ចៅហ្វាយ 7:1-15
ចៅហ្វាយ 7:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យេរូ-បាល (គឺគេឌាន) និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ ឯជំរំទ័ពរបស់ពួកម៉ាឌានស្ថិតនៅខាងជើងពួកគេ ជិតភ្នំម៉ូរេ ត្រង់ច្រកភ្នំ។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយអ្នក មានគ្នាច្រើនពេកណាស់ យើងប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងយើង ដោយពោលថា គេបានសង្គ្រោះដោយសារកម្លាំងដៃរបស់ខ្លួន។ ដូច្នេះ ចូរប្រកាសប្រាប់ដល់ត្រចៀកបណ្ដាជនថា "អ្នកណាភ័យខ្លាច ហើយញាប់ញ័រ ត្រូវឲ្យអ្នកនោះវិលពីភ្នំកាឡាត ត្រឡប់ទៅផ្ទះវិញចុះ"»។ ពេលនោះ មានមនុស្សចំនួនពីរម៉ឺនពីរពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា៖ «មនុស្សនៅតែមានចំនួនច្រើនពេកនៅឡើយ។ ចូរនាំគេចុះទៅឯទឹក យើងនឹងល្បងលគេឲ្យអ្នកនៅទីនោះ អ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះត្រូវទៅជាមួយអ្នក នោះនឹងត្រូវទៅ ឯអ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះមិនត្រូវទៅជាមួយអ្នកទេ នោះមិនត្រូវទៅឡើយ»។ ដូច្នេះ លោកក៏នាំបណ្ដាជនចុះទៅក្នុងទឹក រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់គេឌានថា៖ «អស់អ្នកណាដែលលិឍទឹកនឹងអណ្ដាតដូចឆ្កែ នោះត្រូវញែកដោយឡែក ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវញែកដោយឡែកដែរ»។ ឯមនុស្សដែលលិឍទឹកដោយក្បង់នឹងដៃ មានចំនួនបីរយនាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទឹកទាំងអស់។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់គេឌានថា៖ «យើងនឹងសង្គ្រោះអ្នករាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត ត្រូវឲ្យគេត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនវិញទៅ»។ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅជំរំរបស់គេរៀងខ្លួន ទុកនៅតែពួកបីរយនាក់នោះប៉ុណ្ណោះ។ ដូច្នេះ បណ្ដាជនក៏យកស្បៀងអាហារ និងត្រែរបស់គេកាន់ជាប់នឹងដៃ ឯជំរំរបស់ពួកម៉ាឌានស្ថិតនៅខាងក្រោម គឺនៅច្រកភ្នំ។ នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្ដែ បើអ្នកខ្លាចមិនហ៊ានចុះទៅ ចូរនាំពូរ៉ាជាអ្នកបម្រើរបស់អ្នក ចុះទៅជាមួយផងទៅ។ អ្នកនឹងឮសេចក្ដីដែលគេនិយាយ ហើយក្រោយនោះ អ្នកនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងជំរំរបស់គេបាន»។ ដូច្នេះ លោកក៏ចុះទៅជាមួយពូរ៉ា ជាអ្នកបម្រើរបស់លោក ទៅដល់ខ្សែត្រៀមជួរមុខរបស់ទាហានដែលនៅក្នុងជំរំទ័ព។ ពួកម៉ាឌាន និងពួកអាម៉ាឡេក ព្រមទាំងប្រជាជនទាំងប៉ុន្មានពីស្រុកខាងកើត គេនៅតាមច្រកភ្នំ មានគ្នាច្រើនដូចកណ្តូប ហើយសត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា គឺច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។ កាលគេឌានបានទៅដល់ នោះមានបុរសម្នាក់កំពុងតែនិយាយអំពីយល់សប្តិ ប្រាប់គូកនរបស់ខ្លួនថា៖ «មើល៍ អញយល់សប្តិឃើញនំបុ័ងម្សៅឱកមួយដុំ រមៀលចុះមកក្នុងជំរំទ័ពរបស់ពួកម៉ាឌានយើងនេះ ហើយមកទង្គិចនឹងត្រសាល ធ្វើឲ្យរលំផ្ងារឡើង រាបទៅនឹងដី»។ គូកនរបស់គាត់ឆ្លើយថា៖ «នេះគ្មានអ្វីក្រៅពីដាវរបស់គេឌាន ជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ កាលគេឌានបានឮគេនិយាយអំពីយល់សប្តិ និងការបកស្រាយអំពីយល់សប្ដិនោះ លោកក៏ក្រាបថ្វាយបង្គំព្រះ រួចវិលត្រឡប់មកជំរំទ័ពរបស់ពួកអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
ចៅហ្វាយ 7:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកគេឌាន ហៅយេរូបាល ក្រោកពីព្រលឹម ហើយចេញដំណើរជាមួយកងពលរបស់លោក ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ។ ទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងជើងទីតាំងទ័ពរបស់លោកគេឌាន ត្រង់ជ្រលងភ្នំ ក្បែរភ្នំម៉ូរេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ទ័ពរបស់អ្នកមានចំនួនច្រើនពេក យើងនឹងមិនឲ្យគេមានជ័យជម្នះលើជនជាតិម៉ាឌានទេ ដ្បិតជនជាតិអ៊ីស្រាអែលមុខជាដណ្ដើមយកសិរីរុងរឿងពីយើង ដោយពោលថា គេទទួលបានជ័យជម្នះដោយសារកម្លាំងរបស់ខ្លួន ដូច្នេះ ចូរប្រកាសប្រាប់ពលទ័ពដូចតទៅ: អ្នកណាខ្លាច និងភ័យតក់ស្លុត អ្នកនោះត្រូវចុះពីភ្នំកាឡាដ វិលត្រឡប់ទៅវិញចុះ»។ ពេលនោះ ពលទ័ពពីរម៉ឺនពីរពាន់នាក់នាំគ្នាវិលត្រឡប់ទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកគេឌានទៀតថា៖ «កងទ័ពនៅតែមានចំនួនច្រើននៅឡើយ។ ចូរនាំពួកគេចុះទៅមាត់ស្ទឹង នៅទីនោះ យើងនឹងជ្រើសរើសទ័ពឲ្យអ្នក គឺយើងនឹងប្រាប់ឲ្យអ្នកដឹងថា នរណាត្រូវទៅជាមួយអ្នក ហើយនរណាមិនត្រូវទៅ»។ លោកគេឌានក៏នាំពលទ័ពចុះទៅមាត់ស្ទឹង រួចព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ត្រូវញែកទាហានដែលផឹកទឹកដូចឆ្កែ ចេញពីពួកអ្នកដែលលុតជង្គង់ផឹក»។ ពេលនោះ មានមនុស្សបីរយនាក់បានក្បង់ទឹកផឹក រីឯអ្នកដទៃទៀតគេលុតជង្គង់ផឹក។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «យើងនឹងសង្គ្រោះអ៊ីស្រាអែលតាមរយៈមនុស្សបីរយនាក់ដែលក្បង់ទឹកផឹក។ យើងនឹងប្រគល់ជនជាតិម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក។ ចំពោះអ្នកឯទៀតៗ ត្រូវឲ្យគេវិលត្រឡប់ទៅជំរំរបស់ខ្លួនវិញចុះ»។ បន្ទាប់មក លោកគេឌានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅជំរំរៀងៗខ្លួន លោកទុកតែទាហានបីរយនាក់ឲ្យនៅជាមួយ ព្រមទាំងស្បៀងអាហារ និងស្នែងសម្រាប់ផ្លុំ។ រីឯទីតាំងទ័ពរបស់ជនជាតិម៉ាឌានស្ថិតនៅខាងក្រោម គឺនៅវាលទំនាប។ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយទីតាំងទ័ពរបស់សត្រូវចុះ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប្រសិនបើអ្នកខ្លាច មិនហ៊ានចុះទៅវាយខ្មាំងទេនោះ ចូរនាំពួរ៉ា ជាបាវបម្រើរបស់អ្នក ចុះទៅមើលជាមុនសិន។ អ្នកនឹងឮសេចក្ដីដែលគេនិយាយគ្នា ហើយអ្នកនឹងមានកម្លាំងចិត្តជាមិនខាន។ ដូច្នេះ ចូរទៅទីតាំងទ័ពរបស់ខ្មាំងចុះ»។ លោកក៏ទៅជាមួយពួរ៉ា ជាអ្នកបម្រើរបស់លោក រហូតដល់ខ្សែត្រៀមរបស់ខ្មាំងសត្រូវ។ ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេក៏មានចំនួនច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពេលលោកគេឌានទៅដល់ លោកឮបុរសម្នាក់និយាយប្រាប់មិត្តភក្ដិអំពីសុបិនរបស់ខ្លួនដូចតទៅ៖ «គ្នាបានយល់សប្ដិឃើញនំប៉័ងមួយរមៀលចុះ រមៀលឡើង នៅក្នុងទីតាំងទ័ពរបស់យើង នំប៉័ងរមៀលទៅបុកនឹងតង់ត៍ធ្វើឲ្យតង់ត៍នោះរលំ»។ មិត្តភក្ដិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រាអែលឡើយ។ ព្រះជាម្ចាស់បានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ លោកក៏ក្រាបថ្វាយបង្គំព្រះជាម្ចាស់។ បន្ទាប់មក លោកវិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរនាំគ្នាក្រោកឡើង ព្រះអម្ចាស់ប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។
ចៅហ្វាយ 7:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ យេរូ-បាល គឺជាគេឌាន នឹងពួកមនុស្សទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតក្បាលទឹកហារ៉ុឌ ឯពួកម៉ាឌានបានបោះទ័ពនៅពីខាងជើងគេ ជិតភ្នំម៉ូរេត្រង់វាលច្រកភ្នំនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅគេឌានថា ចំនួនមនុស្សដែលនៅជាមួយនឹងឯងមានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ ដូច្នេះចូរប្រកាសប្រាប់ដល់ត្រចៀកបណ្តាជនថា អ្នកណាដែលមានសេចក្ដីភ័យញ័រ ចូរឲ្យអ្នកនោះវិលពីភ្នំកាឡាតត្រឡប់ទៅវិញចុះ នោះមានមនុស្សចំនួន២ម៉ឺន២ពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែ១ម៉ឺននាក់ប៉ុណ្ណោះ រួចព្រះយេហូវ៉ាមានបន្ទូលទៅគេឌានទៀតថា បណ្តាមនុស្សនៅតែច្រើនពេកនៅឡើយ ដូច្នេះចូរនាំគេចុះទៅឯទឹកទៅ អញនឹងល្បងលគេឲ្យឯង អ្នកណាខ្លះដែលអញប្រាប់ឯងថា នេះត្រូវទៅជាមួយនឹងឯង គឺអ្នកនោះហើយដែលត្រូវទៅ ឯអ្នកណាដែលអញប្រាប់ឯងថា នេះមិនត្រូវទៅជាមួយទេ អ្នកនោះឯងត្រូវនៅវិញ ដូច្នេះលោកក៏នាំគេចុះទៅឯទឹក រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថា បណ្តាអស់អ្នកណាដែលលិទ្ធទឹកនឹងអណ្តាតដូចជាឆ្កែ នោះត្រូវដាក់ទុកនៅដោយខ្លួន ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវដាក់ដោយខ្លួនដែរ ឯពួកមនុស្សដែលលិទ្ធទឹកដោយក្បង់នឹងដៃ នោះមានចំនួនជា៣០០នាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទាំងអស់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់គេឌានថា អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់ ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត នោះត្រូវឲ្យគេត្រឡប់ទៅឯទីកន្លែងរបស់គេវិញទៅ ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅឯទីលំនៅគេរៀងខ្លួន បានទុកនៅតែពួក៣០០នាក់នោះប៉ុណ្ណោះ ពួកនោះគេក៏យកស្បៀងអាហារ នឹងត្រែរបស់គេទៅ ឯពួកម៉ាឌានគេបានបោះទ័ពនៅកន្លែងខាងក្រោមលោក ក្នុងវាលច្រកភ្នំ។ នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ តែបើឯងខ្លាចនឹងទៅ នោះឲ្យនាំពូរ៉ា ជាអ្នកបំរើរបស់ឯង ចុះទៅជាមួយផងចុះ ឯងនឹងបានឮសេចក្ដីដែលគេថា ហើយលំដាប់នោះឯងនឹងមានកំឡាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងគេបាន ដូច្នេះលោក នឹងពូរ៉ា ជាអ្នកបំរើ ក៏ចុះទៅដល់ជិតកន្លែងក្រៅបំផុតនៃពួកពលដែលបោះទ័ពនៅ រីឯពួកម៉ាឌាន នឹងពួកអាម៉ាលេក ហើយនឹងពួកមនុស្សពីស្រុកខាងកើត គេនៅរាយដេរដាសក្នុងវាលច្រកភ្នំ មានគ្នាច្រើនណាស់ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនជាពន្លឹកឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើល អញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ពនៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី គូកនគេក៏ឆ្លើយឡើងថា នោះមិនគឺជាអ្វីទេ គឺជាដាវរបស់គេឌានជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពយើងទាំងអស់ទៅក្នុងកណ្តាប់ដៃគេហើយ។ នោះក៏កើតដូច្នោះមែន កាលគេឌានបានឮរឿងនៃសប្តិនោះ នឹងសេចក្ដីសំរាយដូច្នេះ នោះលោកក៏ក្រាបថ្វាយបង្គំ រួចត្រឡប់មកឯទីបោះទ័ពខាងពួកអ៊ីស្រាអែលប្រាប់ថា ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌានមកក្នុងកណ្តាប់ដៃឯងរាល់គ្នាហើយ