យេរេមា 15:1-10
យេរេមា 15:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរអ្នកថា តើឲ្យយើងចេញទៅឯណា? ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសម្រាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសម្រាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសម្រាប់អំណត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសម្រាប់ទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ។ យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។ យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់អ្នក? ឬអ្នកណានឹងសោកស្តាយអ្នក? តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់អ្នក? អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នក យើងលែងស្ដាយស្រណោះទៀតហើយ។ យើងបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក យើងបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺយើងបានបំផ្លាញប្រជារាស្ត្ររបស់យើងហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ។ យើងធ្វើឲ្យមានស្ត្រីមេម៉ាយ កាន់តែច្រើនឡើងនៅមុខយើង លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ របស់ពួកកំលោះៗទាំងថ្ងៃត្រង់ យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។ ស្ត្រីណាដែលបានបង្កើតកូនប្រាំពីរនាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខ ឯពួកដែលនៅសល់ យើងនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។
យេរេមា 15:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ! ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន! អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។ ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម។ យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក គ្មាននរណាស្រណោះអ្នក គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ ដ្បិតអ្នកបានបោះបង់ចោលយើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នកបានបែរខ្នងដាក់យើង ហេតុនេះហើយបានជាយើងដាក់ទោសអ្នក យើងបំផ្លាញអ្នកឲ្យវិនាស យើងលែងស្ដាយស្រណោះទៀតហើយ។ យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកម្ចាត់កម្ចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។ យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាង គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។ យើងនឹងនាំមហន្តរាយមកលើពួកគេ ទាំងកណ្ដាលថ្ងៃត្រង់ គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង យើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។ ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់ បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់ នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។ រីឯអ្នកដែលនៅសេសសល់ យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី បើខ្ញុំវេទនាបែបនេះ! អ្នកស្រុកទាំងមូលនាំគ្នាជំទាស់ ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។ ខ្ញុំពុំបានជំពាក់ប្រាក់គេ ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។
យេរេមា 15:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែលឈរ នៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ នឹងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងដំរូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ នឹងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់ឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងបានបោះបង់ចោលអញហើយ ឯងបានរាថយចេញ ហេតុនោះបានជាអញលូកដៃទៅទាស់នឹងឯង ហើយបំផ្លាញឯងបង់ អញណាយចិត្តហើយ ដោយការផ្លាស់ប្រែគំនិត អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា