យេរេមា 11:9-14

យេរេមា 11:9-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ឃើញ​មាន​គំនិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​វិញ ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​បុព្វ‌បុរស​គេ​ហើយ»។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​គេច​រួច​បាន​ឡើយ គេ​នឹង​អំពាវ‌នាវ​រក​យើង តែ​យើង​មិន​ស្ដាប់​ទេ។ ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។ ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក​មាន​ច្រើន​ដូច​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​អ្នក​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សម្រាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។ ដូច្នេះ កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​រក​យើង ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​យើង​មិន​ស្តាប់​គេ​ទេ»។

ចែក​រំលែក
អាន យេរេមា 11

យេរេមា 11:9-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង។ ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។ អ្នក​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​នាំ​គ្នា​សែន បួង‌សួង​រក​ព្រះ​ឯ​ទៀតៗ​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ​ពួក​គេ នៅ​គ្រា​មាន​ទុក្ខ​វេទនា​បាន​ឡើយ។ យូដា​អើយ អ្នក​មាន​ព្រះ​ច្រើន​ដូច​ចំនួន​ក្រុង! យេរូ‌សាឡឹម​អើយ អ្នក​មាន​អាសនៈ​សម្រាប់​សែន​ព្រះ​បាល​ដ៏​គួរ​ឲ្យ​អាម៉ាស់ ច្រើន​ដូច​ចំនួន​ផ្លូវ!»។ «រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​នេះ​ធ្វើ​អ្វី! គឺ​កុំ​ស្រែក​អង្វរ ឬ​អធិស្ឋាន​ឲ្យ​ពួក​គេ​ឡើយ ដ្បិត​ពេល​ពួក​គេ​មាន​ទុក្ខ ហើយ​នាំ​គ្នា​អង្វរ​រក​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ជា​ដាច់​ខាត»។

ចែក​រំលែក
អាន យេរេមា 11

យេរេមា 11:9-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ឃើញ​មាន​គំនិត​គិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​នឹង​គោរព​វា​វិញ ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ​ហើយ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​នឹង​គេច​រួច​ចេញ​បាន​ឡើយ នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​អញ តែ​អញ​នឹង​មិន​ព្រម​ស្តាប់​ទេ ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម គេ​នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​ឯង នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​ឯង​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សំរាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។ ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​ដល់​អញ ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​អញ​មិន​ព្រម​ស្តាប់​គេ​ទេ។

ចែក​រំលែក
អាន យេរេមា 11