ចៅហ្វាយ 6:36-40
ចៅហ្វាយ 6:36-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ គេឌានទូលដល់ព្រះថា៖ «ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងសង្គ្រោះអ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន មើល៍ ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ។ ប្រសិនបើឃើញមានសន្សើមនៅតែលើរោមចៀម ហើយដីទាំងអស់ស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គនឹងសង្គ្រោះអ៊ីស្រាអែលដោយសារដៃទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ នោះក៏កើតមានដូច្នោះ។ លុះស្អែកឡើង លោកក្រោកពីព្រលឹម ហើយច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញមួយចាន។ ពេលនោះ គេឌានទូលទៅព្រះថា៖ «សូមព្រះអង្គកុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំសូមទូលតែម្តងទៀតប៉ុណ្ណោះ។ សូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាករោមចៀមនេះម្តងទៀត គឺសូមឲ្យស្ងួតតែរោមចៀមប៉ុណ្ណោះ ហើយឲ្យដីទាំងប៉ុន្មានមានទឹកសន្សើមវិញ»។ ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺមានតែរោមចៀមប៉ុណ្ណោះដែលស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើម។
ចៅហ្វាយ 6:36-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកគេឌានទូលព្រះអម្ចាស់ដូចតទៅ៖ «ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូច្នេះ ទូលបង្គំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាសព្វព្រះហឫទ័យសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។ ព្រះអម្ចាស់បានធ្វើឲ្យកើតមានដូច្នោះមែន។ នៅព្រឹកថ្ងៃបន្ទាប់ លោកគេឌានក្រោកឡើង លោកពូតស្បែកចៀមបានទឹកសន្សើមពេញមួយចាន។ លោកគេឌានទូលព្រះជាម្ចាស់ថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំអី។ ទូលបង្គំសូមទូលតែម្ដងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។ យប់នោះ ព្រះជាម្ចាស់បានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។
ចៅហ្វាយ 6:36-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្រេចហើយ គេឌានទូលដល់ព្រះថា បើសិនជាព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំ ដូចជាទ្រង់បានមានបន្ទូលហើយ នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះបើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានបន្ទូលហើយ នោះក៏កើតមានដូច្នោះ លុះថ្ងៃស្អែកឡើង លោកក្រោកពីព្រលឹមទៅច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញ១ចាន រួចគេឌានទូលទៅព្រះថា សូមទ្រង់កុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងទូលតែម្តងណេះទេ គឺសូមឲ្យទូលបង្គំសាកដោយរោមចៀមនេះម្តងទៀត សូមឲ្យតែរោមចៀមនេះបានស្ងួតទៅ ហើយឲ្យដីមានទឹកសន្សើមវិញ ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺរោមចៀមទៅជាស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើមវិញ។