យេរេមា 12:1-17
យេរេមា 12:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងព្រះអង្គ ព្រះអង្គសុចរិតទេ ប៉ុន្តែ ទូលបង្គំចង់តែទូលពិភាក្សានឹងព្រះអង្គ ពីដើមហេតុថា ហេតុអ្វីបានជាដំណើរ របស់មនុស្សអាក្រក់តែងតែចម្រើនឡើង? ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តក្បត់ រស់នៅជាឥតខ្វល់ដូច្នេះ? ព្រះអង្គបានដាំគេ គេចាក់ឫសចុះ ហើយក៏ធំឡើង គេកើតផល គេយកព្រះអង្គមកផ្ទាល់នៅមាត់ តែឲ្យព្រះអង្គនៅឆ្ងាយពីចិត្តគេវិញ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គស្គាល់ទូលបង្គំហើយ ព្រះអង្គក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតព្រះអង្គជាយ៉ាងណា សូមព្រះអង្គចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសម្រាប់នាំទៅសម្លាប់ ហើយតម្រូវគេទុកដល់ថ្ងៃកាប់សម្លាប់។ តើស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុក ត្រូវស្វិតក្រៀមទៅដល់កាលណាទៀត? សត្វជើងបួន និងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់ របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា៖ ព្រះអង្គនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។ បើអ្នកបានរត់ជាមួយពួកថ្មើរជើង ហើយគេបាននាំឲ្យអ្នកអស់កម្លាំង ដូច្នេះ ធ្វើដូចម្តេចឲ្យអ្នកប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ អ្នកមិនសូវមានសេចក្ដីសុខទេ នោះតើអ្នកនឹងធ្វើដូចម្តេចក្នុងកាល ដែលទន្លេយ័រដាន់ជន់ពេញកម្លាំង? ដ្បិតទោះទាំងពួកបងប្អូនអ្នក និងក្រុមគ្រួសាររបស់អ្នក ក៏បានក្បត់នឹងអ្នកដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយអ្នក តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយ ក៏មិនត្រូវជឿតាមគេឡើយ។ យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។ ពួកដែលជាមត៌ករបស់យើង គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ ប្រជាជនដែលយើងបានជ្រើសរើស ប្រព្រឹត្តប្រៀបបាននឹងត្មាតពព្លាក់ តែខ្លួនគេចោមរោមទៅដោយពពួកត្មាត។ ចូរទៅប្រមូលសត្វព្រៃមកស៊ីសាកសព របស់គេឲ្យអស់ទៅ! មានគង្វាលជាច្រើនបានបំផ្លាញចម្ការ ទំពាំងបាយជូររបស់យើង គេបានជាន់ឈ្លីដី ដែលជាចំណែករបស់យើង គេបានធ្វើឲ្យចំណែកដែលយើងពេញចិត្ត ទៅជាទីខូចអស់ហើយ។ គេបានធ្វើឲ្យទៅជាទីវិនាសអន្តររាយ ទីនោះសោយសោករកយើង ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវវិនាស ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ។ មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំង ទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ។ គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយគេនឹងត្រូវខ្មាស ចំពោះផលរបស់គេដែរ ដោយព្រោះសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា៖ ពួកអ្នកដែលប៉ះពាល់មត៌កដែលយើងបានចែកឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង នោះមើល៍ យើងនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្ដាលគេដែរ។ ក្រោយដែលយើងបានដករំលើងគេទៅហើយ នោះយើងនឹងត្រឡប់មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាមករកមត៌ករបស់គេ ហើយមកស្រុករបស់គេរៀងខ្លួនផង។ យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។ ប៉ុន្តែ បើគេមិនព្រមស្តាប់តាមទេ នោះយើងនឹងដករំលើងសាសន៍នោះ គឺទាំងដករំលើង ហើយបំផ្លាញផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យេរេមា 12:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បពិត្រព្រះអម្ចាស់ ព្រះអង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះអង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះអង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុងចម្រើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ? ព្រះអង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចម្រើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីព្រះនាមព្រះអង្គមិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គស្គាល់ទូលបង្គំ ព្រះអង្គទតឃើញទូលបង្គំ ព្រះអង្គឈ្វេងយល់ថា ទូលបង្គំជំពាក់ចិត្តនឹងព្រះអង្គ។ រីឯអ្នកទាំងនោះវិញ សូមព្រះអង្គយកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្តឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។ តើទឹកដីនេះត្រូវកាន់ទុក្ខដល់កាលណា តើតិណជាតិនៅតាមចម្ការទាំងប៉ុន្មាន ត្រូវនៅក្រៀមស្ងួតដូច្នេះដល់កាលណាទៀត។ ដោយសារអំពើអាក្រក់របស់អ្នកស្រុកនេះ សត្វចតុប្បាទ និងបក្សាបក្សី ត្រូវវិនាសអស់ ដ្បិតពួកគេពោលថា “យើងធ្វើអ្វីក៏ព្រះអង្គមិនឃើញដែរ!”។ «បើអ្នកពុំអាចរត់ប្រណាំងនឹង មនុស្សថ្មើរជើងបានផង ធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន? បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែល មានសន្តិសុខផង ធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃ ជិតទន្លេយ័រដាន់? សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។ យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងបក្សីចម្រុះពណ៌ ដែលត្មាតចោមរោមគ្រប់ទិសទី។ ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មាន ហើយនាំពួកវាមកស៊ីសាកសព។ ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិន ចម្ការទំពាំងបាយជូររបស់យើង ពួកគេជាន់កម្ទេចចម្ការរបស់យើង ពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើង ឲ្យក្លាយទៅជាទីស្មសាន និងវិនាសហិនហោចអស់។ ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះ វិនាសហិនហោច គួរឲ្យស្រណោះ។ នៅចំពោះមុខយើង មានសុទ្ធតែការហិនហោច ស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់ គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។ នៅតាមទួលខ្ពស់ៗក្នុងវាលរហោស្ថាន ពួកបំផ្លិចបំផ្លាញកំពុងតែមកដល់។ ដាវរបស់ព្រះអម្ចាស់នឹងប្រហារស្រុកនេះ ពីជាយដែនម្ខាងទៅជាយដែនម្ខាង គ្មាននរណាម្នាក់គេចខ្លួនរួចឡើយ។ ពួកគេសាបព្រោះស្រូវ លុះដល់ពេលច្រូត គេទទួលបានតែបន្លា គេខំប្រឹងប្រែងធ្វើការ ដោយឥតបានទទួលផលអ្វីឡើយ។ អ្នករាល់គ្នានឹងត្រូវខ្មាស ដោយសារផលនៃចម្រូត ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង! ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសូមប្រកាសជំទាស់នឹងនគរជិតខាងដ៏អាក្រក់ ហើយឈ្លានពានទឹកដីដែលយើងបានចែកឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ទុកជាចំណែកមត៌ក។ យើងនឹងដកប្រជាជននៅស្រុកទាំងនោះចេញពីទឹកដីរបស់ខ្លួន ហើយយើងក៏ដកជនជាតិយូដាចេញពីទឹកដីរបស់ខ្លួនដែរ។ ប៉ុន្តែ ក្រោយយើងដកពួកគេចេញពីទឹកដីនោះហើយ យើងនឹងអាណិតមេត្តាពួកគេសាជាថ្មី យើងនាំពួកគេវិលត្រឡប់ទៅកាន់ទឹកដីជាចំណែកមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។ ប្រសិនបើពួកគេរៀនអំពីមាគ៌ាដ៏ល្អ ដូចប្រជារាស្ត្ររបស់យើង ប្រសិនបើពួកគេស្បថក្នុងនាមយើងថា “ព្រះអម្ចាស់មានព្រះជន្មគង់នៅ” ដូចពួកគេធ្លាប់បង្រៀនប្រជារាស្ត្ររបស់យើង ឲ្យស្បថក្នុងនាមព្រះបាល នោះពួកគេនឹងរស់នៅក្នុងចំណោមប្រជារាស្ត្ររបស់យើង។ ផ្ទុយទៅវិញ ប្រសិនបើប្រជាជាតិណាមិនព្រមស្ដាប់បង្គាប់ទេ យើងនឹងដកពួកគេចេញ ហើយប្រហារពួកគេឲ្យវិនាសសូន្យ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 12:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងទ្រង់ នោះទ្រង់សុចរិតទេ ប៉ុន្តែទូលបង្គំចង់តែទូលពិភាក្សានឹងទ្រង់ ពីដើមហេតុនៃការណ៍ថា ហេតុអ្វីបានជាដំណើររបស់មនុស្សអាក្រក់តែងតែចំរើនឡើង ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តដោយកំបត់ បាននៅជាឥតកង្វល់ដូច្នេះ ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់ តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ តែឱព្រះយេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតទ្រង់ជាយ៉ាងណា សូមទ្រង់ចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសំរាប់នាំទៅសំឡាប់ ហើយដំរូវគេទុកដល់ថ្ងៃកាប់សំឡាប់ ស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុកត្រូវស្វិតក្រៀមទៅដល់កាលណាទៀត សត្វជើង៤ នឹងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា ព្រះនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។ បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កំឡាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្ដីសុខទេ នោះតើឯងនឹងធ្វើដូចម្តេច ក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកំឡាំងឡើង ដ្បិតទោះទាំងពួកបងប្អូនឯង នឹងពួកគ្រួឪពុកឯង ក៏បានប្រព្រឹត្តដោយកំបត់នឹងឯងដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយឯងផង តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយគង់តែមិនត្រូវជឿតាមគេឡើយ។ អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ គេបានធ្វើឲ្យទៅជាទីអន្តរធាន ទីនោះសោយសោករកអញ ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវអន្តរធានទៅ ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំងទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយឯងរាល់គ្នានឹងត្រូវខ្មាសចំពោះផលរបស់ឯងដែរ ដោយព្រោះសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ រួចក្រោយដែលអញបានដករំលើងគេទៅហើយ នោះអញនឹងត្រឡប់ចិត្ត មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេ ឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាដល់មរដករបស់គេ ហើយដល់ស្រុករបស់គេរៀងខ្លួនផង យ៉ាងនោះ បើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញ ឲ្យអស់ពីចិត្ត ហើយនឹងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត តែបើគេមិនព្រមស្តាប់តាមទេ នោះអញនឹងដករំលើងសាសន៍នោះទៅ គឺទាំងដករំលើង ហើយបំផ្លាញផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។