យេរេមា 14:14-16

យេរេមា 14:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ។ ដូច្នេះ ឯ​ពួក​ហោរា​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ឈ្មោះ​យើង ដោយ​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​អំណត់​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា៖ គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​ដាវ និង​អំណត់​នោះ​ឯង ហើយ​ពួក​ជន​ដែល​គេ​បាន​ថ្លែងទំនាយ​ប្រាប់​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​អំណត់ និង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​បញ្ចុះ​សព​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ព្រោះ​យើង​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ។

ចែក​រំលែក
អាន យេរេមា 14

យេរេមា 14:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​វិញ​ថា៖ «ព្យាការី​ទាំង​នោះ​ថ្លែង​សេចក្ដី​មិន​ពិត ពួក​គេ​យក​ឈ្មោះ​យើង​មក​ប្រើ ដោយ​យើង​មិន​បាន​ចាត់ ឬ​បង្គាប់​ពួក​គេ​ឲ្យ​ថ្លែង​ពាក្យ​របស់​យើង​ឡើយ។ សេចក្ដី​ដែល​គេ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ក្លែងក្លាយ ពាក្យ​ទស្សន៍‌ទាយ​ប្រឌិត និង​ពាក្យ​ឥត​បាន​ការ ដែល​ជា​ការ​បោក​ប្រាស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដែល​ជា​ព្រះ‌អម្ចាស់ យើង​សុំ​ប្រកាស​ថា ព្យាការី​ដែល​នាំ​គ្នា​ថ្លែង​សេចក្ដី​ក្នុង​នាម​យើង ដោយ​យើង​មិន​បាន​ប្រើ គឺ​ប្រកាស​ថា គ្មាន​សង្គ្រាម ឬ​ទុរ្ភិក្ស​នៅ​ស្រុក​នេះ មុខ​ជា​ត្រូវ​វិនាស​ដោយ‌សារ​សង្គ្រាម និង​ទុរ្ភិក្ស​មិន​ខាន។ រីឯ​ប្រជា‌ជន​ដែល​បាន​ស្ដាប់​ពាក្យ​របស់​ព្យាការី​ទាំង​នោះ ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ទុរ្ភិក្ស និង​សង្គ្រាម​ដែរ ហើយ​សាក‌សព​របស់​គេ នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​យេរូ‌សាឡឹម ដ្បិត​គ្មាន​នរណា​កប់​ខ្មោច​ពួក​គេ ឬ​ខ្មោច​ប្រពន្ធ និង​ខ្មោច​កូន​ប្រុស​ស្រី​របស់​គេ​ឡើយ។ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

ចែក​រំលែក
អាន យេរេមា 14

យេរេមា 14:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ នឹង​សេចក្ដី​អំណត់‌អត់ នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយ‌សារ​ដាវ នឹង​សេចក្ដី​អំណត់​នោះ​ឯង ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​សេចក្ដី​អំណត់ហើយ​នឹង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ នឹង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ

ចែក​រំលែក
អាន យេរេមា 14