ចៅហ្វាយ 8:1-3
ចៅហ្វាយ 8:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកអេប្រាអិមបន្ទោសគេឌានថា៖ «តើលោកបានប្រព្រឹត្តអ្វីចំពោះយើងដូច្នេះ? ពេលលោកចេញទៅច្បាំងនឹងសាសន៍ម៉ាឌាន ហេតុអ្វីបានជាមិនហៅយើងទៅផង?» គេក៏បន្ទោសលោកជាខ្លាំង។ លោកមានប្រសាសន៍ទៅគេថា៖ «តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន? តើការសន្សែសន្សំផ្លែទំពាំងបាយជូររបស់ពួកអេប្រាអិម មិនមែនវិសេសជាងការបេះផ្លែទំពាំងបាយជូររបស់ពួកអ័បៀស៊ើរទេឬ? ព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងអ្នករាល់គ្នាបាន?» កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ កំហឹងរបស់គេចំពោះលោកក៏ស្ងប់។
ចៅហ្វាយ 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្ដីបន្ទោសលោកយ៉ាងខ្លាំង។ លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជម្នះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្ដី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត? ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។
ចៅហ្វាយ 8:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកអេប្រាអិមស្តីលោកថា អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ គេក៏បន្ទោសលោកជាខ្លាំង តែលោកឆ្លើយថា តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន ការបេះសន្សំពេលក្រោយរបស់ពួកអេប្រាអិម តើមិនមែនវិសេសជាងការបេះជាដំបូងរបស់ពួកអ័បៀស៊ើរទេឬអី គឺព្រះបានប្រគល់អូរិប នឹងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដូច្នេះតើខ្ញុំបានអាចនឹងធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។