ចៅហ្វាយ 8:1-27

ចៅហ្វាយ 8:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​អេប្រាអិម​បន្ទោស​គេ​ឌាន​ថា៖ «តើ​លោក​បាន​ប្រព្រឹត្ត​អ្វី​ចំពោះ​យើង​ដូច្នេះ? ពេល​លោក​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​មិន​ហៅ​យើង​ទៅ​ផង?» គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រៀប​ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន? តើ​ការ​សន្សែ​សន្សំ​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ពួក​អេប្រាអិម មិន​មែន​វិសេស​ជាង​ការ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ? ព្រះ​បាន​ប្រគល់​អូរិប និង​សៀប ជា​មេ​លើ​សាសន៍​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រៀប​ផ្ទឹម​នឹង​អ្នក​រាល់​គ្នាបាន?» កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ កំហឹង​របស់​គេ​ចំពោះ​លោក​ក៏​ស្ងប់។ គេឌាន និង​ពួក​បីរយ​នាក់​ដែល​នៅ​ជា​មួយ បាន​មក​ដល់​ទន្លេ​យ័រ‌ដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយ‌ហត់ តែ​គេ​នៅ​តែ​ដេញ​តាមសត្រូវ។ លោក​មាន​ប្រសាសន៍ទៅ​កាន់​ពួក​អ្នក​ក្រុង​ស៊ូកូថ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​មនុស្ស​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ដ្បិត​គេ​អស់​កម្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាលមូ‌ណា ជា​ស្តេច​សាសន៍​ម៉ាឌាន»។ ប៉ុន្ដែ ពួក​មេ​ដឹក​នាំ​ក្រុង​ស៊ូកូថ​ឆ្លើយ​ថា៖ «តើ​សេបាស និង​សាល‌មូណា​បានធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ​ឬ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ពល​ទ័ព​របស់​អ្នក​ដូច្នេះ?» គេឌាន​ឆ្លើយ​តប​ថា៖ «បើ​ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​សេបាស និង​សាល‌មូណា​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ខ្វារ​ហែក​សាច់​អ្នក​រាល់​គ្នា ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត​មិន​ខាន»។ លោក​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​ពេនួល ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ដូច​គ្នា តែ​ពួក​អ្នក​ក្រុង​ពេនួល​បាន​ឆ្លើយ​មក​លោក​វិញ ដូច​ពួក​អ្នក​ក្រុង​ស៊ូកូថ​ដែរ។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ក្រុង​ពេនួល​ថា៖ «កាល​ណា​ខ្ញុំ​បាន​មក​វិញ​ដោយ​សុខ‌សាន្ត ខ្ញុំ​នឹង​រំលំ​ប៉ម​នេះ​ចោល»។ រីឯ​សេបាស និង​សាល‌មូណា ស្ថិត​នៅ​ក្នុង​ក្រុង​កើរកូរ​ជាមួយ​កង‌ទ័ព​របស់​គេ ប្រមាណ​ជា​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​មនុស្ស​ពី​ស្រុក​ខាង​កើត ព្រោះ​ទាហាន​របស់​គេ​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​កាន់​ដាវ បាន​ដួល​ស្លាប់​អស់​ហើយ។ ដូច្នេះ គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល នៅ​ខាង​កើត​ណូបាស និង​យ៉ុក‌បិហា ចូល​ទៅ​ប្រយុទ្ធ​នឹង​កង​ទ័ព​សត្រូវ ដ្បិត​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។ ឯ​សេបាស និង​សាល‌មូណា​បាន​រត់​គេច តែគេ​ឌាន​ដេញ​តាម ហើយ​ចាប់​បាន​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​ពីរ គឺ​សេបាស និង​សាល‌មូណា ព្រម​ទាំង​វាយ​បំបាក់​ទ័ព​គេ​ទាំង​មូល​ទៀត​ផង។ បន្ទាប់​មក គេឌាន​កូន​យ៉ូអាស ក៏​វិល​ត្រឡប់​ពី​សមរភូមិ តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​ហេរេស។ លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ពី​ក្រុង​ស៊ូកូថ​មក​សួរចម្លើយ ហើយ​ក្មេង​នោះ​ក៏សរសេរ​ឈ្មោះ​ពួកមេ​ដឹក​នាំ និង​ពួក​ចាស់​ទុំ​នៅ​ក្រុង​ស៊ូកូថ បាន​ចំនួន​ចិត​សិប​ប្រាំ​ពីរ​នាក់ ជូន​ដល់​លោក។ លោក​ក៏​មក​ឯ​ពួក​អ្នកក្រុង​ស៊ូកូថ​ប្រាប់​ថា៖ «មើល៍ នេះ​នែ៎​សេបាស និង​សាល‌មូណា ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​មើល​ងាយ​ខ្ញុំ​ថា "តើ​សេបាស និង​សាល‌មូណា បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ?"»។ លោក​ក៏​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ ហើយ​យក​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត មក​វាយ​ព្រមាន​ពួក​អ្នក​ក្រុង​សិកូត ទុក​ជា​មេរៀន។ លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទៀត​ផង។ បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។ លោក​ឆ្លើយ​តប​ថា៖ «គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ប្រសិន‌បើ​អ្នក​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ»។ ដូច្នេះ លោក​បង្គាប់​ទៅ​យេធើ​ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង សម្លាប់​គេ​ចោល​ទៅ!» ប៉ុន្ដែ ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ ព្រោះ​គាត់​នៅ​ក្មេង។ ដូច្នេះ សេបាស និង​សាល‌មូណា​ពោល​ថា៖ «សូម​លោក​ក្រោក​ឡើង ហើយ​សម្លាប់​យើង​ដោយ​ខ្លួន​ឯង​ទៅ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កម្លាំង​របស់​គេ​ក៏​យ៉ាង​នោះ​ដែរ»។ ពេល​នោះ គេឌាន​ក៏​ក្រោក​ឡើង ហើយ​សម្លាប់​សេបាស និង​សាល‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លម្អ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​គេ​ផង។ ក្រោយ​មក ពួក​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​គេឌាន​ថា៖ «សូម​លោក​គ្រប់​គ្រង​លើ​យើង​រាល់​គ្នា​ត​ទៅ រហូត​ដល់​កូន និង​ចៅ​របស់​លោក​ផង ដ្បិត​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។ គេឌាន​តប​ទៅ​គេ​ថា៖ «ខ្ញុំ​មិន​ត្រូវ​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​ត្រូវ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា»។ រួច​គេ​ឌាន​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​អ្នក​រាល់​គ្នារឹប​អូស​យក​បាន មក​ឲ្យ​ខ្ញុំ» (ដ្បិត​ខ្មាំងសត្រូវ​សុទ្ធ​តែ​មាន​ក្រវិល​មាស ព្រោះគេ​ជា​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)។ ពួក​គេ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ជូន​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត»។ គេ​ក៏​ត្រដាង​អាវ ហើយ​គ្រប់​គ្នា​ក៏​បោះ​ក្រវិល​ដែល​ខ្លួន​រឹប​អូស​បាន ទៅ​លើ​អាវ​នោះ។ ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​បានសុំ​ពី​គេនោះ មាន​ទម្ងន់​ជា​មាស​មួយ​ពាន់​ប្រាំពីរ​រយ​សេកែល ដោយ​មិន​រាប់​បន្តោក និង​អាយ៉ា‌ដក់ និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក​ពាក់ និង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ។ ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។

ចែក​រំលែក
អាន ចៅហ្វាយ 8

ចៅហ្វាយ 8:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​ម៉ាឌាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្ដី​បន្ទោស​លោក​យ៉ាង​ខ្លាំង។ លោក​គេឌាន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជម្នះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បងប្អូន​បាន​ធ្វើ​ឡើយ។ បងប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បងប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្ដី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អបៀ‌ស៊ើរ​របស់​ខ្ញុំ​ទៅ​ទៀត? ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បងប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ចការ​ដែល​បងប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។ លោក​គេឌាន និង​ទ័ព​ទាំង​បី​រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយ‌ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។ ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំប៉័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្ដេច​សាសន៍​ម៉ាឌាន»។ ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​សិកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​បរិភោគ?»។ លោក​គេឌាន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបង‌យក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។ លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។ លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ពេនួល​ថា៖ «កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ដោយ​ជោគ​ជ័យ ខ្ញុំ​នឹង​រំលំ​ប៉ម​ក្រុង​នេះ​ចោល»។ រីឯ​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា បាន​ទៅ​ដល់​តំបន់​កើ‌កូរ​ជា​មួយ​កង‌ទ័ព​របស់​គេ ប្រមាណ​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​នៅ​សល់​ពី​កង‌ទ័ព​ទាំង​មូល​របស់​ពួក​ពនេចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ហើយ។ លោក​គេឌាន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពនេ‌ចរ នៅ​ខាង​កើត​ភូមិ​ណូបាស និង​ភូមិ​យ៉ុក‌បិហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។ ស្ដេច​ទាំង​ពីរ​អង្គ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​សេបាស និង​សាល់‌មូណារត់​គេច​ខ្លួន ប៉ុន្តែ លោក​គេឌាន​ដេញ​តាម​ចាប់​បាន​ស្ដេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កង‌ទ័ព​របស់​ស្ដេច​ឲ្យ​បាក់​ទ័ព​ផង។ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រក​ភ្នំ​ហេរេស។ ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​សិកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​សិកូត ដែល​មាន​ចំនួន​ចិត‌សិប​ប្រាំ‌ពីរ​នាក់។ បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល‌ងាយ​ថា “តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។ លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង‌យក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។ លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ព្រម​ទាំង​សម្លាប់​ប្រជា‌ជន​នៅ​ក្រុង​នោះ​ទៀត​ផង។ បន្ទាប់​មក លោក​គេឌាន​សួរ​ទៅ​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាបោរ​នោះ មាន​ភិន‌ភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន‌ភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្ដេច»។ លោក​គេឌាន​ពោល​ថា៖ «ពួក​គេ​ជា​បងប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។ បន្ទាប់​មក លោក​បង្គាប់​ទៅ​យេធើរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។ ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​ឲ្យ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោក​គេឌាន​ក្រោក​ឡើង ហើយ​សម្លាប់​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។ ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​លោក​មេត្តា​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​ឲ្យ​កូន និង​ចៅ​របស់​លោក​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពី‌ព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន»។ លោក​គេឌាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា»។ លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន‌ជាតិ​ម៉ាឌាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​ទាំង​អស់​គ្នា។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។ ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទុំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្ដេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។ លោក​គេឌាន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​គេឌាន និង​ក្រុម​គ្រួសារ​របស់​លោក។

ចែក​រំលែក
អាន ចៅហ្វាយ 8

ចៅហ្វាយ 8:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​អេប្រា‌អិម​ស្តី​លោក​ថា អ្នក​បាន​ធ្វើ​អ្វី​នឹង​យើង​ដូច្នេះ គឺ​ដែល​អ្នក​បាន​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ឥត​ហៅ​យើង​ផង​នេះ គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង តែ​លោក​ឆ្លើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន ការ​បេះ​សន្សំ​ពេល​ក្រោយ​របស់​ពួក​អេប្រា‌អិម តើ​មិន​មែន​វិសេស​ជាង​ការ​បេះ​ជា​ដំបូង​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ​អី គឺ​ព្រះ​បាន​ប្រគល់​អូរិប នឹង​សៀប ជា​មេ​លើ​សាសន៍​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​តើ​ខ្ញុំ​បាន​អាច​នឹង​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​នោះ កាល​លោក​បាន​និយាយ​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​គេ​ក៏​អន់​ខឹង។ គេឌាន នឹង​ពួក​៣០០​នាក់​ដែល​នៅ​ជា​មួយ ក៏​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយ‌ហត់ តែ​ចេះ​តែ​ខំ​ដេញ​តាម​គេ​ទៅ លោក​សូម​ដល់​ពួក​អ្នក​នៅ​សិកូត​ថា សូម​ចែក​នំបុ័ង​ឲ្យ​ដល់​ពួក​មនុស្ស​ដែល​មក​តាម​ខ្ញុំ​ផង ដ្បិត​គេ​អស់​កំឡាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស នឹង​សាល‌មូន៉ា​ជា​ស្តេច​សាសន៍​ម៉ាឌាន តែ​ពួក​អ្នក​ជា​កំពូល​នៃ​ក្រុង​សិកូត​ឆ្លើយ​ថា តើ​សេបាស នឹង​សាល‌មូន៉ា​បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ដល់​ពួក​ពល​របស់​អ្នក​ដូច្នេះ គេឌាន​ឆ្លើយ​តប​ថា បើ​ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​សេបាស នឹង​សាល‌មូន៉ា​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ​ហើយ នោះ​ខ្ញុំ​នឹង​ខ្វារ​ហែក​សាច់​អ្នក​រាល់​គ្នា ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន ហើយ​នឹង​បន្លា​ស្អិត រួច​លោក​ឡើង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ពេនួល ក៏​សូម​គេ​ដូច​ដែល​ទៀត ឯ​ពួក​អ្នក​នៅ​ពេនួល​នោះ គេ​ឆ្លើយ​ដូច​ជា​ពួក​នៅ​សិកូត​ដែរ លោក​ក៏​ប្រាប់​ដល់​មនុស្ស​នៅ​ពេនួល​ថា កាល​ណា​ខ្ញុំ​បាន​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​រំលំ​ប៉ម​នេះ​ទៅ។ រីឯ​សេបាស នឹង​សាល‌មូន៉ា គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កើរកូរ មាន​ទាំង​កង‌ទ័ព​ប្រហែល​ជា​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ជា​មួយ​ផង គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ពី​ព្រោះ​ទាហាន​របស់​គេ​១​សែន​២​ម៉ឺន​នាក់ ដែល​កាន់​ដាវ​បាន​ដួល​ស្លាប់​អស់​ហើយ ដូច្នេះ​គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល ត្រង់​ស្រុក​ខាង​កើត​ណូបាស នឹង​យ៉ុក‌បិហា ចូល​ទៅ​វាយ​ចំពោះ​ពួក​ទ័ព​នោះ​បាន ដ្បិត​គេ​ស្មាន​ថា​បាន​សុខ‌សាន្ត​ហើយ ឯ​សេបាស នឹង​សាល‌មូន៉ា ក៏​រត់​រួច​ទៅ តែ​លោក​ដេញ​តាម ចាប់​បាន​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​២​អង្គ​នោះ​មក ព្រម​ទាំង​បំបាក់​ទ័ព​គេ​ផង។ រួច​គេឌាន កូន​យ៉ូអាស ក៏​ត្រឡប់​មក​ពី​ចំបាំង​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​ហេរេស លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ពួក​មនុស្ស​នៅ​សិកូត​មក​សួរ ហើយ​ក្មេង​នោះ​ក៏​កត់​ឈ្មោះ​ពួក​អ្នក​ជា​កំពូល នឹង​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត​បាន​ចំនួន​៧៧​នាក់​ជូន​ដល់​លោក លោក​ក៏​មក​ឯ​ពួក​អ្នក​នៅ​សិកូត​ប្រាប់​ថា មើល នេះ​ហើយ​ជា​សេបាស នឹង​សាល‌មូន៉ា ដែល​ឯង​រាល់​គ្នា​បាន​មើល‌ងាយ​ដល់​អញ​ថា តើ​សេបាស នឹង​សាល‌មូន៉ា បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ដល់​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ លោក​ក៏​ចាប់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត នឹង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ​មក​វាយ‌ផ្ចាល ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន នឹង​បន្លា​ស្អិត ហើយ​ក៏​រំលំ​ប៉ម​នៅ​ពេនួល ព្រម​ទាំង​សំឡាប់​មនុស្ស​នៅ​ក្រុង​នោះ​ផង។ លំដាប់​នោះ លោក​សួរ​សេបាស នឹង​សាល‌មូន៉ា​ថា ពួក​មនុស្ស​ដែល​ឯង​បាន​សំឡាប់​នៅ​តាបោរ​នោះ តើ​ជា​យ៉ាង​ណា គេ​ឆ្លើយ​ឡើង​ថា អ្នក​ទាំង​នោះ​ប្រហែល​ដូច​ជា​លោក​ដែរ គ្រប់​គ្នា​មាន​លំនាំ​ឫកពារ​ដូច​ជា​កូន​ស្តេច លោក​ក៏​តប​ថា នោះ​គឺ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​អញ​ហើយ ដូច្នេះ​អញ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា បើ​សិន​ជា​ឯង​បាន​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ នោះ​អញ​មិន​សំឡាប់​ឯង​ទេ ដូច្នេះ​លោក​បង្គាប់​ដល់​យេធើ ជា​កូន​ច្បង​ខ្លួន​ថា ចូរ​ក្រោក​ឡើង សំឡាប់​គេ​ចោល​ទៅ តែ​ក្មេង​ជំទង់​នោះ​ខ្លាច​មិន​ហ៊ាន​ហូត​ដាវ​ទេ គឺ​ព្រោះ​វា​នៅ​ក្មេង​ពេក ដូច្នេះ​សេបាស នឹង​សាល‌មូន៉ា និយាយ​ឡើង​ថា ចូរ​អ្នក​ក្រោក​ឡើង សំឡាប់​យើង​ដោយ​ខ្លួន​អ្នក​វិញ ដ្បិត​បើ​មនុស្ស​ជា​យ៉ាង​ណា នោះ​កំឡាំង​ក៏​យ៉ាង​នោះ​ដែរ នោះ​គេឌាន​ក៏​ក្រោក​ឡើង​ទៅ​សំឡាប់​សេបាស នឹង​សាល‌មូន៉ា​ចោល​ទៅ ព្រម​ទាំង​ដោះ​យក​ប្រដាប់​លំអ​ពី​ក​នៃ​សត្វ​អូដ្ឋ​របស់​គេ​ផង។ ឯ​ពួក​សាសន៍​អ៊ីស្រាអែល គេ​សូម​ដល់​គេឌាន​ថា សូម​ឲ្យ​លោក​គ្រង​រាជ្យ​លើ​យើង​រាល់​គ្នា​ត​ទៅ ដរាប​ដល់​កូន​ចៅ​លោក​ផង ដ្បិត​លោក​បាន​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ តែ​គេឌាន​ឆ្លើយ​ទៅ​គេ​ថា ឯ​អញ នឹង​កូន​ចៅ​អញ មិន​ត្រូវ​គ្រង​រាជ្យ​លើ​ឯង​រាល់​គ្នា​ទេ គឺ​ជា​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា​វិញ រួច​លោក​ថា អញ​សូម​ដល់​ឯង​រាល់​គ្នា​តែ​ប៉ុណ្ណេះ គឺ​សូម​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ក្រវិល​ដែល​ចាប់​បាន​ជា​របឹប​នោះ​មក​អញ (ពួក​ខ្មាំង​នោះ​សុទ្ធ​តែ​មាន​ក្រវិល​មាស ដ្បិត​ជា​ពួក​កូន​ចៅ​អ៊ីស‌ម៉ាអែល) គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​នឹង​ជូន​ដល់​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត រួច​គេ​ត្រដាង​អាវ ហើយ​គ្រប់​គ្នា​ក៏​បោះ​ក្រវិល​ជា​របឹប​ដែល​ខ្លួន​ចាប់​បាន ឯ​ក្រវិល​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​សូម​បាន នោះ​មាន​ទំងន់​ជា​មាស​១​ពាន់​៧​រយ​ដំឡឹង ឥត​រាប់​បន្តោក នឹង​អាយ៉ា‌ដក់ ហើយ​នឹង​សំលៀក‌បំពាក់​ពណ៌​ស្វាយ ដែល​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ស្លៀក‌ពាក់ នឹង​ខ្សែ​នៅ​ក​របស់​សត្វ​អូដ្ឋ​នោះ​ទេ ដូច្នេះ​គេឌាន​ក៏​យក​ទៅ​ធ្វើ​ជា​អេផូឌ​១​ដាក់​នៅ​ក្នុង​ទី​ក្រុង​ខ្លួន គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ទៅ​ទី​នោះ ដើម្បី​នឹង​ផិត​តាម របស់​នោះ​ក៏​ត្រឡប់​ជា​អន្ទាក់ ដល់​គេឌាន នឹង​ពួក​គ្រួ​របស់​លោក

ចែក​រំលែក
អាន ចៅហ្វាយ 8