ចៅហ្វាយ 7:7-9
ចៅហ្វាយ 7:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់គេឌានថា៖ «យើងនឹងសង្គ្រោះអ្នករាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត ត្រូវឲ្យគេត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនវិញទៅ»។ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅជំរំរបស់គេរៀងខ្លួន ទុកនៅតែពួកបីរយនាក់នោះប៉ុណ្ណោះ។ ដូច្នេះ បណ្ដាជនក៏យកស្បៀងអាហារ និងត្រែរបស់គេកាន់ជាប់នឹងដៃ ឯជំរំរបស់ពួកម៉ាឌានស្ថិតនៅខាងក្រោម គឺនៅច្រកភ្នំ។ នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។
ចៅហ្វាយ 7:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលតាមរយៈមនុស្សបីរយនាក់ដែលក្បង់ទឹកផឹក។ យើងនឹងប្រគល់ជនជាតិម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក។ ចំពោះអ្នកឯទៀតៗ ត្រូវឲ្យគេវិលត្រឡប់ទៅជំរំរបស់ខ្លួនវិញចុះ»។ បន្ទាប់មក លោកគេឌានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅជំរំរៀងៗខ្លួន លោកទុកតែទាហានបីរយនាក់ឲ្យនៅជាមួយ ព្រមទាំងស្បៀងអាហារ និងស្នែងសម្រាប់ផ្លុំ។ រីឯទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងក្រោម គឺនៅវាលទំនាប។ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។
ចៅហ្វាយ 7:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់គេឌានថា អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់ ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត នោះត្រូវឲ្យគេត្រឡប់ទៅឯទីកន្លែងរបស់គេវិញទៅ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារ នឹងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ពនៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។ នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ