ចៅហ្វាយ 7:9-24
ចៅហ្វាយ 7:9-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្ដែ បើអ្នកខ្លាចមិនហ៊ានចុះទៅ ចូរនាំពូរ៉ាជាអ្នកបម្រើរបស់អ្នក ចុះទៅជាមួយផងទៅ។ អ្នកនឹងឮសេចក្ដីដែលគេនិយាយ ហើយក្រោយនោះ អ្នកនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងជំរំរបស់គេបាន»។ ដូច្នេះ លោកក៏ចុះទៅជាមួយពូរ៉ា ជាអ្នកបម្រើរបស់លោក ទៅដល់ខ្សែត្រៀមជួរមុខរបស់ទាហានដែលនៅក្នុងជំរំទ័ព។ ពួកម៉ាឌាន និងពួកអាម៉ាឡេក ព្រមទាំងប្រជាជនទាំងប៉ុន្មានពីស្រុកខាងកើត គេនៅតាមច្រកភ្នំ មានគ្នាច្រើនដូចកណ្តូប ហើយសត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា គឺច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។ កាលគេឌានបានទៅដល់ នោះមានបុរសម្នាក់កំពុងតែនិយាយអំពីយល់សប្តិ ប្រាប់គូកនរបស់ខ្លួនថា៖ «មើល៍ អញយល់សប្តិឃើញនំបុ័ងម្សៅឱកមួយដុំ រមៀលចុះមកក្នុងជំរំទ័ពរបស់ពួកម៉ាឌានយើងនេះ ហើយមកទង្គិចនឹងត្រសាល ធ្វើឲ្យរលំផ្ងារឡើង រាបទៅនឹងដី»។ គូកនរបស់គាត់ឆ្លើយថា៖ «នេះគ្មានអ្វីក្រៅពីដាវរបស់គេឌាន ជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ កាលគេឌានបានឮគេនិយាយអំពីយល់សប្តិ និងការបកស្រាយអំពីយល់សប្ដិនោះ លោកក៏ក្រាបថ្វាយបង្គំព្រះ រួចវិលត្រឡប់មកជំរំទ័ពរបស់ពួកអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរមើលមកខ្ញុំ ហើយធ្វើដូចខ្ញុំ។ ពេលខ្ញុំទៅដល់ជាយជំរំទ័ពរបស់គេ ត្រូវធ្វើដូចខ្ញុំ។ ពេលណាខ្ញុំ និងអស់អ្នកនៅជាមួយខ្ញុំផ្លុំត្រែឡើង នោះអ្នករាល់គ្នាត្រូវផ្លុំត្រែឡើង ព័ទ្ធជុំវិញជំរំទ័ពនោះទាំងមូលដែរ ហើយត្រូវស្រែកថា "នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន"»។ ដូច្នេះ គេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយ ក៏ចូលទៅជាយជំរំទ័ពរបស់គេ នៅវេលាចាប់ផ្ដើមយាមកណ្ដាល កាលគេទើបនឹងផ្លាស់យាម។ គេក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ។ ពេលនោះ ពួកទាំងបីបានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង កាន់ត្រែសម្រាប់ផ្លុំនៅដៃស្តាំ ហើយស្រែកឡើងថា៖ «នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន!» គ្រប់គ្នាឈរតាមកន្លែងរៀងៗខ្លួននៅព័ទ្ធជុំវិញជំរំទ័ព ឯទ័ពសត្រូវទាំងប៉ុន្មានក៏រត់ ទាំងស្រែកឡើង ហើយខំឲ្យរួចខ្លួន។ កាលគេផ្លុំត្រែទាំងបីរយឡើង ព្រះយេហូវ៉ាបណ្ដាលឲ្យគេកាប់សម្លាប់គ្នាឯង ពេញក្នុងកងទ័ពទាំងមូល ហើយទ័ពរបស់គេក៏រត់រហូតដល់បេត-ស៊ីតា ឆ្ពោះទៅសេរេរ៉ា ហើយរហូតដល់ព្រំប្រទល់អេបិល-មហូឡា ជិតតាបាត។ ពួកអ៊ីស្រាអែលបានប្រមូលគ្នាពីខេត្តណែបថាលី ខេត្តអេស៊ើរ និងស្រុកម៉ាណាសេទាំងមូល មកដេញតាមពួកម៉ាឌាន។ ពេលនោះ គេឌានចាត់អ្នកនាំសារ ឲ្យទៅពាសពេញស្រុកភ្នំអេប្រាអិម ប្រាប់ថា៖ «ចូរនាំគ្នាចុះមកច្បាំងនឹងសាសន៍ម៉ាឌាន ហើយចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផង»។ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏នាំគ្នាចេញមក ហើយគេចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផងដែរ។
ចៅហ្វាយ 7:9-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប្រសិនបើអ្នកខ្លាច មិនហ៊ានចុះទៅវាយខ្មាំងទេនោះ ចូរនាំពួរ៉ា ជាបាវបម្រើរបស់អ្នក ចុះទៅមើលជាមុនសិន។ អ្នកនឹងឮសេចក្ដីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ លោកក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់លោក រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។ ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេក៏មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពេលលោកគេឌានទៅដល់ លោកឮបុរសម្នាក់និយាយប្រាប់មិត្តភក្ដិអំពីសុបិនរបស់ខ្លួនដូចតទៅ៖ «គ្នាបានយល់សប្ដិឃើញនំប៉័ងមួយរមៀលចុះ រមៀលឡើង នៅក្នុងទីតាំងទ័ពរបស់យើង នំប៉័ងរមៀលទៅបុកនឹងតង់ត៍ធ្វើឲ្យតង់ត៍នោះរលំ»។ មិត្តភក្ដិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រាអែលឡើយ។ ព្រះជាម្ចាស់បានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ លោកក៏ក្រាបថ្វាយបង្គំព្រះជាម្ចាស់។ បន្ទាប់មក លោកវិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរនាំគ្នាក្រោកឡើង ព្រះអម្ចាស់ប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម លោកក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។ បន្ទាប់មក លោកបញ្ជាទៅពួកគេថា៖ «ចូរមើលមកខ្ញុំ បើខ្ញុំធ្វើអ្វី ត្រូវនាំគ្នាធ្វើតាម ពេលខ្ញុំទៅដល់ក្បែរទីតាំងទ័ពរបស់គេ បើខ្ញុំធ្វើអ្វី នាំគ្នាធ្វើតាមទៅ។ កាលណាខ្ញុំ និងពួកដែលនៅជាមួយខ្ញុំផ្លុំស្នែង អ្នករាល់គ្នាដែលនៅជុំវិញទីតាំងទ័ពត្រូវផ្លុំស្នែងដែរ ហើយស្រែកឡើងថា “ជយោព្រះអម្ចាស់! ជយោលោកគេឌាន!”»។ លុះជិតពាក់កណ្ដាលអធ្រាត្រ ពេលគេទើបនឹងប្ដូរអ្នកយាម លោកគេឌាន និងទាហានមួយរយនាក់ដែលនៅជាមួយលោក មកដល់ជិតទីតាំងទ័ពរបស់ជនជាតិម៉ាឌាន ហើយនាំគ្នាផ្លុំស្នែងឡើង ព្រមទាំងបំបែកក្អមដែលគេកាន់មកជាមួយនោះ។ ទ័ពទាំងបីក្រុមផ្លុំស្នែង និងបំបែកក្អមព្រមគ្នា ពួកគេកាន់ចន្លុះនៅដៃឆ្វេង ហើយកាន់ស្នែងសម្រាប់ផ្លុំនៅដៃស្ដាំ ទាំងស្រែកថា៖ «យើងវាយយកជ័យថ្វាយព្រះអម្ចាស់ និងយកជ័យជូនលោកគេឌាន!»។ ពួកគេឈរនៅកន្លែងរៀងៗខ្លួនព័ទ្ធជុំវិញទីតាំងទ័ព។ រីឯខ្មាំងសត្រូវទាំងអស់ ដែលនៅក្នុងទីតាំងទ័ព នាំគ្នារត់ និងស្រែក ហើយបាក់ទ័ព។ នៅពេលទ័ពទាំងបីរយនាក់ផ្លុំស្នែង ព្រះអម្ចាស់បានធ្វើឲ្យជនជាតិម៉ាឌានកាប់សម្លាប់គ្នាឯង ហើយរត់គេចខ្លួនរហូតដល់បេតស៊ីតា តាមផ្លូវទៅសេរេរ៉ា ហើយរហូតដល់មាត់ស្ទឹង នៅភូមិអេបិល-មហូឡា ដែលនៅទល់មុខនឹងភូមិតាបាត់។ ជនជាតិអ៊ីស្រាអែលនៃកុលសម្ព័ន្ធណែបថាលី កុលសម្ព័ន្ធអេស៊ើរ និងកុលសម្ព័ន្ធម៉ាណាសេទាំងមូលប្រមូលគ្នាមក ហើយដេញតាមជនជាតិម៉ាឌាន។ លោកគេឌានចាត់អ្នកនាំសារឲ្យទៅប្រកាសប្រាប់ ក្នុងតំបន់ភ្នំអេប្រាអ៊ីមទាំងមូលថា៖ «ចូរនាំគ្នាចុះមក ហើយស្ទាក់ផ្លូវពួកម៉ាឌាន ដោយកាន់កាប់ប្រភពទឹកទាំងប៉ុន្មានរហូតដល់បេតបារ៉ា និងទន្លេយ័រដាន់»។ កុលសម្ព័ន្ធអេប្រាអ៊ីមទាំងមូលនាំគ្នាទៅកាន់កាប់ប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេតបារ៉ា និងទន្លេយ័រដាន់។
ចៅហ្វាយ 7:9-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកំឡាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះលោក នឹងពូរ៉ា ជាអ្នកបំរើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ រីឯពួកម៉ាឌាន នឹងពួកអាម៉ាលេក ហើយនឹងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើល អញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ពនៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី គូកនគេក៏ឆ្លើយឡើងថា នោះមិនគឺជាអ្វីទេ គឺជាដាវរបស់គេឌានជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពយើងទាំងអស់ទៅក្នុងកណ្តាប់ដៃគេហើយ។ នោះក៏កើតដូច្នោះមែន កាលគេឌានបានឮរឿងនៃសប្តិនោះ នឹងសេចក្ដីសំរាយដូច្នេះ នោះលោកក៏ក្រាបថ្វាយបង្គំ រួចត្រឡប់មកឯទីបោះទ័ពខាងពួកអ៊ីស្រាអែលប្រាប់ថា ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌានមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ លោកក៏ចែកពួក៣០០នាក់ចេញជា៣ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមមានចន្លុះនៅខាងក្នុងផង រួចបង្គាប់ថា ចូរមើលមកអញ ហើយធ្វើតាមអញចុះ គឺកាលណាអញទៅដល់ទីបោះទ័ព ដែលនៅខាងក្រៅបំផុត នោះត្រូវឲ្យឯងធ្វើដូចជាអញ គឺកាលណាអញផ្លុំត្រែឡើង ព្រមទាំងពួកអ្នកនៅជាមួយនឹងអញ នោះត្រូវឲ្យឯងរាល់គ្នាផ្លុំត្រែឡើង នៅព័ទ្ធជុំវិញទីបោះទ័ពដែរ ហើយបញ្ចេញវាចាថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ។ ដូច្នេះគេឌាន នឹងពួក១០០នាក់ដែលនៅជាមួយ ក៏មកដល់ទីបោះទ័ពខាងក្រៅបំផុត នៅវេលាចូលយាមជាកណ្តាល កាលគេទើបនឹងផ្លាស់យាម នោះក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ ពួកទាំង៣បានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង ហើយត្រែនៅដៃស្តាំសំរាប់នឹងផ្លុំ ក៏ស្រែកឡើងថា នេះហើយជាដាវផងព្រះយេហូវ៉ា ហើយរបស់ផងគេឌានដែរ គេក៏ឈរនឹងនៅត្រង់កន្លែងគេរៀងខ្លួន នៅព័ទ្ធជុំវិញទីបោះទ័ព ឯពួកកងទ័ពនោះក៏តាំងរត់ ទាំងស្រែកឡើង ហើយខំឲ្យរួចផង នោះពួក៣០០នាក់ក៏ផ្លុំត្រែឡើង ហើយព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យគេកាប់សំឡាប់គ្នាឯងទៅវិញទៅមក នៅពេញក្នុងកំឡុងកងទ័ពរបស់គេ ពួកទ័ពគេក៏រត់រហូតដល់បេត-ស៊ីតា ខាងសេរេរ៉ា ហើយរហូតដល់ព្រំអេបិល-មហូឡា ជិតតាបាត នោះពួកអ៊ីស្រាអែលគេប្រមូលគ្នាពីខែត្រណែបថាលី ខែត្រអេស៊ើរ នឹងស្រុកម៉ាន៉ាសេទាំងមូល មកដេញតាមពួកម៉ាឌាន។ ឯគេឌានក៏ចាត់មនុស្សឲ្យទៅពេញក្នុងស្រុកភ្នំអេប្រាអិម ប្រាប់ថា ចូរនាំគ្នាចុះមក ចាំស្កាត់ផ្លូវសាសន៍ម៉ាឌាន ត្រង់អស់ទាំងទីឆ្លងទន្លេយ័រដាន់ រហូតដល់បេត-បារ៉ាទៅ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏មូលគ្នាទៅចាំស្កាត់ត្រង់ផ្លូវទឹកទាំងអស់ តាមទន្លេយ័រដាន់រហូតដល់បេត-បារ៉ា