ចៅហ្វាយ 8:1-21
ចៅហ្វាយ 8:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកអេប្រាអិមបន្ទោសគេឌានថា៖ «តើលោកបានប្រព្រឹត្តអ្វីចំពោះយើងដូច្នេះ? ពេលលោកចេញទៅច្បាំងនឹងសាសន៍ម៉ាឌាន ហេតុអ្វីបានជាមិនហៅយើងទៅផង?» គេក៏បន្ទោសលោកជាខ្លាំង។ លោកមានប្រសាសន៍ទៅគេថា៖ «តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន? តើការសន្សែសន្សំផ្លែទំពាំងបាយជូររបស់ពួកអេប្រាអិម មិនមែនវិសេសជាងការបេះផ្លែទំពាំងបាយជូររបស់ពួកអ័បៀស៊ើរទេឬ? ព្រះបានប្រគល់អូរិប និងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។ តើខ្ញុំបានធ្វើអ្វីដែលប្រៀបផ្ទឹមនឹងអ្នករាល់គ្នាបាន?» កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ កំហឹងរបស់គេចំពោះលោកក៏ស្ងប់។ គេឌាន និងពួកបីរយនាក់ដែលនៅជាមួយ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែគេនៅតែដេញតាមសត្រូវ។ លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។ ប៉ុន្ដែ ពួកមេដឹកនាំក្រុងស៊ូកូថឆ្លើយថា៖ «តើសេបាស និងសាលមូណាបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពលទ័ពរបស់អ្នកដូច្នេះ?» គេឌានឆ្លើយតបថា៖ «បើដូច្នេះ កាលណាព្រះយេហូវ៉ាបានប្រគល់សេបាស និងសាលមូណាមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន និងបន្លាស្អិតមិនខាន»។ លោកចេញពីទីនោះឡើងទៅក្រុងពេនួល ហើយមានប្រសាសន៍ទៅគេដូចគ្នា តែពួកអ្នកក្រុងពេនួលបានឆ្លើយមកលោកវិញ ដូចពួកអ្នកក្រុងស៊ូកូថដែរ។ លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំបានមកវិញដោយសុខសាន្ត ខ្ញុំនឹងរំលំប៉មនេះចោល»។ រីឯសេបាស និងសាលមូណា ស្ថិតនៅក្នុងក្រុងកើរកូរជាមួយកងទ័ពរបស់គេ ប្រមាណជាមួយម៉ឺនប្រាំពាន់នាក់ គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់មនុស្សពីស្រុកខាងកើត ព្រោះទាហានរបស់គេមួយសែនពីរម៉ឺននាក់ដែលកាន់ដាវ បានដួលស្លាប់អស់ហើយ។ ដូច្នេះ គេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល នៅខាងកើតណូបាស និងយ៉ុកបិហា ចូលទៅប្រយុទ្ធនឹងកងទ័ពសត្រូវ ដ្បិតគេស្មានថាខ្លួនបានសុខសាន្តហើយ។ ឯសេបាស និងសាលមូណាបានរត់គេច តែគេឌានដេញតាម ហើយចាប់បានស្តេចសាសន៍ម៉ាឌានទាំងពីរ គឺសេបាស និងសាលមូណា ព្រមទាំងវាយបំបាក់ទ័ពគេទាំងមូលទៀតផង។ បន្ទាប់មក គេឌានកូនយ៉ូអាស ក៏វិលត្រឡប់ពីសមរភូមិ តាមផ្លូវដែលឡើងទៅឯភ្នំហេរេស។ លោកចាប់ក្មេងជំទង់ម្នាក់ពីក្រុងស៊ូកូថមកសួរចម្លើយ ហើយក្មេងនោះក៏សរសេរឈ្មោះពួកមេដឹកនាំ និងពួកចាស់ទុំនៅក្រុងស៊ូកូថ បានចំនួនចិតសិបប្រាំពីរនាក់ ជូនដល់លោក។ លោកក៏មកឯពួកអ្នកក្រុងស៊ូកូថប្រាប់ថា៖ «មើល៍ នេះនែ៎សេបាស និងសាលមូណា ដែលអ្នករាល់គ្នាបាននិយាយមើលងាយខ្ញុំថា "តើសេបាស និងសាលមូណា បានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ?"»។ លោកក៏ចាប់ពួកចាស់ទុំនៅក្រុងនោះ ហើយយកបន្លាពីទីរហោស្ថាន និងបន្លាស្អិត មកវាយព្រមានពួកអ្នកក្រុងសិកូត ទុកជាមេរៀន។ លោកបានរំលំប៉មក្រុងពេនួល ហើយសម្លាប់ពួកអ្នកក្រុងនោះទៀតផង។ បន្ទាប់មក គេឌានសួរសេបាស និងសាលមូណាថា៖ «តើមនុស្សដែលអ្នកបានសម្លាប់នៅតាបោរនោះ មានភិនភាគដូចម្ដេច?» គេឆ្លើយឡើងថា៖ «អ្នកទាំងនោះមានភិនភាគដូចជាលោកដែរ គេម្នាក់ៗមានសណ្ឋានដូចកូនស្តេច»។ លោកឆ្លើយតបថា៖ «គេជាបងប្អូនពោះមួយនឹងខ្ញុំ ដូច្នេះ ខ្ញុំស្បថចំពោះព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ប្រសិនបើអ្នកទុកជីវិតឲ្យគេរស់នៅ ខ្ញុំនឹងមិនសម្លាប់អ្នកទេ»។ ដូច្នេះ លោកបង្គាប់ទៅយេធើជាកូនច្បងរបស់លោកថា៖ «ចូរក្រោកឡើង សម្លាប់គេចោលទៅ!» ប៉ុន្ដែ ក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ ព្រោះគាត់នៅក្មេង។ ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។
ចៅហ្វាយ 8:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្ដីបន្ទោសលោកយ៉ាងខ្លាំង។ លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជម្នះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្ដី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត? ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្ដាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។ លោកគេឌាន និងទ័ពទាំងបីរយនាក់ បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្ដី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ ពេលពួកគេទៅដល់ក្រុងសិកូត លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងនោះថា៖ «សូមចែកនំប៉័ងឲ្យទ័ពដែលមកតាមខ្ញុំនេះផង ព្រោះគេហត់នឿយខ្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាល់មូណា ស្ដេចសាសន៍ម៉ាឌាន»។ ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកលោកវិញថា៖ «តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។ លោកគេឌានតបទៅគេវិញថា៖ «កាលណាព្រះអម្ចាស់ប្រគល់ស្ដេចសេបាស និងស្ដេចសាល់មូណា មកក្នុងកណ្ដាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។ លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។ លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញ ដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។ រីឯស្ដេចសេបាស និងស្ដេចសាល់មូណា បានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។ លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពនេចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។ ស្ដេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្ដេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្ដេចឲ្យបាក់ទ័ពផង។ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ ពេលនោះ លោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកដែលអស់កម្លាំងបរិភោគ?”»។ លោកចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិត មកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។ លោកបានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។ បន្ទាប់មក លោកគេឌានសួរទៅស្ដេចសេបាស និងស្ដេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្ដេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្ដេច»។ លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។ បន្ទាប់មក លោកបង្គាប់ទៅយេធើរ ជាកូនច្បងរបស់លោកថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាច ដោយខ្លួននៅក្មេងពេក។ ស្ដេចសេបាស និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។
ចៅហ្វាយ 8:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកអេប្រាអិមស្តីលោកថា អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ គេក៏បន្ទោសលោកជាខ្លាំង តែលោកឆ្លើយថា តើខ្ញុំបានធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នាបាន ការបេះសន្សំពេលក្រោយរបស់ពួកអេប្រាអិម តើមិនមែនវិសេសជាងការបេះជាដំបូងរបស់ពួកអ័បៀស៊ើរទេឬអី គឺព្រះបានប្រគល់អូរិប នឹងសៀប ជាមេលើសាសន៍ម៉ាឌាន មកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដូច្នេះតើខ្ញុំបានអាចនឹងធ្វើអ្វីដែលល្មមប្រៀបផ្ទឹមនឹងការរបស់អ្នករាល់គ្នានោះ កាលលោកបាននិយាយពាក្យទាំងនេះរួចហើយ នោះគេក៏អន់ខឹង។ គេឌាន នឹងពួក៣០០នាក់ដែលនៅជាមួយ ក៏មកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅទាំងនឿយហត់ តែចេះតែខំដេញតាមគេទៅ លោកសូមដល់ពួកអ្នកនៅសិកូតថា សូមចែកនំបុ័ងឲ្យដល់ពួកមនុស្សដែលមកតាមខ្ញុំផង ដ្បិតគេអស់កំឡាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស នឹងសាលមូន៉ាជាស្តេចសាសន៍ម៉ាឌាន តែពួកអ្នកជាកំពូលនៃក្រុងសិកូតឆ្លើយថា តើសេបាស នឹងសាលមូន៉ាបានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងដល់ពួកពលរបស់អ្នកដូច្នេះ គេឌានឆ្លើយតបថា បើដូច្នេះកាលណាព្រះយេហូវ៉ាបានប្រគល់សេបាស នឹងសាលមូន៉ាមកក្នុងកណ្តាប់ដៃខ្ញុំហើយ នោះខ្ញុំនឹងខ្វារហែកសាច់អ្នករាល់គ្នា ដោយបន្លាពីទីរហោស្ថាន ហើយនឹងបន្លាស្អិត រួចលោកឡើងចេញពីទីនោះ ទៅដល់ពេនួល ក៏សូមគេដូចដែលទៀត ឯពួកអ្នកនៅពេនួលនោះ គេឆ្លើយដូចជាពួកនៅសិកូតដែរ លោកក៏ប្រាប់ដល់មនុស្សនៅពេនួលថា កាលណាខ្ញុំបានមកវិញដោយសុខសាន្ត នោះខ្ញុំនឹងរំលំប៉មនេះទៅ។ រីឯសេបាស នឹងសាលមូន៉ា គេបានចូលទៅក្នុងក្រុងកើរកូរ មានទាំងកងទ័ពប្រហែលជា១ម៉ឺន៥ពាន់នាក់នៅជាមួយផង គឺអស់អ្នកទាំងប៉ុន្មានដែលសល់ពីកងទ័ពរបស់ពួកមនុស្សនៅស្រុកខាងកើត ពីព្រោះទាហានរបស់គេ១សែន២ម៉ឺននាក់ ដែលកាន់ដាវបានដួលស្លាប់អស់ហើយ ដូច្នេះគេឌានក៏ឡើងតាមផ្លូវរបស់ពួកអ្នកដែលនៅក្នុងត្រសាល ត្រង់ស្រុកខាងកើតណូបាស នឹងយ៉ុកបិហា ចូលទៅវាយចំពោះពួកទ័ពនោះបាន ដ្បិតគេស្មានថាបានសុខសាន្តហើយ ឯសេបាស នឹងសាលមូន៉ា ក៏រត់រួចទៅ តែលោកដេញតាម ចាប់បានស្តេចសាសន៍ម៉ាឌានទាំង២អង្គនោះមក ព្រមទាំងបំបាក់ទ័ពគេផង។ រួចគេឌាន កូនយ៉ូអាស ក៏ត្រឡប់មកពីចំបាំងតាមផ្លូវដែលឡើងទៅឯភ្នំហេរេស លោកចាប់ក្មេងជំទង់ម្នាក់ក្នុងពួកមនុស្សនៅសិកូតមកសួរ ហើយក្មេងនោះក៏កត់ឈ្មោះពួកអ្នកជាកំពូល នឹងពួកចាស់ទុំនៃក្រុងសិកូតបានចំនួន៧៧នាក់ជូនដល់លោក លោកក៏មកឯពួកអ្នកនៅសិកូតប្រាប់ថា មើល នេះហើយជាសេបាស នឹងសាលមូន៉ា ដែលឯងរាល់គ្នាបានមើលងាយដល់អញថា តើសេបាស នឹងសាលមូន៉ា បានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យដល់ពួកពលរបស់អ្នក ដែលនឿយហត់ដូច្នេះ លោកក៏ចាប់ពួកចាស់ទុំនៃក្រុងសិកូត នឹងមនុស្សទាំងប៉ុន្មាននៅក្រុងនោះមកវាយផ្ចាល ដោយបន្លាពីទីរហោស្ថាន នឹងបន្លាស្អិត ហើយក៏រំលំប៉មនៅពេនួល ព្រមទាំងសំឡាប់មនុស្សនៅក្រុងនោះផង។ លំដាប់នោះ លោកសួរសេបាស នឹងសាលមូន៉ាថា ពួកមនុស្សដែលឯងបានសំឡាប់នៅតាបោរនោះ តើជាយ៉ាងណា គេឆ្លើយឡើងថា អ្នកទាំងនោះប្រហែលដូចជាលោកដែរ គ្រប់គ្នាមានលំនាំឫកពារដូចជាកូនស្តេច លោកក៏តបថា នោះគឺជាបងប្អូនពោះមួយនឹងអញហើយ ដូច្នេះអញស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា បើសិនជាឯងបានទុកជីវិតឲ្យគេរស់នៅ នោះអញមិនសំឡាប់ឯងទេ ដូច្នេះលោកបង្គាប់ដល់យេធើ ជាកូនច្បងខ្លួនថា ចូរក្រោកឡើង សំឡាប់គេចោលទៅ តែក្មេងជំទង់នោះខ្លាចមិនហ៊ានហូតដាវទេ គឺព្រោះវានៅក្មេងពេក ដូច្នេះសេបាស នឹងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើង សំឡាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកំឡាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសំឡាប់សេបាស នឹងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។