ចៅហ្វាយ 7:9-12
ចៅហ្វាយ 7:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្ដែ បើអ្នកខ្លាចមិនហ៊ានចុះទៅ ចូរនាំពូរ៉ាជាអ្នកបម្រើរបស់អ្នក ចុះទៅជាមួយផងទៅ។ អ្នកនឹងឮសេចក្ដីដែលគេនិយាយ ហើយក្រោយនោះ អ្នកនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងជំរំរបស់គេបាន»។ ដូច្នេះ លោកក៏ចុះទៅជាមួយពូរ៉ា ជាអ្នកបម្រើរបស់លោក ទៅដល់ខ្សែត្រៀមជួរមុខរបស់ទាហានដែលនៅក្នុងជំរំទ័ព។ ពួកម៉ាឌាន និងពួកអាម៉ាឡេក ព្រមទាំងប្រជាជនទាំងប៉ុន្មានពីស្រុកខាងកើត គេនៅតាមច្រកភ្នំ មានគ្នាច្រើនដូចកណ្តូប ហើយសត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា គឺច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។
ចៅហ្វាយ 7:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប្រសិនបើអ្នកខ្លាច មិនហ៊ានចុះទៅវាយខ្មាំងទេនោះ ចូរនាំពួរ៉ា ជាបាវបម្រើរបស់អ្នក ចុះទៅមើលជាមុនសិន។ អ្នកនឹងឮសេចក្ដីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ លោកក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់លោក រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។ ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេក៏មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
ចៅហ្វាយ 7:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកំឡាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះលោក នឹងពូរ៉ា ជាអ្នកបំរើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ រីឯពួកម៉ាឌាន នឹងពួកអាម៉ាលេក ហើយនឹងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ