដោយសេចក្ដីគ្នាន់ក្នាញ់ ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយ នៅជានិច្ច ហើយរបួសទូលបង្គំមើលមិនជា ក៏មិនព្រមសះសោះដូច្នេះ តើទ្រង់នឹងបានដូចជាសេចក្ដីបញ្ឆោត ដល់ទូលបង្គំជាពិត គឺដូចជាទឹកដែលមិនទៀងឬ។ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា បើឯងនឹងវិលមកវិញ នោះអញនឹងនាំឯងទៀត ដើម្បីឲ្យឯងបានឈរនៅមុខអញ ហើយបើឯងនឹងញែករបស់ថ្លៃវិសេសចេញពីរបស់ស្មោកគ្រោក នោះឯងនឹងបានដូចជាមាត់អញ គេនឹងវិលមកឯឯងវិញ តែឯងមិនត្រូវត្រឡប់ទៅឯគេទេ អញនឹងធ្វើឲ្យឯងជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេនឹងច្បាំងនឹងឯង តែមិនអាចនឹងឈ្នះបានទេ ដ្បិតអញនៅជាមួយនឹងឯង ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងជួយឲ្យឯងរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ ហើយនឹងលោះឯងចេញពីកណ្តាប់ដៃនៃមនុស្សដែលគួរស្ញែងខ្លាច។