យេរេមា 13:1-11
យេរេមា 13:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅទិញសំពត់ទេសឯកសម្រាប់រុំខ្លួន ហើយក្រវាត់នៅចង្កេះអ្នកទៅ កុំបោកទឹកឡើយ។ ដូច្នេះ ខ្ញុំក៏ទិញសំពត់មួយមកក្រវាត់នៅចង្កេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំម្តងទៀតថា៖ ចូរយកសំពត់ដែលបានទិញ ហើយក្រវ៉ាត់នៅចង្កេះរបស់អ្នកនោះមក ហើយក្រោកទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ។ ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។ ក្រោយមកជាយូរថ្ងៃ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលយើងបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ។ ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល៍ សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។ គ្រានោះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលយើងនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា និងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យយើង ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ និងទៅតាមព្រះដទៃ ដើម្បីគោរពបម្រើ ហើយថ្វាយបង្គំព្រះទាំងនោះ គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះយើងក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងយើងយ៉ាងនោះដែរ ដើម្បីឲ្យគេបានជាប្រជារាស្ត្រសម្រាប់យើង ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
យេរេមា 13:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖ «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត! មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 13:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅទិញសំពត់ទេសឯកសំរាប់ក្រវាត់ខ្លួន ហើយក្រវាត់នៅចង្កេះឯងទៅ កុំឲ្យបោកទឹកឡើយ ដូច្នេះ ខ្ញុំក៏ទិញសំពត់១មកក្រវាត់នៅចង្កេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា ចូរយកសំពត់ក្រវាត់ដែលបានទិញនោះ ដែលនៅចង្កេះឯង ហើយក្រោកឡើងទៅឯទន្លេអ៊ើប្រាត លាក់ទុកនៅក្នុងក្រហែងថ្មនៅទីនោះទៅ ដូច្នេះ ខ្ញុំក៏ទៅលាក់សំពត់នោះនៅក្បែរទន្លេអ៊ើប្រាត ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ក្រោយមកជាយូរថ្ងៃ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលអញបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។ គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលអញនឹងបង្ខូចសេចក្ដីអំនួតរបស់ពួកយូដា នឹងសេចក្ដីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យអញ ជាពួកអ្នកដែលដើរតាមតែសេចក្ដីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ នឹងទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វា គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះអញក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល នឹងពួកវង្សយូដាទាំងអស់នៅជាប់នឹងអញយ៉ាងនោះដែរ ដើម្បីឲ្យគេបានជារាស្ត្រសំរាប់អញ ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្ដីសរសើរ នឹងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។