យេរេមា 12:1-4

យេរេមា 12:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ? ព្រះ‌អង្គ​បាន​ដាំ​គេ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង គេ​កើត​ផល គេ​យក​ព្រះ‌អង្គ​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ព្រះ‌អង្គ​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។ តើ​ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត? សត្វ​ជើង​បួន និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់ របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា៖ ព្រះ​អង្គ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។

ចែក​រំលែក
អាន យេរេមា 12

យេរេមា 12:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បពិត្រ​ព្រះ‌អម្ចាស់ ព្រះអង្គ​សុចរិត​ពន់​ពេក​ណាស់ ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ ជា​មួយ​ព្រះអង្គ​បាន​ទេ។ ប៉ុន្តែ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ របស់​ព្រះអង្គ ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង‌ចម្រើន ក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ? ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅ យ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ? ព្រះអង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស ចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។ ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះអង្គ​មិន​ដាច់​ពី​មាត់ តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ស្គាល់​ទូលបង្គំ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ ព្រះអង្គ​ឈ្វេង​យល់​ថា ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ។ រីឯ​អ្នក​ទាំង​នោះ​វិញ សូម​ព្រះអង្គ​យក​ពួក​គេ​ចេញ ដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។ តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះអង្គ​មិន​ឃើញ​ដែរ!”។

ចែក​រំលែក
អាន យេរេមា 12

យេរេមា 12:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូលបង្គំ​ជជែក​ត​នឹង​ទ្រង់ នោះ​ទ្រង់​សុចរិត​ទេ ប៉ុន្តែទូលបង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ទ្រង់ ពី​ដើម​ហេតុ​នៃ​ការណ៍​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ​របស់​មនុស្ស​អាក្រក់​តែង‌តែ​ចំរើន​ឡើង ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​កំបត់ បាន​នៅ​ជា​ឥត​កង្វល់​ដូច្នេះ ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូលបង្គំ ដែល​នៅ​ជិត​ទ្រង់​ជា​យ៉ាង​ណា សូម​ទ្រង់​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សំរាប់​នាំ​ទៅ​សំឡាប់ ហើយ​ដំរូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សំឡាប់ ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក​ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត សត្វ​ជើង​៤ នឹង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា ព្រះ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។

ចែក​រំលែក
អាន យេរេមា 12