ចៅហ្វាយ 8:27-35

ចៅហ្វាយ 8:27-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។ ដូច្នេះ ពួក​ម៉ាឌាន​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មិន​អាច​ងើប​ក្បាល​ទៀត​បាន​ឡើយ ហើយ​នៅ​ជំនាន់​គេឌាន ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ​រយៈ​ពេល​សែសិប​ឆ្នាំ។ យេរូ-បាល ជា​កូន​យ៉ូអាស បាន​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​វិញ។ គ្រា​នោះ គេឌាន​មាន​កូន​ប្រុស​ចិត​សិប​នាក់ គឺ​កូន​ដែល​លោក​បាន​បង្កើត ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។ ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម ក៏​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច។ គេឌាន​ជា​កូន​យ៉ូអាស បាន​ស្លាប់​ទៅ​ទាំង​មាន​អាយុ​យឺន‌យូរ​ល្អ ហើយ​គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​យ៉ូអាស​ជា​ឪពុក​នៅ​អូប្រា ជា​ក្រុង​របស់​ពួក​អ័បៀ‌ស៊ើរ។ ក្រោយ​ពី​គេឌាន​បាន​ស្លាប់​ផុត​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ងាក​បែរ​ទៅ​ផិត​ក្បត់​តាម​ពួក​ព្រះ‌បាល​វិញ​ទៀត ហើយ​គេ​យក​ព្រះ‌បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ។ ពួកកូន​ចៅ​អ៊ី​ស្រា‌អែល​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ទេ ហើយ​គេ​មិន​បាន​ដឹង​គុណ​ដល់​ក្រុម​គ្រួ​សារ​របស់​យេរូ-បាល (គឺ​គេឌាន) តាម​គ្រប់​ទាំង​អំពើ​ល្អ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 8

ចៅហ្វាយ 8:27-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ជា​ចំណុះ​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។ លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។ ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។ ក្រោយ​ពី​លោក​គេឌាន​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ​បាល គឺ​គេ​យក​ព្រះ​បាល-‌បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ ពួក​គេ​លែង​នឹក​នា​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ។ ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

ចែក​រំលែក
អាន ចៅហ្វាយ 8

ចៅហ្វាយ 8:27-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ​គេឌាន​ក៏​យក​ទៅ​ធ្វើ​ជា​អេផូឌ​១​ដាក់​នៅ​ក្នុង​ទី​ក្រុង​ខ្លួន គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ទៅ​ទី​នោះ ដើម្បី​នឹង​ផិត​តាម របស់​នោះ​ក៏​ត្រឡប់​ជា​អន្ទាក់ ដល់​គេឌាន នឹង​ពួក​គ្រួ​របស់​លោក ចំណែក​ឯ​ពួក​ម៉ាឌាន គេ​ត្រូវ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​យ៉ាង​ដូច្នោះ ឥត​មាន​ងើប​ក្បាល​ឡើង​ទៀត​ឡើយ ហើយ​នៅ​ជំនាន់​គេឌាន ស្រុក​នោះ​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៤០​ឆ្នាំ។ ឯ​យេរូ-បាល​ជា​កូន​យ៉ូអាស លោក​បែរ​ទៅ​នៅ​ផ្ទះ​ដោយ​ខ្លួន លោក​បង្កើត​បាន​កូន​ប្រុស​៧០​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ជា​ច្រើន ឯ​ប្រពន្ធ​ចុង​របស់​លោក​ដែល​នៅ​ស៊ីគែម នាង​ក៏​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក​ដែរ លោក​ដាក់​ឈ្មោះ​ថា អ័ប៊ី‌ម៉្មា‌ឡិច គេឌាន​ជា​កូន​យ៉ូអាស​ក៏​ស្លាប់​ទៅ ក្នុង​កាល​ដែល​មាន​អាយុ​វែង​យឺន‌យូរ​ល្អ គេ​បាន​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​យ៉ូអាស ជា​ឪពុក​នៅ​អូប្រា ជា​ក្រុង​របស់​អ័បៀ‌ស៊ើរ។ កាល​គេឌាន​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​ផិត​តាម​អស់​ទាំង​ព្រះ‌បាល​វិញ​ទៀត គេ​យក​ព្រះ‌បាល-បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ ឥត​បាន​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ​នោះ​ទេ ក៏​មិន​បាន​ដឹង​គុណ​ដល់​ពួក​គ្រួ​យេរូ-បាល គឺ​ជា​គេឌាន​តាម​គ្រប់​ទាំង​សេចក្ដី​សប្បុរស​ដែល​លោក​បាន​ផ្តល់​ដល់​ពួក​អ៊ីស្រាអែល​ផង​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 8